Blog detail

May 18, 2022

បន្ថយរយៈពេល ចាក់វ៉ាក់សាំង ដូសទី៣ និងទី៤ ពី ៤ខែ មកត្រឹម ៣ខែ

គម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៣ និងដូសទី៤ ត្រូវបន្ថយពី ៤ខែ មកត្រឹម ៣ខែ!

 

ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្រសម្តេចតេជោប្រឆាំងកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសម្រេចគោលការណ៍ថ្មី គឺបន្ថយរយៈពេលគម្លាតចាក់វ៉ាក់សាំង ដូសជំរុញ ដូសទី៣ និងដូសទី៤ ត្រូវបន្ថយពី ៤ខែ មកត្រឹម ៣ខែវិញ។

 

កន្លងមក គម្លាតនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដូសទី៣ ត្រូវមានរយៈពេលយ៉ាងតិច ៤ខែ រាប់ចាប់ពីថ្ងៃចាក់វ៉ាក់សាំងដូសទី២។ រីឯដូសជំរុញ ដូសទី៤ ក៏ត្រូវមានគម្លាត រយៈពេលយ៉ាងតិច ៤ខែ រាប់ចាប់ពីថ្ងៃចាក់វ៉ាក់សាំង ដូសទី៣។

 

ការសម្រេចកាត់បន្ថយរយៈពេលគម្លាតចាក់វ៉ាក់សាំង ដូសជំរុញ ពី ៤ខែ មកត្រឹម ៣ខែនេះ ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង។

 

ក្រសួងសុខាភិបាល បានប្រកាសថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ១៥ ០០៩ ៤៧៩នាក់។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំង ដូសទី២ មានចំនួន ១៤ ២៦៩ ០៧៥នាក់។ អ្នកចាក់វ៉ាក់សាំង ដូសទី៣ មានចំនួន ៩ ០២៨ ៩៧៧នាក់ និងអ្នកចាក់វ៉ាក់សាំង ដូសទី៤ មានចំនួន ២ ២៥៧ ៨១០នាក់។

 

ពាក់ព័ន្ធនឹងទិន្នន័យវ៉ាក់សាំងបង្ការកូវីដ-១៩ នៅកម្ពុជា ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសថា រហូតដល់ពេលនេះ កម្ពុជាទទួលបានថ្នាំវ៉ាក់សាំង សរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត ៤៣លានដូស។ ដូច្នេះ បច្ចុប្បន្ន កម្ពុជានៅសល់ថ្នាំវ៉ាក់សាំង ក្នុងឃ្លាំងជិត ១០លានដូស។ ក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២៨,៥លានដូស ជាវ៉ាក់សាំង ដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំង ដែលមិនទាន់ដឹកមកកកម្ពុជា មានជាង ២០លានដូសបន្ថែមទៀត។

 

ពោលគឺកម្ពុជាយើង មិនខ្វះថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យប្រជាពលរដ្ឋយើង ត្រៀមខ្លួន ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ នាពេលខាងមុខផងដែរ៕