Blog detail

Nov 29, 2021

វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង៖ ថៃហាមឃាត់អ្នកដំណើរមកពី ៨ប្រទេស នៅតំបន់អាហ្វ្រិចខាងត្បូង ខណៈហូឡង់ រកឃើញអ្នកឆ្លង ១៣នាក់

ថៃ បានសម្រេច​ហាមឃាត់​អ្នកដំណើរ មកពី ៨ប្រទេស នៅតំបន់អាហ្រ្វិចខាងត្បូង មិន​ឲ្យធ្វើដំណើរ​ចូលប្រទេសថៃឡើយ ​ចាប់ពីថ្ងៃទី​១​ ខែធ្នូ ឆ្នាំ២០២១ តទៅ​។ ប្រទេសទាំង ៨នោះ ជាប្រភពនៃវីរុសកូវីដ១៩ បំប្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron)​។

 

កាសែតថៃ បាងកកប៉ុស្តិ៍ ផ្សាយនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ​អ្នកដំណើរមកពីប្រទេស​អាហ្រ្វិចខាងត្បូង ទាំង ៨ប្រទេស ដែលហាម​មិន​ឲ្យធ្វើដំណើរចូលប្រទេសថៃ រួមមាន៖ បូតស្វាណា (Botswana) ហ្សីមបាវ៉េ (Zimbabwe) ណាមីប៊ី (Namibia) ឡេសូថូ (Lesotho) អេសវ៉ាធីនី (Eswatini) ម៉ូសំប៊ិក (Mozambique) និងប្រទេសម៉ាឡាវី (Malawi)

 

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ថៃមិនទាន់រកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនៅឡើយទេ ខណៈដែលចាប់តាំងពីបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆកា ថៃទទួលអ្នកដំណើរចំនួន ១០០៧នាក់ មកពីតំបន់អាហ្រ្វិច។ ប៉ុន្តែធ្វើតេស្ត មិនមានអ្នកឆ្លងវីរុសកូវីដ១៩ ឡើយ។

 

រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ វីរុសកូវីដ បំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញ នៅហុងកុង បែលហ្សិក អ៊ីស្រាអ៊ែល និងហូឡង់។ នៅហូឡង់ នាថ្ងៃនេះ មានសេចក្តីរាយការណ៍ថា រកឃើញអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ចំនួន ១៣នាក់ ឆ្លងវីរុសកូវីដ បំប្លែងថ្មី អូមីក្រុង។

 

អូមីក្រុង ត្រូវបានអ្នកវិទ្យាសាស្ត្រ និងអង្គការសុខភាពពិភពលោក (WHO) បង្ហាញការព្រួយបារម្ភថា ឆ្លងខ្លាំងជាងកូវីដ ប្រភេទ ដែលតា ច្រើន​ដង​ទៅទៀត។

មកដល់ពេលនេះ សហរដ្ឋអាមេរិក សហភាព​អឺ​រ៉ុ​ប ចក្រភព​អង់គ្លេស និង​ប្រទេស​ជា​ច្រើន​ទៀត បាន​បិទ​ជើងហោះហើរ ​មក​ពី​តំបន់​អា​ហ្វ្រិ​ច​ខាងត្បូង ដូចជា មកពីប្រទេស​បូត​ស្វា​ណា (Botswana) ហ្សី​ម​បា​វ៉េ (Zimbabwe) ណា​មី​ប៊ី (Namibia) ឡេ​សូ​ថូ (Lesotho) អេស​វ៉ា​ធី​នី (Eswatini) ម៉ូ​សំ​ប៊ិក (Mozambique) និង​ប្រទេស​ម៉ា​ឡា​វី (Malawi)​