
May 02, 2022
សូមថែរក្សាសុខភាពភ្នែក តាមវិធីទាំងនេះ
សព្វថ្ងៃ ក្នុងសង្គមយើង អ្នកមានបញ្ហាភ្នែកម៉្ញូប មានកាន់តែច្រើន ក៏មានក្មេងៗផងដែរ។ មានមូលហេតុច្រើនយ៉ាង នាំឱ្យភ្នែកម៉្ញូប។ ដូច្នេះ សូមយកចិត្តទុកដាក់ថែរក្សាភ្នែក ពិសេសការពារភ្នែកកូនៗរបស់អ្នក ឲ្យបានល្អ។
មូលហេតុ នាំឱ្យម៉្ញូបភ្នែក៖
វេជ្ជបណ្ឌិតឯកទេសភ្នែក បានលើកហេតុផលមួយចំនួន ដែលនាំឱ្យភ្នែកម៉្ញូប រួមមាន៖ បញ្ហាកែវភ្នែកពីធម្មជាតិ លែនភ្នែករបស់អ្នកជំងឺមានបញ្ហាពីកំណើត សេនេទិច (តំណពូជ) មើលច្រើន ឬសម្លឹងយូរ ដូចជា មើលសៀវភៅ មើលទូរទស្សន៍ មើលអេក្រង់កុំព្យួទ័រ ពិសេសទូរសព្ទ ជាដើម។
វិធីការពារ៖
គ្រូពេទ្យជំនាញខាងភ្នែក បានណែនាំពីវិធីការពារ កុំឱ្យម៉្ញូបភ្នែក តាមរយៈការព្យាយាមនៅឲ្យឆ្ងាយពីអេក្រង់កុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ ឬអេក្រង់ផ្សេងៗ ក្នុងចម្ងាយជិតពេក ព្រោះពន្លឺទាំងនោះ អាចធ្វើឲ្យអ្នកឆាប់ស្រវាំង និងឈឺហួលភ្នែកបាន។ សម្រាកដោយការព្រិចភ្នែក ប្រើប្រាស់ពាក់វ៉ែនតាជំនួយ បើអ្នកអាចពាក់វ៉ែនតាការពារពន្លឺ ឬវ៉ែនតាការពារកម្ដៅថ្ងៃ។ ព្យាយាមញ៉ាំអាហារសមុទ្រ។ ញ៉ាំបន្លែឲ្យបានច្រើន ដូចជា ការ៉ុត និងបន្លែបៃតង។ គេងឲ្យបានគ្រប់គ្រាន់ និងគួរតែពិភាក្សាជាមួយពេទ្យភ្នែក។
វិធីព្យាបាល៖
អ្នកមានបញ្ហាភ្នែកម៉្ញូប មើលមិនច្បាស់ ត្រូវតែជួបពេទ្យភ្នែក និងអាចកាត់វ៉ែនតាម៉្ញូបពាក់។ អ្នកជំងឺ ក៏អាចប្រើ Contact Lenses ឬកែវបិតលើភ្នែក។ ប៉ុន្តែវិធីនេះ អាចកកិតភ្នែក បណ្ដាលឱ្យដំបៅ ឬត្រូវចំណាយលុយច្រើនលើឧបករណ៍នេះ និងមិនអាចប្រើបាន ចំពោះប្រទេស ដែលមានដីហុយ ព្រោះអាចប៉ះពាល់កាន់តែខ្លាំង។ ម្យ៉ាងទៀត បើភ្នែកម៉្ញូបខ្លាំង អ្នកជំងឺអាចប្រើវិធីព្យាបាល ដោយធ្វើការវះកាត់ ឬដោយការបាញ់កាំរស្មីឡាស៊ែរ។ ការព្យាបាលប្រភេទនេះ ត្រូវការចំណាយខ្ពស់ និងត្រូវជ្រើសរើសអ្នកជំនាញមានបទពិសោធខ្ពស់៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង