
Jan 27, 2022
សូមប្រុងប្រយ័ត្ន! ពេលនេះ មាន «អូមីក្រុងបំបាំងកាយ» រកឃើញនៅក្នុងប្រទេសជាង ៤០ហើយ
បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្ត បានរកឃើញជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីមួយទៀត ដែលបានបំប្លែងពីអូមីក្រុង។ វីរុសកូវីដថ្មីនេះ ត្រូវបានគេដាក់ឈ្មោះថា «អូមីក្រុងបំបាំងកាយ» (stealth Omicron) ឬ BA.2។ អ្នកវិទ្យាសាស្ត្រ បានរកឃើញវីរុសប្រភេទថ្មីនេះ នៅក្នុងប្រទេសជាង ៤០ហើយ នៅទូទាំងពិភពលោក។
ទោះយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ នៅមិនទាន់អះអាងបាននៅឡើយទេថា វាជាអ្វី អោយពិតប្រាកដ និងមានឥទ្ធិពលយ៉ាងណា ចំពោះការរាតត្បាត នៅថ្ងៃខាងមុខ។ ពួកគេបានចាត់ទុកថា វីរុស បំប្លែងថ្មី BA.2 លាក់ខ្លួន នៅក្នុងទម្រង់ដើមរបស់វីរុសអូមីក្រុង ព្រោះហ្សែនរបស់វា មានលក្ខណៈពិបាកក្នុងការរកឃើញ។
លោកស្រី Allison Arwady វេជ្ជបណ្ឌិតកំពូលរបស់ទីក្រុងឈីកាហ្គោ (Chicago) និងជាស្នងការសុខភាព បាននិយាយកាលពីថ្ងៃអង្គារថា ឥឡូវនេះ យើងកំពុងតាមដានប្រភេទបំប្លែងថ្មីពីទម្រង់ដើមអូមីក្រុងនេះ។
លោកស្រី បន្ថែមថា «យើងមិនទាន់រកឃើញអ្វីនៅឡើយទេ នៅពេលនេះ និងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហានេះ ប៉ុន្តែយើងកំពុងពិនិត្យមើលវា ហើយយើងនឹងប្រាប់រាល់គ្នាឱ្យដឹង ប្រសិនបើមានអ្វីដែលត្រូវចាប់អារម្មណ៍ ឬព្រួយបារម្ភ»។
លោកស្រី បន្តថា នេះជាអ្វីដែលយើងដឹងអំពី «អូមីក្រុង បំបាំងកាយ ឬ Stealth Omicron» រហូតមកដល់ពេលនេះ។
ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសចំនួនបី បានបញ្ចូលទិន្នន័យអ្នកឆ្លងកូវីដ-១៩ប្រភេទ BA.2 ជិត ១៥០០០ករណី ទៅក្នុងប្រព័ន្ធ GISAID ដែលជាប្រព័ន្ធសកលមួយ សម្រាប់ផ្តល់ព័ត៌មាន និងចែករំលែកទិន្នន័យមេរោគឆ្លង។ គិតត្រឹមព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី អូមីក្រុងបំបាំងកាយ នៅសហរដ្ឋអាមេរិក មានចំនួន ៩៦ករណី៕
ប្រភព៖ NBC Chicago