Blog detail

Dec 02, 2021

ជំងឺភ្នែកឡើងបាយ

ក្នុង​កម្មវិធី «សន្ទនា​អំពី​សុខភាព» របស់ពេទ្យយើង លោកវេជ្ជបណ្ឌិត រិទ្ធ ណារ៉ុង ឯកទេសជំងឺភ្នែក និងវះកាត់សរសៃបាតភ្នែក នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើង​ពី​ជំងឺភ្នែកឡើងបាយ​។ ជំងឺភ្នែកឡើងបាយ គឺជាការស្រអាប់នៃកែវភ្នែក ដែលយើងមើលពីក្រៅទៅ ឃើញក្រមុំភ្នែក ឡើងស។ ការស្រអាប់នៃកែវភ្នែកនេះ ជាឧបសគ្គបាំងពន្លឺ និងរូបភាព ដែលចាំងពីខាងក្រៅទៅ គឺមិនអាចទៅដល់សរសៃបាត​ភ្នែកត្រឹមត្រូវ នាំ​ឲ្យអ្នកជំងឺ​មើលមិនសូវ​ច្បាស់ទេ។

 

លោកវេជ្ជបណ្ឌិត បន្តថា កាន់តែគ្រោះថ្នាក់ទៅទៀត បើសិនជា​ទុក​ភ្នែកឡើងបាយនេះ រហូតដល់​បាយទុំ មិនបានព្យាបាល​ នោះវានឹងវិវត្តទៅជាជំងឺទឹកដក់បាតភ្នែក រលាក​ក្នុងភ្នែក និងធ្វើ​ឲ្យអ្នកជំងឺពិការភ្នែក​ ដែល​មិនអាចស្រោចស្រង់ឡើងវិញបាន​។

 

លោកវេជ្ជបណ្ឌិត រិទ្ធ ណារ៉ុង បន្តថា​ នៅលើពិភពលោក ជំងឺភ្នែកឡើងបាយ ជាមូលហេតុ​ចម្បងហើយ ដែលនាំ​ឲ្យ​អ្នកជំងឺ​មានបញ្ហាពិការភាពសុខភាពភ្នែក​។ រីឯប្រទេស​កម្ពុជាយើង របាយការណ៍ចេញពី​កម្មវិធីជាតិ​សុខភាពភ្នែក ក៏បានធ្វើ​ការស្រាវជ្រាវដែរ លើប្រជាជនខ្មែរយើង អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ យើងរកឃើញ​ជំងឺភ្នែកឡើងបាយ រហូតដល់ ៧៤.៧% ដែលធ្វើឲ្យ​អ្នកជំងឺ​ បាត់បង់​គុណភាព​នៃការមើលឃើញ គុណភាពជីវិត​របស់​គាត់ ក៏ប្រែប្រួលដោយសារ​ការមើលមិនច្បាស់​នេះដែរ​។ ​  

 

ជំងឺភ្នែក​ឡើងបាយ ត្រូវបានចាត់​ជា ៤ក្រុមសំខាន់៖

-ជំងឺភ្នែកឡើងបាយ ដែលកើតឡើងពីកំណើត បង្កឡើងដោយសារតែម្តាយ ពេលមានផ្ទៃពោះ កើតជំងឺ​ស្អូច ឬមានស្តេរ៉ូអ៊ិតច្រើន

-ជំងឺភ្នែកឡើងបាយ កើតឡើងទៅតាមវ័យ ដោយចាប់ពីអាយុ ៤៥ឆ្នាំឡើងទៅ គឺប្រឈម​នឹង​ការ​ឡើងបាយភ្នែក​

-ជំងឺភ្នែកឡើងបាយ ដែលកើតឡើងដោយសារការប៉ះទង្គិច​ចំគ្រាប់​ភ្នែក

-ជំងឺភ្នែកឡើងបាយ ដែលកើតពីជំងឺទូទៅ ដូចជា អ្នកមាន​ជំងឺឡើងជាតិស្ករ ឬទឹកនោមផ្អែម ប្រឈម​នឹង​ជំងឺភ្នែកឡើងបាយ លើសពីអ្នកធម្មតា​។

 

លោកវេជ្ជបណ្ឌិត រិទ្ធ ណារ៉ុង បន្ថែមថា ចំពោះការព្យាបាល​ជំងឺភ្នែកឡើងបាយ គឺប្រែប្រួល​ទៅតាមវ័យ​អ្នកជំងឺ ដូចជាអ្នកជំងឺភ្នែកឡើងបាយ កើតពីកំណើត គឺគ្រូពេទ្យ​ភ្នែក​ប្រញាប់ព្យាបាល ឬក៏ជួយសង្គ្រោះ​ប្រព័ន្ធ​នៃការមើលឃើញរបស់គាត់ ព្រោះបើកើតជំងឺភ្នែកឡើងបាយ ពីកំណើត ហើយមិនបានដោះស្រាយ​ឲ្យ​ទាន់ពេលទេ នោះអ្នកជំងឺ​នឹងប្រឈមនឹងជំងឺ Lazy Eyes ជំងឺខ្ជិលភ្នែក ដែល​ធ្វើ​ឲ្យប្រព័ន្ធខួរក្បាលរបស់គាត់ មិនអាច​ចាប់​បាន​ច្បាស់ តាំងពីកំណើតមក​។ រហូតដល់អាយុ ៩ឆ្នាំ ទៅ ១២ឆ្នាំ គឺគាត់ប្រឈមនឹងជំងឺ​ខ្ជិលភ្នែក​។ ដោយឡែក មនុស្សចាស់វិញ ដោយសារតែគាត់​ព្រិល​ភ្នែក គាត់​មកពិនិត្យ​ ហើយ​ពេទ្យ​អាចបែងចែក​ប្រភេទ​ជំងឺភ្នែក​របស់គាត់ និងព្យាបាល​តាមនោះ។  

 

រោគសញ្ញាជំងឺ​ភ្នែកឡើងបាយ​៖ មើលមិនសូវ​ច្បាស់ ស្រវាំងភ្នែក ចាញ់ពន្លឺ រូបភាពបាត់កូល័រខ្លះ តែមិនឈឺចាប់ទេ។ លើកលែងតែបាយនោះ ទុំខ្លាំង វិវត្តទៅ​ជាទឹកដក់ ឬក៏​រលាកបាតភ្នែក ទើបធ្វើ​ឲ្យអ្នកជំងឺឈឺចាប់ ។ ដូច្នេះ​បន្តិចម្តងៗ អ្នកជំងឺ​អាចសម្គាល់ថា ភ្នែក​របស់គាត់ស្រអាប់ទៅៗ ឬក៏ស្រវាំងទៅៗ តែមិនឈឺចាប់ទេ នោះគាត់​មានជំងឺ​ភ្នែកឡើងបាយ​ហើយ​។

 

វិធីព្យាបាលជំងឺភ្នែកឡើងបាយ៖

ប្រើវិធីបកដោយដៃ និង​ដោយប្រើម៉ាស៊ីនកុំព្យួទ័រ​។ ការបក​ដោយដៃ មានមុខរបួសធំ ហើយយូរ​នឹង​ជាជាង​ព្យាបាលដោយ​ម៉ាស៊ីនកុំព្យួទ័រ​។ ព្យាបាលភ្នែកឡើងបាយ បកដោយដៃ អាចប្រើពេលដល់ ១ខែ ទើបជា។ រី​ឯ​បកដោយ​ម៉ាស៊ីនកុំព្យួទ័រ ត្រឹមតែ ២សប្តាហ៍​ អាចធ្វើការបានធម្មតា​។ ជំងឺភ្នែកឡើងបាយ ព្យាបាលតែម្តង​ៗ​​ទេ។ មន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យរដ្ឋដំបូងគេ ដែល​ព្យាបាល​ជំងឺភ្នែកឡើងបាយ ដោយម៉ាស៊ីនកុំព្យួទ័រ​ និង​ប្រើកែវសិប្បនិមិត្តពិសេស។ ជាទូទៅ ស្ទើរតែ ៩៩.៩៩% ហើយ ដែល​បក​បាយភ្នែក ដោយប្រើកែវ​សិប្បនិមិត្ត​ធម្មតា ដែល​ធ្វើ​ឲ្យអ្នកជំងឺ​ អាចមើលឆ្ងាយ បានច្បាស់ជាងមុន តែ​ពេលមើលជិតៗ ត្រូវ​ប្រើវ៉ែនតា។ រីឯ​កែវសិប្បនិមិត្តពិសេស មានតម្លៃថ្លៃបន្តិច ហើយ​បកដោយ​ម៉ាស៊ីនកុំព្យួទ័រ ទើបអាច​ដាក់​ប្រើ​នឹង​កែវ​នោះកើត ហើយមានសមត្ថភាព​ ទាំងមើលឆ្ងាយ និងទាំង​មើលជិតក៏បាន​។

 

វិធីការពារ៖

អ្នកមានជំងឺ​ឡើងជាតិស្ករ ឬទឹកនោមផ្អែម ត្រូវទៅ​ត្រួតពិនិត្យ និងថែរក្សា​កុំ​ឲ្យជាតិស្ករឡើងខ្ពស់។ បើឡើងបាយ ដោយការប៉ះទង្គិច ពេទ្យ​ណែនាំឲ្យអ្នកជំងឺ​ពាក់វ៉ែនតា​ការពារភ្នែក​។ អ្ន​ក​ប្រឈមនឹង​ពន្លឺថ្ងៃច្រើន អាចប្រើ​វ៉ែនតាការពារពន្លឺ​ព្រះអាទិត្យ។ ​អ្នក​ជក់បារី ក៏អាច​ធ្វើ​ឲ្យ​ភ្នែកឡើងបាយ​ដែរ ដូច្នេះ​គួរតែ​ឈប់​ជក់បារី​។ 

 

សូម​បញ្ជាក់​ថា ​ មន្ទីរពេទ្យព្រះអង្គឌួង​ ​គឺជាមន្ទីរពេទ្យ​រដ្ឋ នៅក្នុងរាជធានីភ្នំពេញ ​ដែល​​បាន​ប្រើប្រាស់​​​កម្មវិធីពេទ្យ​យើង។ កម្ម​វិធី​ពេទ្យ​​យើង បង្កើត​ដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕