Blog detail

May 16, 2022

ភាគច្រើននៃមនុស្សកើតជំងឺវង្វេងវង្វាន់ មាន​អាយុលើសពី ៦៥​ឆ្នាំ

 

 

ជំងឺវង្វេងវង្វាន់ គឺជាបណ្តុំអាការ កើតឡើង ដោយសារខួរក្បាលមានបញ្ហា​កោសិកាខួរខូចខាត ដែលបណ្តាលឱ្យបញ្ឈប់​សកម្មភាព និង​បាត់ទំនាក់ទំនងទៅកោសិកា​ខួរក្បាលផ្សេងៗ​ទៀត។ ជំងឺវង្វេងវង្វាន់ ប៉ះពាល់ការគិត សកម្មភាព និង​ការធ្វើការងារប្រចាំថ្ងៃ។ ​ជំងឺវង្វេងវង្វាន់ ​មានអាការៈ​ ដូចជា បាត់ការចងចាំ បាត់ភាសា បាត់ការយល់ព័ត៌មាន និងបាត់បង់​ការផ្ជង់អារម្មណ៍ ជាដើម។

​លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ នាយកផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យមិត្តភាព​ខ្មែរ​សូវៀត បានឱ្យដឹងថា ភាគច្រើននៃមនុស្សកើតជំងឺវង្វេងវង្វាន់ គឺជា​មនុស្សមានវ័យចំណាស់ អាយុលើសពី ៦៥ឆ្នាំ។ ប៉ុន្តែក៏មានអ្នក​អាយុតិចជាង ៦៥ឆ្នាំ កើតជំងឺនេះ ដែលគេហៅថា ជំងឺវង្វេងវង្វាន់វ័យក្មេង។

​លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បានបន្ថែមថា ក្នុងដំណាក់កាលដំបូង  រោគសញ្ញានៃជំងឺវង្វេងវង្វាន់ ចាប់ផ្ដើមលេចចេញ រួមមាន បាត់បង់ការចងចាំញឹកញាប់ និងវិវត្តទៅជាវង្វេងវង្វាន់ បុគ្គលិកលក្ខណៈប្រែប្រួល ភាពព្រងើយកន្តើយ បាត់បង់សមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃ។ 

ការថមថយការចងចាំ ដូចជា សមត្ថភាពការចាប់យក និងចងចាំព័ត៌មានថ្មីៗ មិនចងចាំឈ្មោះ និងវត្ថុ មិនចាំពាក្យ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនស្គាល់មុខមនុស្ស ដែលធ្លាប់ស្គាល់ វង្វេងផ្លូវនៅទីកន្លែង ដែលខ្លួនធ្លាប់ស្គាល់ច្បាស់។

លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បន្ថែមថា ការ​ថម​ថយ​សមត្ថ​ភាព ​ក្នុង​ការ​រៀប​ចំ​គម្រោង​ផែន​ការ និង​​ការ​ប្រើ​ប្រាស់​ឧបករណ៍ ដូច​ជា ការ​បើកបរ ​ទិញ​ដូរ ការប្រើប្រាស់ថ្នាំ និង​ធ្វើការងារ ហើយអាចវិវត្ត​ទៅរកការបាត់បង់​សមត្ថភាព​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ ​ដូច​ជា​ ​ការ​ហូប​ចុក​ ​ស្លៀក​ពាក់​ ​ចូល​បង្គន់​ ​និង​បញ្ហា​ដំណេក​។

មានជំងឺជាច្រើនប្រភេទ ដែលអាចបង្កអោយមានជំងឺវង្វេងវង្វាន់ ប៉ុន្តែភាគច្រើន ពុំមានមូលហេតុច្បាស់លាស់ទេ។ មូលហេតុមួយចំនួន មានដូចជា ជំងឺអាល់ហ្សេមែរ ( Alzheimer ) ជំងឺគ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល ការញៀន​ស្រា មេរោគអេដស៍ ដុំសាច់ខួរក្បាល ការប៉ះ​ទង្គិច​​ខួរ​ក្បាល​ធ្ងន់​ធ្ងរ​ ​រលាក​ស្រោមខួរ និង​ខួរ​ក្បាល​ ជំងឺ​ក្រពេញ​មួយ​ចំនួន​ (​ពកករ)​ ​កង្វះវីតាមីន បេ១២។

លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ បន្តថា ការធ្វើរោគវិនិច្ឆ័យនៃជំងឺវង្វេងវង្វាន់​ ពឹងផ្អែកទៅលើការសួរនាំពី​អ្នក​ថែ​ទាំ និងអ្នកជំងឺ ការពិនិត្យរាងកាយទូទៅ និងប្រព័ន្ធសរសៃ​ប្រសាទ ពិនិត្យឈាម បូមទឹកឆ្អឹងខ្នង ថតស្កេនខួរក្បាល វាស់ចរន្តអគ្គិសនីខួរក្បាល។

​ពាក់ព័ន្ធនឹងផលវិបាក ដែលកើតចេញពីជំងឺវង្វេងវង្វាន់ ត្រូវបាន​លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ លើកឡើងថា ធ្វើឱ្យរាងកាយទ្រុឌទ្រោម កង្វះអាហារូបត្ថម្ភដោយសារហូបចុកតិចតួច ភ្លេចហូប ពិបាកទំពារ លេប ងាយឈ្លក់ អាចស្ទះផ្លូវដង្ហើម និងរលាកសួត។ ក្នុងនោះ អនាម័យរាងកាយ ក៏​មិនល្អ មិនអាចងូតទឹកខ្លួនឯងបាន ដុសធ្មេញ សិតសក់ ចូលបង្គន់។ អ្នកជំងឺ ក៏មានការលំបាកក្នុងទំនាក់ទំនងប្រចាំថ្ងៃ ហើយប្រឈមគ្រោះថ្នាក់មួយចំនួនដូចជា គ្រោះថ្នាក់ចរាចរណ៍ ដួល បាត់បង់វត្ថុមានតម្លៃ ត្រូវចំណាយថវិកាខ្ពស់ក្នុងការថែទាំ និងប៉ះពាល់ផ្លូវចិត្តអ្នកថែទាំ ជាដើម។

​លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ ក៏បានលើកឡើងពី​វិធីបង្ការជំងឺវង្វេងវង្វាន់ មានដូចជា៖ ​ប្រើប្រាស់ខួរក្បាលទៀងទាត់ ធ្វើការងារប្រើកម្លាំងកាយ និងចូលរួមការងារសង្គម បញ្ឈប់ការជក់បារី ព្យាបាលជំងឺលើសឈាមអោយបានល្អ ពិនិត្យលើរបបអាហារ ដោយត្រូវទទួលទានអាហារ ផ្លែឈើ បន្លែ អាស៊ីត Omega3 មានក្នុងត្រី និងគ្រាប់ធញ្ញជាតិ ជាដើម។

ចំណែកការព្យាបាលជំងឺ​វង្វេងវង្វាន់ ត្រូវបាន​លោក​សាស្ត្រាចារ្យមហាបរិញ្ញា វេជ្ជបណ្ឌិត ជុំ ណាវុធ លើកឡើងថា ភាគច្រើនអ្នកជំងឺ មិនអាចព្យាបាលជាដាច់ទេ​។ ប៉ុន្តែគ្រូពេទ្យ អាចជួយព្យាបាលរោគសញ្ញា និងទប់ស្កាត់ការវិវត្តជំងឺ ដោយការប្រើប្រាស់ថ្នាំ ដូចជា Donepezil (Aricept), Rivastigmine, Galantamine, Memantine, Vitamin E, Omega 3, Coenzyme Q10, Gingko

រីឯការព្យាបាល ដោយមិនប្រើថ្នាំ មានដូចជា ផ្លាស់ប្តូរមជ្ឈដ្ឋានរស់នៅ បង្កើតភាពជិតស្និទ្ធជាមួយអ្នកជំងឺ លើកទឹកចិត្តអ្នកជំងឺ ហាត់ប្រាណ ទម្លាប់ការទទួលទានដំណេកជៀសវាងសម្លេងរំខាន កាត់បន្ថយសារធាតុ​កាហ្វេ បង្កើតការវិភាគប្រចាំថ្ងៃរបស់អ្នកជំងឺ ស្តាប់ភ្លេងមានលក្ខណៈស្រទន់ ចិញ្ចឹមសត្វ ដូចជា ឆ្កែ ឆ្មា ជាដើម៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង