Blog detail

Jun 22, 2022

ស្វែងយល់ពីជំងឺផ្ដាសាយធំលើកុមារ

ក្នុង​កម្មវិធីសន្ទនាអំពីសុខភាពរបស់​ពេទ្យយើង លោក​វេជ្ជបណ្ឌិត ឈួ អ៊ីសេង ឯកទេសរោគកុមារ និងជាស្ថាបនិក នៃមន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង បានលើកបង្ហាញពី​ជំងឺផ្តាសាយធំលើកុមារ។ ផ្តាសាយធំ ជាជំងឺឆ្លង​ធ្ងន់ធ្ងរ​មួយដែរ តាមផ្លូវដង្ហើម ដែលបង្កឡើងដោយមេរោគ Influenza

 

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង លើកឡើងថា ជំងឺផ្ដាសាយធំ ខុសពីជំងឺផ្តាសាយធម្មតា។ ជំងឺផ្តាសាយធម្មតា បង្កឡើងដោយប្រតិកម្ម ឬក៏ការប្រែប្រួល​អាកាស​ធាតុ​ ឬក៏ប្រតិកម្ម​ចំណីអាហារ គេហៅថា អាឡេក​ហ្ស៊ី​។ ជំងឺផ្តាសាយធម្មតា អាចជាទៅវិញ ដោយមិនចាំបាច់ប្រើថ្នាំ​ព្យាបាល។ ប៉ុន្តែជំងឺផ្តាសាយ​ធំ ទាមទារ​ឱ្យ​មានការពិនិត្យ​ព្យាបាល​ពីគ្រូពេទ្យជំនាញ​។

 

​លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្ថែមថា អាការៈ ឬរោគសញ្ញាជំងឺផ្តាសាយធំ និងជំងឺ​ផ្តាសាយធម្មតា មានអាការៈស្រដៀងគ្នាដែរ​។ ប៉ុន្តែ​ផ្តាសាយធម្មតា ពេលខ្លះ គ្រាន់តែក្អក និងហៀរសំបោរ​តិចតួច ហើយក្នុងករណីខ្លះ ក៏អាចមានក្តៅខ្លួនផងដែរ​។ ចំណែក​ផ្តាសាយធំ មានអាការៈក្អក និងហៀរសំបោរដូចគ្នា ហើយពេលខ្លះ ក្តៅខ្លួនខ្លាំង រហូតដល់​បញ្ឈរ​ភ្នែក​ក៏មានដែរ។ ផ្តាសាយធំ ធ្វើឱ្យកុមារ ឈឺកខ្លាំង ហើយពេលខ្លះ ប្តូរសំឡេងង៉ុលៗ ​ជាដើម។​

 

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ជំងឺផ្តាសាយធំ ចម្លងពី​បុគ្គលមួយ ទៅបុគ្គលមួយ តាមផ្លូវដង្ហើម ឬតាមតំណក់​ទឹកមាត់ ដូចគ្នានឹង​ករណីចម្លង​​ជំងឺ​កូវីដ១៩ ដែរ​។​

 

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្តថា ជំងឺ​ផ្តាសាយធំ បើសិនជា​យើង​ព្យាបាល​មិនបានត្រឹមត្រូវ ទុកឱ្យជំងឺ​វិវត្ត​​ទៅធ្ងន់ធ្ងរ​ អាច​នាំឱ្យរលាកសួត​ធ្ងន់ធ្ងរ​ ដូច​ករណីជំងឺកូវីដ​ផងដែរ​។ ដូច្នេះ​ជំងឺផ្តាសាយធំ អាចបង្កហានិភ័យ ដែលអាចប៉ះពាល់​ដល់​អាយុជីវិត​ផងដែរ​។

 

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានណែនាំថា បើសិនជា​កូនចៅ​របស់​លោកអ្នក ក្តៅខ្លួន​ ហៀរសំបោរ ដែលជារោគសញ្ញាជំងឺផ្តាសាយ គឺ​ឪពុកម្តាយអាណាព្យាបាល អាច​ព្យាបាលកូនចៅនោះ នៅផ្ទះ ដោយជៀសវាង​ប្រើប្រាស់​ថ្នាំផ្សះ តែអាចប្រើប្រាស់ថ្នាំប៉ារ៉ាសេតាម៉ុល និងតមទឹកកក ឬចំណីអាហារ និងទឹក​ត្រជាក់ៗ។ បើ១ថ្ងៃ ទៅ ២ថ្ងៃ ជំងឺ​ផ្តាសាយនោះ មិន​បានធូរស្រាលទេ ឬក៏វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ត្រូវប្រញាប់​យកអ្នកជំងឺទៅកាន់​មន្ទីរពេទ្យ​ ប្រសើរជាង​ការទិញថ្នាំ មកព្យាបាល​ដោយខ្លួនឯង​។

 

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បន្ថែមថា គ្រូពេទ្យពូកែ មិនមែ​ន​ព្យាបាល​អ្នកជំងឺ​ ជាសះស្បើយតែឯង​នោះទេ។ តែគ្រូពេទ្យពូកែ គឺត្រូវធ្វើយ៉ាងណា ឱ្យ​មាតាបិតា សហការ​ជាមួយពេទ្យ ហើយ​យកចិត្តទុកដាក់​ជាមួយ​អ្នកជំងឺ នោះជាការប្រសើរ ហើយក៏ជាកត្តាមួយ ដែលធ្វើឱ្យ​អ្នកជំងឺឆាប់​ជាសះស្បើយ​។ យើងបានដឹងហើយថា ការព្យាបាល​អ្នកជំងឺ បើសិនជា​គ្រូពេទ្យនោះ ពូកែ តែអ្នកថែទាំអ្នក​ជំងឺ​មិនពូកែ នោះអ្នកជំងឺ​ នឹង​មិន​ជាទេ​។

 

លោកវេជ្ជបណ្ឌិត ឈួ អ៊ីសេង បានរម្លឹកថា ជំងឺផ្តាសាយធំ កាលពីឆ្នាំ១៨០០​ ជាង គឺបានបង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បណ្តាលឱ្យ​ស្លាប់​មនុស្សយ៉ាងច្រើន ដោយបានឆ្លងរាលដាលដូច​ជំងឺ​កូវីដ នាពេលបច្ចុប្បន្ន។ ក្នុងនោះ អ្នកវិទ្យាសាស្ត្រ ក៏បាន​ព្យាយាម​ស្រាវជ្រាវ​រកថ្នាំវ៉ាក់សាំង ចាក់ការពារ។ មកដល់ពេលនេះ នៅកម្ពុជាយើង ក៏ដូចជានៅមន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង ដែលស្ថិតនៅទួលស្វាយព្រៃ ជិត​ផ្សារអូឡាំពិក ក្នុងរាជធានីភ្នំពេញ ក៏មានថ្នាំវ៉ាក់សាំង​ ចាក់ការពារជំងឺផ្តាសាយធំ ក៏ដូចជា ថ្នាំវ៉ាក់សាំងការពារ​ជំងឺផ្សេងទៀតផងដែរ​។

 

សូមជម្រាបជូនថា មន្ទីរសម្រាកព្យាបាលកុមារ និងសម្ភព ឈួ អ៊ីសេង ជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់​​​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ ​ដំណើរការដោយ​​រលូន និង​ពុំមាន​ការរំខាន​​៕