Blog detail

Jun 09, 2022

WHO៖ ជំងឺអុតស្វា កើនឡើងដល់ជាង ១០០០ករណី

របាយការណ៍ថ្មី ដែលអង្គការសុខភាពពិភពលោក (WHO) ទទួលបាន បង្ហាញពីចំនួនករណីជំងឺអុតស្វាជាង ១០០០ករណី ក្រៅតំបន់អាហ្វ្រិក។ ហានិភ័យជំងឺអុតស្វា នៅក្នុងប្រទេសក្រៅទ្វីបអាហ្វ្រិកទាំងនោះ  គឺជាហានិភ័យពិតៗ ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងបាន។

 

២៩ ប្រទេស បានទទួលរងវីរុសរាតត្បាតនេះ បើរាប់ចាប់ពីខែមីនាមក ប៉ុន្តែមិនមានករណីស្លាប់ទេ។ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros បានឲ្យដឹងថា ក្នុងឆ្នាំនេះ ក្នុងទ្វីបអាហ្វ្រិកគេបានរកឃើញករណីសង្ស័យជំងឺអុតស្វាជាង ១៤០០ករណី និងអ្នកស្លាប់ ៦៦នាក់។ ក៏ប៉ុន្តែវីរុសនេះ មិនត្រឹមតែឆ្លង ក្នុងទ្វីបអាហ្វ្រិកនោះទេ វាក៏បានវាយលុកប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ ផងដែរ។

 

វាបង្ហាញថា ជំងឺអុតស្វា ជាជំងឺឆ្លងក្នុងសហគមន៍ និងនៅ​ក្នុងប្រទេសមួយចំនួន។ ការប៉ះពាល់គ្នា ជាមូលហេតុចម្បងនៃការឆ្លងរាតត្បាតជំងឺអុតស្វា​បច្ចុប្បន្ន។ WHO មិនអាចសម្គាល់បានថា ជំងឺអុតស្វា មានសមត្ថភាព អាចឆ្លងតាមខ្យល់បាន ឬអត់នៅឡើយទេ។ ក្រុមមនុស្ស ដែលប្រឈមនឹងជំងឺអុតស្វាច្រើនបំផុត នៅតែជាក្រុមបុរស ដែលអនុវត្តការរួមភេទជាមួយបុរសដូចគ្នា។

 

ដើម្បីជួយសម្រួល និងទប់ស្កាត់ការរាតត្បាត អ្នកជំងឺ គួរស្នាក់នៅផ្ទះ ហើយនៅដាច់ដោយឡែកពីអ្នកដទៃ។ រីឯ​បុគ្គលិកសុខាភិបាល និងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺអុតស្វា គួរពាក់ម៉ាស់ការពារ និងកុំប៉ះពាល់គ្នា៕

 

ប្រភព៖ Reuters II https://www.reuters.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង