Blog detail

Jul 07, 2022

ស្ត្រីម្នាក់ សល់ជីវិតតែប៉ុន្មានខែ តែត្រូវបានព្យាបាលជាពីជំងឺមហារីក

ស្ត្រីជនជាតិដើមឥណ្ឌាម្នាក់ ឈ្មោះថា Jasmin David អាយុ ៥១ឆ្នាំ រស់នៅក្នុងទីក្រុង Manchester ចក្រភពអង់គ្លេស បានលាប់ជំងឺមហារីកសុដន់ឡើងវិញ ហើយវេជ្ជបណ្ឌិត បានប្រាប់ថា គាត់អាចរស់នៅបានតែប៉ុន្មានខែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺស្ត្រីរូបនេះ បានស្ម័គ្រចិត្តចូលរួមធ្វើការសាកល្បងវិធីព្យាបាលជំងឺមហារីក ហើយក៏ទទួលបានជោគជ័យ។

 

នៅក្នុងឆ្នាំ២០១៧ ស្ត្រីអាយុ ៥១ឆ្នាំរូបនេះ បានកើតមានដុំពកនៅចុងសុដន់ ហើយក្រោយមក ធ្វើរោគវិនិច្ឆ័យឃើញថា វាជាជំងឺមហារីកសុដន់កាចសាហាវ គឺប្រភេទ Triple Negative។ លោកស្រី David ក៏ទទួលការព្យាបាលដោយថ្នាំគីមី រយៈពេល ៦ខែ ព្យាបាលដោយវិទ្យុសកម្មរយៈពេល ១៥ដង និងវះកាត់យកសុដន់ចេញម្ដង។ វិធីទាំងនេះ បានជួយឱ្យ David ជាសះស្បើយពីជំងឺមហារីកសុដន់នេះ។

 

ជាអកុសលរយៈពេល ២ឆ្នាំក្រោយមក ក្នុងខែតុលា ឆ្នាំ២០១៩ ស្ត្រីនោះ ក៏មានរោគសញ្ញាក្អកស្ងួត និងចុកទ្រូង។ តាមរយៈការស្កេនមើល ស្ត្រីនេះ រកឃើញជំងឺមហារីកសុដន់ម្ដងទៀត ហើយវាបានរាលដាលដល់សួត កូនកណ្ដុរ និងឆ្អឹងទ្រូង។ វេជ្ជបណ្ឌិត ក៏បានប្រាប់ថា លទ្ធផលរស់នៅរបស់ David គឺខ្លីណាស់ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ​។

 

២ខែក្រោយមក ស្ត្រីរូបនេះ ត្រូវបានគេណែនាំឱ្យចូលរួមក្នុងការធ្វើតេស្តវិធីព្យាបាល ដោយប្រើថ្នាំសាកល្បងរយៈពេល ២ឆ្នាំ។ ក្នុងនោះ លោកស្រី ត្រូវបានផ្ដល់នូវថ្នាំសាកល្បងមួយ លាយនឹងថ្នាំពង្រឹងភាពស៊ាំ Atezolizumab។ មកដល់ពេលនេះ លោកស្រី David បានជាសះស្បើយ ហើយស្កេនរកមិនឃើញសញ្ញានៃជំងឺមហារីកសុដន់ទៀតនោះទេ៕

ប្រភព៖ BBC II https://www.bbc.com/news & Interesting Engineering II https://interestingengineering.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង