
Jun 10, 2022
បើកឆាក ចាក់វ៉ាក់សាំង ដូសទី៥ ចាក់បាន ៤២ ៨៩៧នាក់
នៅថ្ងៃចាប់ផ្តើម ចាក់វ៉ាក់សាំង ដូសទី៥ កាលពីថ្ងៃទី៩មិថុនា ចាក់បាន ៤២ ៨៩៧នាក់
កាលពីថ្ងៃទី៩មិថុនា ដែលជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ ជូនមន្ត្រីជួរមុខ គឺនៅទូទាំងប្រទេស ចាក់វ៉ាក់សាំង បានចំនួន ៤២ ៨៩៧នាក់។
របាយការណ៍របស់ក្រសួងសុខាភិបាល បង្ហាញថា ក្នុងចំណោមអ្នកចាក់វ៉ាក់សាំង ដូសទី៥ ទាំង ៤២ ៨៩៧នាក់ គឺ ៤២ ៨២៧នាក់ ជាអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង និង ៧០នាក់ ជាអ្នកមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។
ក្នុងចំណោម អ្នកបានចាក់វ៉ាក់សាំង ៤២ ៨២៧នាក់ ជាអ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង បានប្រើប្រាស់ថ្នាំវ៉ាក់សាំង Pfizer ចំនួន ៦៨៣១នាក់ និងប្រើប្រាស់ថ្នាំ AstraZeneca ដែលជាអំណោមរបស់ប្រទេសអ៊ីតាលី ចាក់បានចំនួន ៣៥ ៩៩៦នាក់។ រីឯអ្នកមានអាយុចាប់ពី ១២ឆ្នា ដល់ក្រោម ១៨ឆ្នាំ ទាំង ៧០នាក់ បានចាក់វ៉ាក់សាំង ដូសទី៥ ប្រភេទ Pfizer។
របាយការណ៍របស់ក្រសួងសុខាភិបាល ក៏បានបង្ហាញថា គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ចំនួនអ្នកចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដោយអ្នកចាក់បាន ១ដូស មានចំនួន ១៥ ០៥១ ៩២៣នាក់។ អ្នកចាក់វ៉ាក់សាំង ម្នាក់បាន ២ដូស មានចំនួន ១៤ ៣៣៧ ៩១៥នាក់។ អ្នកចាក់វ៉ាក់សាំង ៣ដូស មានចំនួន ៩ ២៨៩ ៥៩៧នាក់។ អ្នកចាក់វ៉ាក់សាំង ដូសទី៤ មានចំនួន ២ ៦២១ ៤០៥នាក់ និងអ្នកចាក់វ៉ាក់សាំង ដូសទី៥ មានចំនួន ៤២ ៨៩៧នាក់៕