Blog detail

May 04, 2022

ញាក់ត្របកភ្នែក តាមជំនឿ និងតាមវេជ្ជសាស្ត្រ តើមានន័យដូចម្តេច?

 

អាការៈញាក់ត្របកភ្នែក មិនថា ខាងឆ្វេង ឬខាងស្តាំទេ បងប្អូនខ្មែរយើងមួយចំនួន តែងតែមានជំនឿតៗគ្នា ថានឹង​មានរឿងហេតុអ្វីកើតឡើង ដែលជារឿងល្អ និងរឿងអាក្រក់ តាមការកត់សម្គាល់តៗគ្នា រៀងៗខ្លួន។ ប៉ុន្តែអាការៈញាក់ត្របកភ្នែក ក៏មានមូលហេតុ​តាមបែបវេជ្ជសាស្ត្រ​ផងដែរ​។

តាម​ផ្នែក​វេជ្ជសាស្ត្រ​ ការ​ញាក់​ត្របក​ភ្នែក ​គឺ​អាច​កើត​ឡើង ​មក​ពី​អាការៈ​ស្រវាំង​ភ្នែក ស្ត្រេស​ ការ​អស់​កម្លាំង ការ​ប្រើ​ប្រាស់​ភ្នែក ​ក្នុង​រយៈ​ពេល​យូរ​ពេក​ និង​មក​ពី​ការ​ញ៉ាំ​ជាតិ​អាល់កុល ឬ​កាហ្វេអ៊ីន​ ច្រើន​ពេក ជាដើម។

 

ចំណែក​ជំនឿតៗគ្នា ក៏តែងតែលើកឡើងថា ញាក់​ត្របក​ភ្នែក​ឆ្វេង ​គឺ​ជួប​សំណាង​ល្អ ឯ​ញាក់​ភ្នែក​ស្ដាំ ​តែង​មាន​រឿង ​ជា​ដើម​។ រីឯអ្នកខ្លះ កត់សម្គាល់ខ្លួនឯងថា បើញាក់ត្របកភ្នែកស្តាំ គឺជួបសំណាងល្អ ហើយញាក់ត្របក​ភ្នែក​ឆ្វេង ជួបរឿងអាក្រក់ ក៏មាន។​

 

មាន​ការ​បក​ស្រាយ​ពី​ជំនឿខុសៗគ្នា ​ទាក់​ទង​នឹងការ​ញាក់ត្របក​​ភ្នែក។ ​តាម​ក្បួន​ចិនសែ ការ​ញាក់ត្របក​​ភ្នែក​ឆ្វេង ជាប្រផ្នូលបង្ហាញថា មាន​សំណាង​ល្អ។ រីឯការញាក់ត្របកភ្នែក​ខាងស្តាំ អាច​​នឹង​​មាន​​រឿង​​មិន​​ល្អ​កើត​​ឡើង​​ច្រើន​​។

 

តែយ៉ាងណាក៏ដោយ សំណាង​ល្អ ឬក៏​រឿង​អាក្រក់ ​អាច​កែ​ប្រែ​មក​ជា​ល្អ​វិញ​ នៅ​ពេល​បន្ទាប់​ ហើយការញាក់ត្របកភ្នែក អាច​​ធ្វើ​ឱ្យសាម៉ីខ្លួន ដែល​ញាក់ត្របក​ភ្នែក បង្កើនការប្រុងប្រយ័ត្ន ដើម្បី​កុំឱ្យ​មានរឿងហេតុអាក្រក់​​កើត​ឡើង ទាំង​ការធ្វើដំណើរ និងប្រុងប្រយ័ត្នទាំងពាក្យសម្តី រួមទាំង​សកម្មភាព​ប្រចាំថ្ងៃរបស់ខ្លួន ជាដើម៕​

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង