Blog detail

Dec 08, 2021

ជំងឺរលាកបំពង់ក លើកុមារ

ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង ​លោកវេជ្ជបណ្ឌិត កែវ វណ្ណា អនុប្រធានការិយាល័យបច្ចេកទេស និងប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកុមារជាតិ បានលើកឡើងពីជំងឺរលាកបំពង់កលើកុមារ។ ជំងឺ​រលាកសាច់បំពង់ក ជាការរលាក​នៅលើភ្នាស​នៃសាច់បំពង់ក។ កុមារ​អាយុពី ២ឆ្នាំ​ ទៅ ៥ឆ្នាំ កើតជំងឺ​រលាកសាច់បំពង់កញឹកញាប់​ជាងគេ​។

 

មូលហេតុ​៖

-ពពួកវីរុស

-បាក់តេរី

-សុខភាព​កុមារ មិនរឹងមាំ ដោយសារខ្វះការថែទាំ អាហារូបត្ថម្ភ ការផ្តល់​ថ្នាំបង្ការ​មិនបានគ្រប់គ្រាន់​

-បរិស្ថាននៃការរស់នៅមិនល្អ និងខ្វះអនាម័យ​ ជាដើម

 

រោគសញ្ញា៖

-ក្តៅខ្លួន

-កុមារយំ

-ឈឺក

-ពិបាកលេបចំណីអាហារ

-ពេលនិយាយ សំឡេង​មានការផ្លាស់ប្តូរ​

-ហៀរសំបោរ

-មានស្លេស្ម៍

-ក្អក

-ហើម​កូនកណ្តុរ

 

វិធី​ការពារ​៖

-ផ្តល់របបអាហារ​ឲ្យកុមារ បានត្រឹមត្រូវ

-អនាម័យ​​ក្នុងការញ៉ាំ ក្នុងការគេង និងក្នុងការលេង ឲ្យបានត្រឹមត្រូវ​

-កុមារ ត្រូវទទួល​ថ្នាំបង្ការ​ឲ្យបានត្រឹមត្រូវ​ តាមគោលការណ៍ថ្នាក់ជាតិ​

-បើកូនក្តៅខ្លួន​ ហើយគិតថា កុមារ​​រលាកបំពង់ក សូម​នាំកុមារ​ មកកាន់មន្ទីរពេទ្យ​ជាបន្ទាន់​

 

លោក​វេជ្ជ​បណ្ឌិត​ កែវ​ វណ្ណា​ បន្ត​ថា ​បើ​សិន​ជា​មិនព្យាបាល​ឲ្យទាន់ពេលវេលា​លើកុមារ​ ដែលមានជំងឺរលាកបំពង់​កទេនោះ គឺបើ​កុមារ​ក្តៅខ្លួន នោះអាច​ប្រឈមនឹង​ប្រកាច់​។ បើបាក់តេរី​ ចូល​កន្លែង​រលាកសាច់បំពង់​ក​នោះ នឹងធ្វើ​ឲ្យ​មានខ្ទុះ ហើយ​បើប្រព័ន្ធភាពស៊ាំរបស់កុមារចុះខ្សោយ នឹងបង្ក​ជាអាប់សែ​នៅបំពង់កនោះ។​ លើសពីនេះទៀត កុមារ​ក៏អាចប្រឈម​នឹង​ការឆ្លងរោគ​ទៅតាមកម្រិតនិមួយៗ។​ កុមារ​ក៏ប្រឈមនឹង​ការរលាក​ស្រោមខួរ​ក្បាលផងដែរ​។ ក្នុងនោះ ក៏អាចធ្វើ​ឲ្យ​កុមារ រលាកត្រចៀកកណ្តាល​ បើសិនជា​ព្យាបាល​ជំងឺ​រលាកសាច់បំពង់ក មិនបានទាន់ពេលវេលា និងមិនបានត្រឹមត្រូវទេ​។

 

លោកវេជ្ជបណ្ឌិត កែវ វណ្ណា លើកឡើងថា ផល​វិបាក​ខាងលើនេះ មិនមែនសុទ្ធតែកើតលើកុមារទាំងអស់ទេ តែបាន​កើតឡើង​ច្រើនលើកុមារ ដែល​មាតាបិតា អាណាព្យាបាល​នាំមកកាន់មន្ទីរពេទ្យ​ ដើម្បីពិនិត្យ​ព្យាបា​លជំងឺ​រលាកសាច់បំពង់ក។

 

លោកវេជ្ជបណ្ឌិត បន្តថា​ នៅក្នុងការព្យាបាល​ជំងឺ​រលាកសាច់បំពង់កលើកុមារ គឺ​មិនសុទ្ធតែធ្វើការវះកាត់​នោះទេ​។ ការព្យាបាល​ គឺយើងផ្អែក​ទៅលើមូលដ្ឋានរួម ៣៖ ១-ព្យាបាល​តាមរោគសញ្ញាកុមារ ដូចជា ប្រកាច់ ឬក្តៅខ្លួនខ្លាំង​ យើងត្រូវធ្វើយ៉ាងណា ទប់ស្កាត់​ និង​ឲ្យក្តៅ​ថយចុះ​ ២-ផ្តល់​អាហារ​ឲ្យបានត្រឹមត្រូវ​ សមស្រប ព្រោះអាហារ​ ជាចំណែក​មួយ​ក្នុងការទ្រទ្រង់ឲ្យ​ការព្យាបាល​ មានប្រសិទ្ធភាពខ្ពស់​។ ៣-ការព្យាបាល ដោយវះកាត់ គឺនៅពេលដែលមានអាប់សែ លើសាច់បំពង់ក ដែលយើងត្រូវដោះស្រាយ ​សង្គ្រោះ​បន្ទាន់​ ដើម្បីកាត់បន្ថយ​អត្រាចម្លងរោគផ្សេងៗ តាមរយៈឈាម ដែលអាចធ្វើ​ឲ្យ​កុមារ មានស្ថានភាពធ្ងន់ធ្ងរ ហើយក៏ដោះស្រាយប្រព័ន្ធផ្លូវដង្ហើមរបស់កុមារ​​។ ការវះកាត់នេះ នឹងធ្វើឡើង នៅពេល​សាច់បំពង់ក ដែលរលាកនោះ រីកធំ​។

 

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ករណីព្យាបាលដោយវះកាត់ មានកត្តា ៣៖ ១-ការរលាក និងការរីកធំញឹកញាប់​របស់កុមារ ដែលក្នុង ១ឆ្នាំ រហូតលើសពី ៥ដង​ ២-ពិបាក​លេប និងពិបាកដកដង្ហើម ៣-សាច់បំពង់​កនោះ រីកធំ ហើយ​មិនប្រសើរ ដែលភាសាសាមញ្ញហៅថា សាច់កាច។ តែករណីទាំងនេះ កុមារ​យើង កម្រជួបណាស់​។

 

លោកវេជ្ជបណ្ឌិត កែវ វណ្ណា បញ្ជាក់បន្ថែមថា ថ្នាំ​ផ្សះ​មិនមែន​សុទ្ធតែប្រើប្រាស់​ទៅលើកុមារ​ ដែលមានជំងឺរលាកសាច់បំពង់កទេ​ ព្រោះ​មូលហេតុ​ ដែលនាំ​ឲ្យកុមារ​រលាកបំពង់ក មាន​ការបង្កឡើងដោយវីរុស ដូច្នេះ​ថ្នាំផ្សះ មិន​មានប្រសិទ្ធភាព លើវីរុសទេ​។ ដូច្នេះត្រូវ​ព្យាបាល​តាមរោគសញ្ញា ដែល​កុមារ​មាន ដូចជា ក្តៅខ្លួន យើងឲ្យថ្នាំបញ្ចុះកម្តៅ។ បើកុមារហៀរសំបោរ យើង​ត្រូវ​លាងសម្អាតច្រមុះ ហើយ​ផ្តល់​ថ្នាំទៅតាមអាយុកុមារ ផ្តល់អាហារ​ និងឲ្យសម្រាក​។ ចំពោះបាក់តេរី យើងអាចផ្តល់​ថ្នាំផ្សះ​ តែយើង​បារម្ភ​ពីការប្រើប្រាស់​ថ្នាំផ្សះ ដូច្នេះត្រូវ​តែនាំកុមារ មកពិនិត្យព្យាបាល នៅមន្ទីរពេទ្យ​។

  

សូម​បញ្ជាក់​ថា ​ មន្ទីរពេទ្យកុមារជាតិ​ ​គឺជាមន្ទីរពេទ្យ​រដ្ឋ នៅក្នុងរាជធានីភ្នំពេញ ​ដែល​​បាន​ប្រើប្រាស់​​​កម្មវិធីពេទ្យ​យើង។ កម្ម​វិធី​ពេទ្យ​​យើង បង្កើត​ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕