Blog detail

May 16, 2022

កូរ៉េខាងជើង កំពុងវឹកវរ ព្រោះកូវីដ១៩ សម្លាប់មនុស្ស ៤២នាក់ និងឆ្លងជាង ៨២ម៉ឺននាក់

 

 

បន្ទាប់ពីរកឃើញករណីកូវីដ១៩ ដំបូង ត្រឹមរយៈពេលតែ ១សប្ដាហ៍ប៉ុណ្ណោះ កូរ៉េខាងជើង ពេលនេះ កំពុងវឹងវរខ្លាំង ពីការឆ្លងរាតត្បាតជំងឺ​កូវីដ១៩។ គិតត្រឹមថ្ងៃទី១៦ ខែឧសភានេះ កូរ៉េខាងជើង រកឃើញអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន​ ៤២នាក់ និងឆ្លងជាង ៨២ម៉ឺននាក់ ក្នុងចំណោម​ប្រជាជនកូរ៉េខាងជើងសរុបប្រមាណ ២៦លាននាក់​។

 

កូរ៉េខាងជើង បាន​រកឃើញ​ករណីស្លាប់ដោយកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះ មានអ្នកស្លាប់ ១៥នាក់ថ្មី និងរាប់សិបម៉ឺននាក់បានឆ្លង កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា។ បុគ្គលិកផ្នែកសុខាភិបាល និងផ្នែកផ្សេងៗទៀត ជាង ១លាននាក់ កំពុងចូលរួមស្វះស្វែង ក្នុងការទប់ស្កាត់កូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង។

 

គួរបញ្ជាក់ថា កូវីដ១៩ បានវាយប្រហាររដ្ឋធានីព្យុងយ៉ាង​យ៉ាងរហ័ស ត្រឹមរយៈពេលដ៏ខ្លី ទោះបីជាប្រទេសនេះ ធ្លាប់បានទប់ស្កាត់កូវីដ១៩ យ៉ាងជោគជ័យ មិនឲ្យមានឆ្លងសូម្បី ១ករណីសោះ ក្នុងរយៈពេលជាង ២ឆ្នាំ។

 

គិតត្រឹមពេលនេះ ប្រទេសកូរ៉េខាងជើង បានកត់ត្រាចំនួន​អ្នកស្លាប់ដោយសារកូវីដ ចំនួន​ ៤២ករណី និងឆ្លង ៨២០ ៦២០ករណី។ អ្នកជំនាញជាច្រើន ព្រួយបារម្ភថា រលកឆ្លងកូវីដនៅកូរ៉េខាងជើង​ អាចបង្កវិបត្តិមនុស្សជាតិដ៏ធំ ដល់កូរ៉េខាងជើង ព្រោះមួយផ្នែកធំនៃប្រជាជនកូរ៉េខាងជើង ចំនួន ២៦លាននាក់ មិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយ។ ម្យ៉ាងទៀតប្រព័ន្ធសុខាភិបាលសាធារណៈរបស់ព្យុងយ៉ាង មានការរង្គោះរង្គើរជាច្រើនទសវត្សរ៍មកហើយ។

 

មរណភាពដោយកូវីដ១៩ ក្នុងប្រទេសកូរ៉េខាងជើង អាចមានអត្រាខ្ពស់ និងអាចក្លាយជាវិបត្តិធំធេង ព្រោះប្រទេសនេះ មិនបានទទួលយកវ៉ាក់សាំង ថ្នាំព្យាបាល ឬគ្រឿងបរិក្ខារវេជ្ជសាស្ត្រពីបរទេសនោះទេ។ ប្រទេស ដែលមានសេដ្ឋកិច្ចទន់ខ្សោយ និងប្រព័ន្ធសុខាភិបាល ដែលខ្វះខាតមួយនេះ មិនទាន់ឆ្លើយតបជាសាធារណៈទៅនឹងការស្នើសុំ​ជំនួយវ៉ាក់សាំង គ្រឿងបរិក្ខារពេទ្យ និងជំនួយផ្សេងៗ ដែល​កូរ៉េខាងត្បូង និងប្រទេសចិន គ្រោងផ្តល់ឱ្យ​នៅឡើយទេ។ កាន់តែពិបាកនោះគឺមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធ មិនទទួលយក​ជំនួយ ជាថ្នាំវ៉ាក់សាំង ក្នុង​​កម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ផងដែរ៕

 

ប្រភព៖ NPR II https://www.npr.org/, Business Standard II https://www.business-standard.com/ & The Guardian II https://www.theguardian.com/international