Blog detail

Nov 17, 2020

ក្រសួងណែនាំឱ្យពលរដ្ឋការពារសុខភាពពីជំងឺដែលអាចកើតមានអំឡុងពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំងឺដែលអាចកើតមាន លើមនុស្សចាស់ កុមារ និងជាពិសេសទារក នៅក្នុងរដូវរងារចាប់ពីចន្លោះខែធ្នូ ដល់ខែមករាខាងមុខនេះ។ 

 

យោងតាមការសេចក្តរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះបានឱ្យដឹងថារដូវរងារបានមកដល់ហើយ ដូច្នេះក្រសួងបានប្រកាសឱ្យពលរដ្ឋ ជាពិសេសអ្នកដែលស្ថិតនៅតំបន់ត្រជាក់ខ្លាំងនានា ការពារខ្លួនពីជំងឺដង្កាត់ដែលអាចកើតមានដូជា ជំងឺផ្លូវដង្ហើម អាល់លែកហ្ស៊ី ជំងឺផ្លូវដង្ហើមបណ្តាលមកពីវីរុស និងមេរោគស្ត្រឹបតូកូក ដែលបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំបង់ក ក្អក និងរលាកក្រពះ ពោះវៀន ដោយពពួកវីរុសជាដើម។ 

 

ក្រសួងបានបង្ហាញទៀតថាទារក កុមារ និងមនុស្សមានវ័យចំណាស់ អាចមានហានិភ័យខ្ពស់ទាក់ទងនឹងជំងឺដែលបណ្តាលមកពីអាកាសធាតុត្រជាក់នេះ។ ដូច្នេះទារកត្រូវចៀសវាងដេកនៅក្នុងបន្ទប់ត្រជាក់ ស្លៀកសម្លៀកបំពាក់ដែលកក់ក្តៅ និងដណ្តប់ភួយសម្រាប់ទារកឲ្យបានត្រឹមត្រូវ ដើម្បីព្យាយាមរក្សាសីតុណ្ហភាព ឲ្យបានកក់ក្តៅសម្រាប់ខ្លួនប្រាណទារក។ 

សំរាប់មនុស្សវ័យចំណាស់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ 

ក្រសួង បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និងមនុស្សវ័យចំណាស់ គួរតែស្លៀកពាក់ច្រើនជាន់ដើម្បីរក្សាភាពកក់ក្តៅក្នុងខ្លួន។ ចៀសវាងសំលៀកបំពាក់តឹង ដែលអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។

ពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់៕