
Jun 21, 2022
ការហាត់យូហ្គា ហែលទឹក និងដើរ សុទ្ធជាលំហាត់ប្រាណល្អៗ សម្រាប់ស្ត្រីមានផ្ទៃពោះ
U.S. Department of Health and Human Services (HHS) បានណែនាំឱ្យស្ត្រីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០នាទី ក្នុងមួយសប្តាហ៍ ដើម្បីឱ្យស្ត្រីមានសុខភាពល្អ ពិសេសស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែស្ត្រីមានផ្ទៃពោះ សូមចៀសវាងលំហាត់ប្រាណ ដែលអាចធ្វើឱ្យដួល ឬគ្រោះថ្នាក់លើពោះរបស់អ្នក។
U.S. Department of Health and Human Services (HHS) បានលើកឡើងថា លំហាត់ប្រាណ អាចធ្វើឱ្យស្ត្រីមានផ្ទៃពោះ មានអារម្មណ៍ល្អ និងជួយឱ្យមានកម្លាំង នៅពេលសម្រាលកូន។ ការហាត់យូហ្គា ហែលទឹក និងដើរ សុទ្ធជាលំហាត់ប្រាណល្អៗ ប៉ុន្តែស្ត្រីមានផ្ទៃពោះ ត្រូវចៀសវាងលំហាត់ប្រាណ ដែលប្រើកម្លាំងខ្លាំង រួមមាន ការលោត ការលើកដុំដែក និងការងើបចុះឡើង ជាដើម។
អ្នកជំនាញសុខភាព ក៏បានណែនាំថា ប្រសិនបើស្ត្រីនោះ ជាអ្នករត់ហាត់ប្រាណ ឬជាអ្នកជិះកង់ មុនមានផ្ទៃពោះ គឺអំឡុងពេលមានផ្ទៃពោះ ស្ត្រីនោះ ក៏អាចបន្តរត់ ឬជិះកង់បាន ទោះបីជាមានការផ្លាស់ប្តូរទម្លាប់ខ្លះក៏ដោយ។
យ៉ាងណាក៏ដោយ អ្នកជំនាញសុខភាព បានណែនាំបន្ថែមថា ដើម្បីមានសុវត្ថិភាពដល់ស្ត្រីមានផ្ទៃពោះ នៅពេលធ្វើលំហាត់ប្រាណផ្សេងទៀត សូមស្ត្រីមានផ្ទៃពោះ ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន៕