Blog detail

May 04, 2022

ជំងឺរលាកថ្លើមប្រភេទថ្មី ឆក់យកជីវិតកុមារ ៣នាក់ នៅឥណ្ឌូនេស៊ី

 

កុមារ ៣នាក់ នៅឥណ្ឌូនេស៊ី បានបាត់បង់ជីវិត ដោយសារជំងឺថ្លើមថ្មីមួយ ដែលមូលហេតុបង្ក នៅតែជាអាថ៌កំបាំងនៅឡើយ សម្រាប់អ្នកវិទ្យាសាស្ត្រ។

 

ជំងឺនេះ ត្រូវបានអង្គការសុខភាពពិភពលោក បង្ហាញការព្រួយបារម្ភ ប៉ុន្តែគេមិនទាន់ស្គាល់ប្រភពរបស់វានៅឡើយ។ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានលើកឡើងថា កុមារចំនួន ៣នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ក្នុងរដ្ឋធានីហ្សាកាតាកាលពីខែមុន ជាមួយរោគសញ្ញាមួយចំនួន។

 

មុនកើតរោគសញ្ញាជំងឺរលាកថ្លើមថ្មី កុមារមានអាការៈមួយចំនួន ដូចជា ក្អួតចង្អោរ រាករូស និងឈឺចុកពោះ។ កុមារ ដែលបានស្លាប់ មានអាយុ ២ឆ្នាំ ៨ឆ្នាំ និង១១ឆ្នាំ។ ពួកគេ មានរោគសញ្ញា ក្ដៅខ្លួន ជំងឺខាន់លឿង ប្រកាច់ និងបាត់បង់ស្មារតី។

 

អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូនេស៊ី សង្ស័យថា ករណីទាំងនេះ ជាជំងឺរលាកថ្លើមស្រួចស្រាវ តែគេមិនអាចបញ្ជាក់បាននោះទេថា វាបង្កដោយមេរោគនៃជំងឺរលាកថ្លើម ប្រភេទ A ប្រភេទ B ប្រភេទ C ប្រភេទ D ឬប្រភេទ Rb។ ក្រសួង កំពុងស៊ើបអង្កេតពី​មូលហេតុ ដែលបង្កជំងឺនេះ ដោយការធ្វើតេស្តវីរុសខ្នាតពេញលេញ។

 

មកត្រឹមពេលនេះ ប្រភេទធ្ងន់ធ្ងរនៃជំងឺរលាកថ្លើមស្រួចស្រាវនេះ ត្រូវបានរកឃើញលើកុមារជិត ១៧០នាក់ ក្នុង ១១ប្រទេស ហើយមានអ្នកស្លាប់ ចំនួន ៤នាក់ហើយ​។​​

 

WHO ក៏បានបង្ហាញថា ករណីនេះ បានកើនឡើងយ៉ាងគំហុក លើក្មេងៗ នៅចក្រភពអង់គ្លេស ប្រទេសអៀរឡង់ និងប្រទេសហូឡង់ ទោះជាក្មេងទាំងនោះ មានសុខភាពល្អ ពីមុនមកក្ដី។

 

ទន្ទឹមនឹងនេះ អាមេរិក ក៏បានរកឃើញក្មេង ៩នាក់ មានផ្ទុកវីរុស Adenovirus 41 ផងដែរ ប៉ុន្តែគេស្គាល់មេរោគនេះថា ជាមេរោគបង្កជំងឺរលាកក្រពះពោះវៀន។ វាមិនបង្កឲ្យរលាកថ្លើមនោះទេ។ ដូចនេះ ការសិក្សា និងស្រាវជ្រាវនៅតែបន្ត៕

 

ប្រភព៖ The Guardian II https://www.theguardian.com/international

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង