Blog detail

Jun 14, 2022

ការទទួលទានអាហារពេលព្រឹក និងពេលថ្ងៃ សំខាន់​ជាងអាហារពេលល្ងាច

 

 

អ្នកជំនាញសុខភាព បានណែនាំឱ្យយើងម្នាក់ៗ ទទួលទានអាហារពេលព្រឹក និងពេលថ្ងៃ ឱ្យបានឆ្អែត និងមានគុណភាព។ ពោលគឺ​អាហារពេលព្រឹក គេប្រដូចនឹងការទទួលទានឱ្យដូចម្ចាស់ក្សត្រី ហើយទទួលទានអាហារពេលថ្ងៃ ឱ្យដូចស្តេច​។ រីឯអាហារពេល​ល្ងាច មិនជាច្រើនប៉ុន្មានទេ​។

 

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែល បានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗ ឱ្យបានច្រើនគ្រប់គ្រាន់។ ​អាហារពេលព្រឹក ដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន​ កាបូអ៊ីដ្រាត និងបង្អែមខ្លះ ដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ។

 

ការសិក្សាជាច្រើន បានបង្ហាញថា ការចាប់ផ្ដើមថ្ងៃថ្មី ដោយទទួលទានអាហារពេលព្រឹកសម្បូរជីវជាតិ ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ស៊ុត និងបន្លែផ្លែឈើ​ អាចជួយជំរុញមេតាបូលីស ស្មារតីល្អ និងគ្រប់គ្រងទម្ងន់បានទៀតផង។ អាហារពេលព្រឹកល្អ ផ្ដល់ថាមពលឲ្យរាងកាយយើងសកម្ម ព្រោះការទទួលទាន​អាហារពេលព្រឹកត្រឹមត្រូវ មិនត្រឹមតែធ្វើឱ្យយើងមាន​មានសុខភាពល្អទេ តែអាចបង្កើនថាមពលរាងកាយអ្នក និងធ្វើឲ្យស្មារតីអ្នកស្រឡះល្អពេញមួយថ្ងៃ។

 

អាហារពេល​ថ្ងៃ ក៏ត្រូវតែមានរសជាតិឆ្ងាញ់ ដើម្បីល្អចំពោះសុខភាពផង និងបន្តផ្តល់​ថាមពល​ដល់រាងកាយផង។ ការរស់នៅមានសុខភាពល្អ​ ជាបំណង ដែលមនុស្សគ្រប់រូបប្រាថ្នា។ ការសម្របខ្លួន ទៅនឹងទម្លាប់ទទួលទានល្អ ជាវិធីសាមញ្ញមួយ ឈានទៅរកការរស់នៅ មានសុខភាពល្អ។

 

អ្នកជំនាញសុខភាព បានណែនាំថា អាហារពេលល្ងាច មិនគួរញ៉ាំឆ្អែតពេកទេ។ ប៉ុន្តែអាហារពេលព្រឹក និងពេលថ្ងៃត្រង់ គួរតែបរិភោគឲ្យឆ្អែត ព្រោះអាហារ ២ពេលនេះ សំខាន់សម្រាប់ផ្តល់ថាពលដល់រាងកាយ ហើយមិនងាយធ្វើឱ្យអ្នកធាត់ឡើយ។ ផ្ទុយទៅវិញ បើអ្នកញ៉ាំអាហារពេលល្ងាចច្រើន ហើយអាហារពេលព្រឹកតិច មិនត្រឹមតែអាចធ្វើឲ្យអ្នកធាត់លឿនទេ ថែមទាំងអាចធ្វើឱ្យសុខភាពអ្នកខ្សោយទៅៗ ជាមិនខានឡើយ។

 

បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចហើយ អ្នកជំនាញសុខភាព បានណែនាំថា អ្នក​គួរតែក្រោកឈរ និងដើរយឺត​។ បើសិនជាយើងអង្គុយ និងគេងបន្ទាប់ពីញ៉ាំហើយ វានឹងធ្វើឲ្យប៉ះពាល់ដល់ចលនាពោះវៀន ហើយធ្វើឱ្យប្រព័ន្ធមេតាប៉ូលីស ដំណើរការយឺត។

 

ក្រៅពីទម្លាប់ទទួលទានល្អ គ្រប់គ្រាន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ ហើយពេលល្ងាច ពុំគួរទទួលទានច្រើន​ពេកនោះ អ្នកក៏អាចធ្វើឲ្យសុខភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត តាមរយៈការហាត់ប្រាណទៀង​ទាត់ និងកាត់បន្ថយ ឬឈប់​ទទួលទានគ្រឿងស្រវឹង​។ ការជក់បារី ក៏ធ្វើឱ្យខូចសុខភាពធ្ងន់ធ្ងរ​ផងដែរ​៕