
Jun 22, 2022
ករណីវិជ្ជមានជំងឺអុតស្វា ដំបូងនៅសិង្ហបុរី
ក្រសួងសុខាភិបាល ប្រទេសសិង្ហបុរី បានបញ្ជាក់ពីករណីវិជ្ជមានដំបូង នៃជំងឺអុតស្វា នាំចូលតាមអ្នកដំណើរជនជាតិអង់គ្លេស អាយុ ៤២ឆ្នាំ។
អ្នកជំងឺអុតស្វា ដែលត្រូវបានរកឃើញ ជាអ្នកដំណើរតាមជើងហោះហើរ ចេញចូលប្រទេសសិង្ហបុរី ចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៧ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ បុរស អាយុ ៤២ឆ្នាំរូបនេះ ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា នៅថ្ងៃទី២០ ខែមិថុនា។
ក្នុងពេលនេះ អ្នកជំងឺនេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) ហើយស្ថានភាពរបស់អ្នកជំងឺ គឺនៅមានស្ថិរភាពធម្មតា។ បុរសជនជាតិអង់គ្លេសរូបនេះ ចាប់ផ្ដើមមានរោគសញ្ញាឈឺក្បាល នៅថ្ងៃទី១៤ និងក្ដៅខ្លួន នៅថ្ងៃទី១៦មិថុនា។ រោគសញ្ញាទាំងនោះ ក៏បាត់ទៅវិញ មុនពេលអ្នកជំងឺចេញកណ្តួលលើស្បែក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
ហានិភ័យជំងឺអុតស្វា នៅតែមិនទាន់បង្ហាញភាពធ្ងន់ធ្ងរ ដែលគួរព្រួយបារម្ភនៅឡើយ។ ប៉៉ុន្តែរដ្ឋាភិបាលសិង្ហបុរី កំពុងផ្ដល់សេវាថែទាំដល់អ្នកជំងឺ។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលសឹង្ហបុរី កំពុងបន្តការតាមរកអ្នកដែលមានទំនាក់ទំនង ជាមួយអ្នកជំងឺអុតស្វានេះ។
សូមរម្លឹកថា ជំងឺអ៊ុតស្វា ដែលមានប្រភពដើមនៅអាហ្វ្រិក ត្រូវបានគេរកឃើញដំបូង នៅប្រទេសអង់គ្លេស កាលពីអំឡុងខែឧសភា ឆ្នាំ២០២២។ មកដល់ពេលនេះ ជំងឺអ៊ុតស្វា បានឆ្លងរាលដាលដល់ប្រទេសចំនួន ៤២ប្រទេស ដោយមានអ្នកឆ្លងជាង ២៥០០នាក់។ ប៉ុន្តែជំងឺអ៊ុតស្វា មិនទាន់បណ្តាលឱ្យមានអ្នកស្លាប់នៅឡើយទេ៕
ប្រភព៖ CNA II https://www.channelnewsasia.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង