Blog detail

Nov 24, 2021

ហាត់ប្រាណ អាចជួយមិនឲ្យលើសឈាម

ជំងឺ​លើសឈាម ឬជំងឺលើសសម្ពាធឈាម គឺជា​​ការកើនឡើងនៃសំពាធឈាមលើសពី​កម្រិតធម្មតា។ យើងដឹងថា លើសឈាម ឬជំងឺលើសសម្ពាធឈាម គឺ​ដឹងបានតាមរយៈ​ម៉ាស៊ីនវាស់សម្ពាធ​ឈាម​ ដែល​វា​អាច​ផ្តល់​ផលប៉ះពាល់ទៅលើជញ្ជាំងសរសៃ​ឈាមនៃសរីរាង្គផ្សេងៗ ជាពិសេសសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ ជំងឺលើសឈាម ត្រូវបានទទួល ស្គាល់ថា ជាឃាតក​​សម្ងាត់ ដែលអាចសម្លាប់មនុស្ស​បានគ្រប់ពេលវេលា។

 

រោគសញ្ញា៖
ឈឺក្បាល
រោយកញ្ជឹងក
វិលមុខ
ស្រវាំងភ្នែក
ឈាមច្រមុះ ជាដើម។

ចំណាត់ថ្នាក់កម្រិតសំពាធឈាម៖
សំពាធឈាមធម្មតា សំពាធអតិបរមាតិចជាង 120 mmHg និងសំពាធអប្បបរមាតិចជាង 80 mmHg
សំពាធឈាមមុនលើសឈាម សំពាធអតិបរមា 120-139 mmHg និងសំពាធអប្បបរមា 80-89mmHg
លើសសំពាធឈាមដំណាក់កាលទី១ សំពាធអតិបរមា 140-159 mmHg និងសំពាធអប្បបរមា 90-99mmHg
លើសសំពាធឈាមដំណាក់កាលទី២ សំពាធអតិបរមាធំជាង ឬលើស 160 mmHg និងសំពាធអប្បបរមាធំជាង ឬលើស 100 mmHg

​​មូលហេតុអ្វីខ្លះ ដែលបណ្ដាលអោយកើតជំងឺលើសឈាម៖

តាមការសិក្សាបានបញ្ជក់ ៩០-៩៥% នៃជំងឺលើសឈាម គឺមិនមានមូលហេតុពិតប្រាកដឡើយ។ ចំណែក ១០-១៥% នៃជំងឺលើសឈាមអាចមាន មូលហេតុច្បាស់លាស់ ដែលមានដូចខាងក្រោម៖

ជំងឺតំរងនោម (Kidney problems)

ជំងឺក្រពេញក (Thyroid problems)

ជំងឺក្រពេញលើក្រពេញតំរងនោម (Adrenal gland problems)

ជំងឺពិបាកចិត្ត (stress)

ពិសាគ្រឿងស្រវឹង(Alcohol abuse or chronic alcohol use)

ប្រើប្រាស់គ្រឿងញៀន (cocaine និង amphetamines)


​កត្តា​ ដែលជំរុញអោយកើតជំងឺលើសឈាម រួមមាន៖ អាយុច្រើន(បុរសលើសពី ៥៥ឆ្នាំ ស្ត្រីលើសពី ៦៥ឆ្នាំ)​ មិនសូវ ឬមិនបានហាត់ប្រាណ​ ជក់បារី​ ជំងឺទឹកនោមផ្អែម​ លើសទម្ងន់ ធាត់ លើសជាតិខ្លាញ់ មានប្រវត្តិ ឬកំពុងប្រើប្រាស់ថ្នាំ ដែលនាំអោយលើសឈាម ប្រវត្តិក្រុមគ្រួសារមានជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និង​ជំងឺលើសឈាម។

 

លោកស្រីវេជ្ជបណ្ឌិត ខាន់ សុម៉ារ៉ា ឯកទេសជំងឺទូទៅ នៃមន្ទីរសម្រាកព្យាបាល សរីសោភ័ណ បានលើកឡើងក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើងថា ការហាត់ប្រាណ ១ថ្ងៃ ១ម៉ោង​ អាចជួយព្យាបាលជំងឺលើសសម្ពាធឈាមបាន​។

លោកស្រីវេជ្ជបណ្ឌិត ខាន់ សុម៉ារ៉ា លើក​ឡើងថា អ្នកជំងឺ អាចហាត់ប្រាណ ដោយខ្លួនឯង ក្នុង ១ថ្ងៃ ១ម៉ោង នៅពេលព្រឹកក៏បាន ឬក៏ពេលល្ងាច ក៏បាន។ វិធីហាត់ប្រាណ ទៅតាមវ័យ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកជំងឺមួយៗ។ អ្នកខ្លះ អាចរត់ អាចធាក់កង់ អាចរាំ អាចហាត់យូហ្គា និងអាចហែលទឹក​ ជាដើម។

 

លោកស្រីវេជ្ជបណ្ឌិត ខាន់ សុម៉ារ៉ា បន្ថែមថា បើសិនជាមនុស្សចាស់ អាចហាត់ប្រាណដោយរាំ តាមបទភ្លេង​។ តែសម្រាប់ក្មេងៗ នៅមានកម្លាំង អាចរត់​ម៉ារ៉ាតុន ឲ្យបែកញើស រយៈពេលមួយម៉ោងព្រលឹមឡើង ឬក៏ពេលល្ងាច។ ការហាត់ប្រាណ ធ្វើ​ឲ្យចុះសម្ពាធ​ឈាម បញ្ចេញជាតិពុល បញ្ចុះទម្ងន់ ធ្វើ​ឲ្យស្គម។ អ្នកស្គម មិនសូវឈឺទេ​។

 
សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល សរីសោភ័ណ គឺជាមន្ទីរពេទ្យ​ឯកជន នៅក្នុងខេត្តបន្ទាយមានជ័យ ​ដែល​បានប្រើប្រាស់​​កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាល​ទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន​៕