Blog detail

May 09, 2022

ចាក់វ៉ាក់សាំង ដូសទី៥! គណៈកម្មការជំនាញ សិក្សារួចរាល់ហើយ!

ចាក់វ៉ាក់សាំង ដូសទី៥! គណៈកម្មការជំនាញ សិក្សារួចរាល់ហើយ!

 

មកដល់ពេលនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានសិក្សារួចរាល់ហើយ លើគម្រោងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥។ ប៉ុន្តែនៅរង់ចាំកិច្ចប្រជុំសម្រេច នាពេលឆាប់ៗនេះ ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

 

ក្នុងបទសម្ភាសផ្សាយនៅវិទ្យុបារាំងអន្តរជាតិ RFI លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «គណៈប្រចាំការ លោកនឹងមានការប្រជុំគ្នា នាពេលឆាប់ៗខាងមុខនេះ ហើយនៅពេលនោះ នឹងមានការពិភាក្សាវែកញែកគ្នាបន្ថែមទៀត អំពីការពិនិត្យ ស្រាវជ្រាវ ទៅលើលទ្ធភាពនៃការចាក់នូវដូសជំរុញ ឬដែលយើងហៅថា ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង។ អីចឹងទេ ពេលនេះ ខ្ញុំមិនទាន់អាចជម្រាបជូនបានទេ ពីព្រោះត្រូវរង់ចាំការសម្រេចរបស់អង្គប្រជុំសិន»

 

លោកជំទាវ ឱ វណ្ណឌីន បន្ថែមថា តាមពិតទៅ គេសិក្សាពីលទ្ធភាពនៃការចាក់វ៉ាក់សាំងដូសទី៥ រួចហើយ ប៉ុន្តែត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈប្រចាំការសិន ដោយកិច្ចប្រជុំនេះ នឹងដឹកនាំដោយឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប្រធានគណៈប្រចាំការ។ កិច្ចប្រជុំនេះ នឹងធ្វើឡើង ឆាប់ៗ ខាងមុខនេះ។

 

សូមរម្លឹកថា ក្នុងសារពិសេសជូនជនរួមជាតិ កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីដំណឹងល្អ ដែលកម្ពុជាយើង មិនមានករណីឆ្លងកូវីដ១៩ សូម្បីតែមួយករណី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ រាប់ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ឆ្នាំ២០២១

 

ទោះជាយ៉ាងនេះក្តី ក្នុងសារសំឡេងពិសេសជូនជនរួមជាតិនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋយើង បន្តអនុវត្តនូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ តាមរយៈការលាងសម្អាតដៃញឹកញាប់ និងការរក្សាគម្លាត រួមទាំងវិធានការសុខាភិបាល ដទៃផ្សេងទៀត។ ក្នុងនោះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តពាក់ម៉ាស ទោះបីជារាជរដ្ឋាភិបាល បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស តាមទីសាធារណៈ ក៏ដោយ

 

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋយើង អញ្ជើញទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ពិសេសដូសទី៣ និងដូសទី៤ ហើយក៏ត្រូវត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំង ដូសទី៥ នៅពេលដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ពិនិត្យឃើញថា ដល់ពេលវេលា ដែលត្រូវចាក់ដូសទី៥។

 

របាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល បង្ហាញថា គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងប្រទេស អ្នកមានអាយុចាប់ពី ៣ឆ្នាំឡើង បានចាក់វ៉ាក់សាំង ដូសទី១ សរុបបានចំនួន ១៤ ៩៧៥ ៥១០នាក់។ ក្នុងនោះ អ្នកចាក់វ៉ាក់សាំង បានចំនួន ២ដូស មានចំនួន ១៤ ២៣៣ ៨៤៥នាក់។ អ្នកចាក់បាន ៣ដូស មានចំនួន ៨ ៧៩៤ ៥១៨នាក់ និងអ្នកចាក់វ៉ាក់សាំង ដូសទី៤ បានចំនួន ១ ៩៥០ ៣៦០នាក់