Blog detail

Apr 22, 2022

អាមេរិក ចេញឧបករណ៍តេស្តកូវីដ១៩ តាមដង្ហើម អាចប្រាប់លទ្ធផលត្រឹម ៣នាទី

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្ដល់ការអនុញ្ញាតដល់ការប្រើប្រាស់បន្ទាន់នៃឧបករណ៍តេស្តកូវីដ១៩ តាមរយៈ​ដង្ហើម។ នេះជាឧបករណ៍តេស្តដំបូង និងចុងក្រោយ ដែល​អាចដឹងលទ្ធផល ត្រឹមតែ ៣នាទី​។

 

ម៉ាស៊ីនតេស្តនេះ មានឈ្មោះថា InspectIT COVID-19 Breathalyzer។ វាមានទំហំប៉ុនវ៉ាលីខោអាវ ដែលអាចប្រើបាននៅច្រើនកន្លែងងាយស្រួល ដូចជា ការិយាល័យពេទ្យ និងទីតាំងតេស្តចល័ត ជាដើម។ កាន់តែពិសេសនោះ វាអាចប្រាប់លទ្ធផលបាន ក្នុងរយៈពេល​មិនដល់ ៣នាទីនោះទេ

 

ប្រព័ន្ធបច្ចេកវិទ្យានេះ ដំណើរការ​​ដោយ​​បែងចែក និងកត់សម្គាល់ល្បាយគីមី ក្នុងដង្ហើម ដើម្បីស្វែងរកសមាសធាតុ ៥ប្រភេទ ដែលមានពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ។

 

ការសិក្សាមួយ បានបង្ហាញថា ម៉ាស៊ីន InspectIT COVID-19 Breathalyzer មានប្រសិទ្ធភាព ក្នុងការកំណត់ករណីវិជ្ជមាន បានត្រឹមត្រូវ ៩១% និងកំណត់ករណីអវិជ្ជមាន បានត្រឹមត្រូវស្ទើរតែ ១០០%។ ទោះជាយ៉ាងណា FDA បានប្រាប់ថា ក្នុងករណីរកឃើញវិជ្ជមាន គេគួរបញ្ជាក់ឲ្យដឹង ១០០% តាមតេស្ត PCR បន្ថែម។

 

FDA ក៏បានបន្ថែមថា នេះជាឧបករណ៍ និងបច្ចេកវិទ្យាថ្មីមួយទៀត ក្នុងចំណោមឧបករណ៍ធ្វើតេស្តកូវីដ ដែលមានកន្លងមកឧបករណ៍នេះ មានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលខ្លាំង សម្រាប់អ្នកប្រើប្រាស់។ គេកំពុងចាំមើលថា វានឹងត្រូវគេយកទៅប្រើច្រើន និងទូលំទូលាយប៉ុណ្ណា​ ប៉ុន្តែវាក៏អាស្រ័យលើតម្លៃលើទីផ្សារ ផងដែរ៕

 

ប្រភព៖ CNN II https://edition.cnn.com/health

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង