
May 06, 2022
បើកូនអ្នក កំពុងធ្វើបាបក្មេងដទៃទៀត តើត្រូវធ្វើដូចម្តេច?
ប្រសិនអ្នកគិត ឬដឹងថា កូនអ្នកកំពុងធ្វើបាបក្មេងដទៃទៀត ជាការសំខាន់ អ្នកត្រូវចងចាំថា ពួកគេមិនអាក្រក់ពីកំណើតនោះទេ ប៉ុន្តែវាកើតទ្បើង ដោយសារហេតុផលផ្សេងទៀត។
អង្គការយូនីសេហ្វ បានបង្ហាញថា កុមាររករឿងឈ្លោះគេ ជារឿយៗ គ្រាន់តែចង់សម្របខ្លួន ចូលជាមួយគេ ត្រូវការការយកចិត្តទុកដាក់ ឬគ្រាន់តែរិះរកវិធីដោះស្រាយនឹងបញ្ហាអារម្មណ៍ស្មុគស្មាញតែប៉ុណ្ណោះ។ ក្នុងករណីខ្លះ អ្នកដែលសម្លុតធ្វើបាបគេ គឺជាជនរងគ្រោះខ្លួនឯង ឬជាជនរងគ្រោះពីអំពើហិង្សានៅផ្ទះ ឬក្នុងសហគមន៍របស់ពួកគេ។
ទាំងនេះគឺជារបៀបមួយចំនួន ដែលអ្នកគួរធ្វើ ដើម្បីជួយកូនឱ្យបញ្ឈប់ការរករឿងឈ្លោះគេ៖
1. ទំនាក់ទំនង៖ ការស្វែងយល់ពីមូលហេតុ ដែលកូនរបស់អ្នក កំពុងធ្វើសកម្មភាពណាមួយ នឹងជួយអ្នកឱ្យដឹងពីរបៀបក្នុងការជួយពួកគេ។ តើពួកគេមានអារម្មណ៍ គ្មានសុវត្ថិភាពនៅសាលារៀនមែនទេ? តើពួកគេកំពុងឈ្លោះគ្នាជាមួយមិត្តភក្តិ ឬបងប្អូនបង្កើត? ប្រសិនបើពួកគេ ពិបាកពន្យល់ពីអាកប្បកិរិយាខ្លួន អ្នកអាចឲ្យគេនិយាយជាមួយអ្នកប្រឹក្សាយោបល់ បុគ្គលិកសង្គម ឬអ្នកជំនាញសុខភាពផ្លូវចិត្ត ដែលត្រូវបានទទួលការបណ្តុះបណ្តាលពីវិធីសាស្ត្រធ្វើការជាមួយកុមារ។
2. ធ្វើការតាមរយៈដំណោះស្រាយប្រកបដោយស្ថាបនា៖ សុំឱ្យកូនអ្នកពន្យល់ពីសេណារីយ៉ូ ដែលធ្វើឲ្យពួកគេខឹង និងផ្តល់នូវវិធីបែបស្ថាបនាក្នុងប្រតិកម្មឆ្លើយតបទៅនឹងបញ្ហានោះ។ ប្រើលំហាត់នេះ ដើម្បីបំផុសនូវសេណារីយ៉ូ ដែលនឹងអាចកើតមាននាពេលអនាគត និងការឆ្លើយតបដែលមិនបង្កគ្រោះថ្នាក់។ លើកទឹកចិត្តឱ្យកូនអ្នក “ដាក់ខ្លួនទៅក្នុងស្ថានភាពអ្នកដទៃ” ដោយស្រមៃពីបទពិសោធរបស់មនុស្ស ដែលខ្លួនធ្វើបាប។ រំឭកកូនអ្នកថា ការផ្តល់បញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិត គឺបង្កភាពឈឺចាប់ក្នុងជីវិតពិតដូចគ្នា។
3. ពិនិត្យមើលខ្លួនឯង៖ ក្មេងដែលសម្លុតធ្វើបាបគេ ជារឿយៗ ច្រើនតែយកគំរូតាមអាកប្បកិរិយា ដែលគេឃើញនៅផ្ទះ។ តើពួកគេ ត្រូវបានឃើញអាកប្បកិរិយា ដែលបង្កគ្រោះថ្នាក់ផ្នែករាងកាយ ឬសតិអារម្មណ៍ពីអ្នក ឬអ្នកមើលថែដទៃទៀតឬទេ? មើលឲ្យជ្រៅជាងនេះ ហើយគិតដោយស្មោះត្រង់អំពីអាកប្បកិរិយាអ្នក ដែលអ្នកកំពុងបង្ហាញដល់កូនខ្លួន។
4. ផ្តល់នូវផលវិបាក និងឱកាសដើម្បីកែប្រែ៖ ប្រសិនបើអ្នករកឃើញថា កូនអ្នកកំពុងរករឿងឈ្លោះគេ វាជាការសំខាន់ ក្នុងការផ្តល់នូវដំណោះស្រាយសមរម្យ និងអហិង្សា។ សកម្មភាពនេះ អាចកំហិតទង្វើពួកគេ ជាពិសេសសកម្មភាពទាំងឡាយណា ដែលជំរុញឲ្យមានការរករឿងឈ្លោះ (កម្មវិធីជួបជុំក្នុងសង្គម កម្មវិធីផ្សាយទូរទស្សន៍/ប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម)។ លើកទឹកចិត្តឱ្យកូនអ្នកសុំទោសមិត្តភក្តិ និងរិះរកវិធីដើម្បីឱ្យពួកគេអាចចូលរួមជាមួយគ្នានាពេលអនាគត៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង