Blog detail

May 02, 2022

ខណៈប៉េកាំង រឹតបន្តឹងវិធានការកាពារ សៀងហៃធូរស្បើយកូវីដ-១៩

រដ្ឋធានីប៉េកាំង បានរឹតបន្តឹងកាន់តែខ្លាំង នៅថ្ងៃអាទិត្យម្សិលមិញ ទៅលើវិធានការការពារកូវីដ-១៩ ស្របពេលទីក្រុងសៀងហៃ បន្ធូរឲ្យពលរដ្ឋមួយចំនួន ចេញក្រៅផ្ទះ ស្រូបយកខ្យល់ឱកាស។

 

រដ្ឋធានីប៉េកាំង បានរកឃើញករណីឆ្លងកូវីដ លើសពី ៣០០ករណី ក្នុងមួយថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា តែមិនទាន់បិទខ្ទប់នៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ​ រដ្ឋធានីចិននេះ បានរឹតបន្តឹង និងដាក់ចេញនូវ​គោលការណ៍រក្សាគម្លាតសង្គមកាន់តែខ្លាំង ក៏ដូចជាធ្វើតេស្តទ្រង់ទ្រាយធំម្ដងទៀត នៅតំបន់ ដែលឆ្លងខ្លាំងជាងគេ ក្នុងទីក្រុង​ប៉េកាំង។

 

សប្ដាហ៍មុន ការធ្វើតេស្តទ្រង់ទ្រាយធំ នៅប៉េកាំង បានធ្វើឡើងនៅតំបន់ចំនួន ៦ ខណៈពេលដែលរដ្ឋាភិបាល បានផ្អាកទីកន្លែងកម្សាន្ត និងហាមឃាត់ការជួបជុំ នៅតាម​ភោជនីយដ្ឋានទាំងអស់។

 

ក្រឡេកទៅមើលសៀងហៃ គឺទីក្រុងហិរញ្ញវត្ថុរបស់ចិននេះ បានទទួលរងយ៉ាងខ្លាំងពីរលកកូវីដ-១៩ កាលពីដើមខែមីនា។ នេះជារលកឆ្លង ដែលវាយប្រហារខ្លាំងបំផុត ក្នុងប្រទេសចិន រាប់ចាប់ពីកកើតកូវីដ-១៩ ដំបូង។ ករណីឆ្លងរាប់សែនករណី បានធ្វើឲ្យពលរដ្ឋសៀងហៃ ជាង ២៥លាននាក់ មានភាពវឹកវរ ស្ថិតក្នុងការបិទខ្ទប់ មិនអាចចេញក្រៅ និងកកើតភាពក្រហល់ក្រហាយ បែបសាធារណៈយ៉ាងខ្លាំង។

 

ប៉ុន្តែមកដល់ចុងខែមេសា និងនៅដើមខែឧសភានេះ អាជ្ញាធរសៀងហៃ បានបង្ហាញពីទំនុកចិត្តថា តំបន់មួយចំនួន អាចនឹងត្រូវបានបន្ធូរ​ពីការរឹតបន្តឹង ដោយ​យោងទៅតាមអត្រាធ្លាក់ចុះនៃកូវីដ-១៩ ក្នុងសហគមន៍។ ទោះជាយ៉ាងណាក៏ដោយ សៀងហៃ គ្រោងនឹងធ្វើតេស្ត PCR និងតេស្តរហ័សទូទាំងទីក្រុង​បន្ថែមទៀត ចាប់ពីថ្ងៃអាទិត្យ ទី១ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នេះ​៕

 

ប្រភព៖ CNA II https://www.channelnewsasia.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង