
Nov 22, 2021
មុន លើមនុស្សវ័យជំទង់
លោកស្រីវេជ្ជបណ្ឌិត វុឌ្ឍី រ័ត្នវីរីយ៉ា អនុបណ្ឌិតផ្នែកស្បែក មកពីចក្រភពអង់គ្លេសនៃមន្ទីរព្យាបាលស្បែក ប៊ីស៊ី បានលើកឡើង ក្នុងកម្មវិធីសន្ទនា អំពី សុខភាព របស់ពេទ្យយើង ថា មុន ជាទូទៅ កើតឡើងដោយសារតែក្រពេញបញ្ចេញខ្លាញ់ ស្ទះរុន្ធញើស បូករួមទាំងធូលីដី កោសិកាចាស់ៗ ដែលងាប់ និងកាកសំណល់ពីការតុបតែងមុខ ជាដើម។ មុន កើតឡើងច្រើនលើមនុស្សវ័យជំទង់ ដែលអ័រម៉ូនរបស់គាត់ កំពុងដំណើរការខ្លាំង ដែលនាំឲ្យក្រពេញបញ្ចេញខ្លាញ់ ធ្វើការខ្លាំង ហើយនាំឲ្យកកស្ទះខ្លាញ់កាន់តែខ្លាំង។ មនុស្សប្រុស ងាយកើតមុន ជាងមនុស្សស្រី តែមនុស្សស្រី ងាយព្យាបាលជាង។
មូលហេតុកើតមុន៖
១-ការកកស្ទះខ្លាញ់ ធូលីដី កោសិកាចាស់ៗ ដែលងាប់ និងកាកសំណល់ពីការតុបតែងមុខ
២-បម្រែបម្រួលអ័រម៉ូន
៣-តំណពូជ
៤-ការញ៉ាំចំណីអាហារ
៥-ការប្រើប្រាស់ផលិតផលលាបមុខខុស
ការព្យាបាលមុន៖
មុន អាចព្យាបាលជាសះស្បើយ បើសិនជាសហការ និងធ្វើតាមអ្វីដែលវេជ្ជបណ្ឌិតឯកទេស ណែនាំ និងតាមវេជ្ជបញ្ជា។ ក្នុងនោះ គ្រូពេទ្យ អាចពិនិត្យ រកប្រភេទមុន តើជាមុនក្បាលស ក្បាលខ្មៅ មុនសាច់ មុនខ្ទុះ...? ក្នុងដំណាក់កាលដំបូង គ្រូពេទ្យ អាចឲ្យថ្នាំ ជាប្រភេទ Cream ឬ Gel ដើម្បីលាប។ បន្ទាប់មក មានហ្វូមលាងមុខ និងទឹកជូតសម្លាប់មេរោគ ដើម្បីលាងសម្អាត ថែរក្សាស្បែកមុខ និងកម្ចាត់មុន។
លោកស្រីវេជ្ជបណ្ឌិត បន្តថា បើកម្រិតនៃការកើតមុនរបស់គាត់ រាងខ្លាំង យើងមានថ្នាំញ៉ាំ។ ថ្នាំញ៉ាំ មាន ៣ប្រភេទធំៗ៖ ទី១-ថ្នាំផ្សះ ក្នុងករណីថា មុនគាត់ ជាមុនរោលខ្លាំង ឬក៏មានជាខ្ទុះ ទី២-មុននោះ មានច្រើន ជាមុនកប់សាច់ ហើយប្រើថ្នាំលាបមិនត្រូវ ក៏ត្រូវប្រើថ្នាំលេប និងទី៣-ថ្នាំអ័រម៉ូន សម្រាប់ព្យាបាលមុនអ័រម៉ូន។
ក្រៅពីនោះ លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា ក៏នៅមានការបូមសម្អាតខ្លាញ់ លាងសម្អាតគល់រោម រន្ធញើស ដោយប្រើឡេស័រ និងម៉ាស៊ីន។
វិធីការពារ កុំឲ្យកើតមុន៖
១-លាងសម្អាតមុខនឹងសាប៊ូ ដែលត្រូវនឹងស្បែករបស់យើង ដោយមិនមានជាតិកាត់ តែជួយបន្ថយជាតិខ្លាញ់។ ប្រើ ១ថ្ងៃ ២ដង គឺពេលព្រឹក និងពេលយប់។
២-ប្រើទឹកជូតសម្អាតមុខ
៣-ជួបពេទ្យ ហើយបូមសម្អាតមុនសាច់។ ការលាងសម្អាតមុខដោយសាប៊ូ ជែល គឺស្អាតតែផ្នែកខាងក្រៅៗ ទេ តែប្រើម៉ាស៊ីនបូម នឹងចូលលាងសម្អាតដល់ខាងក្នុងរន្ធញើស។ អាចធ្វើ ១ខែម្តង ឬ ២ខែម្តង។
លោកស្រីវេជ្ជបណ្ឌិតឯកទេសស្បែក វុឌ្ឍី រ័ត្នវីរីយ៉ា បានបញ្ជាក់ថា ក្នុងមួយចាកជីវិត ម្នាក់ៗ គួរតែទៅពេទ្យជំនាញស្បែក ដើម្បីពិនិត្យស្បែកមុខ ឲ្យបានយ៉ាងហោចណាស់ម្តង ដើម្បីដឹងពីប្រភេទស្បែកមុខរបស់យើង ជាស្បែកខ្លាញ់ ឬខ្លាញ់លាយស្ងួត ឬជាស្បែកស្ងួត និងងាយប្រតិកម្ម ជាដើម។ បន្ទាប់ពីពេទ្យពិនិត្យរួច ក្រៅពីព្យាបាល គ្រូពេទ្យក៏នឹងអប់រំ ណែនាំ និងផ្តល់ពីវិធីការពារ រួមទាំងជ្រើសរើសផលិតផលថែរក្សាស្បែកមុខផងដែរ។
ក្រៅពីនេះ នៅផ្ទះ អាចលាងសម្អាតមុខ រួមទាំងជ្រើសរើសផលិតផលសម្អាង និងថែរក្សាស្បែក ដែលត្រូវនឹងប្រភេទស្បែកមុខ។ កាត់បន្ថយការប៉ះពាល់ផ្ទៃមុខ ពិសេសការញិចមុន។ សម្រាកឲ្យបានគ្រប់គ្រាន់ ដែលវ័យជំទង់ ត្រូវគេងឲ្យបាន ៧ ទៅ ៩ម៉ោង ក្នុង ១ថ្ងៃ។ ហាត់ប្រាណ និងទទួលទានចំណីអាហារ ដោយគួរកាត់បន្ថយអាហារ ដែលសំបូរជាតិខ្លាញ់ ផ្អែមខ្លាំង ហឹរខ្លាំង រួមទាំងកាត់បន្ថយស្ត្រេស និងឈប់ជក់បារី ជាដើម។
លោកស្រីវេជ្ជបណ្ឌិត វុឌ្ឍី រ័ត្នវីរីយ៉ា បានផ្តាំផ្ញើដល់ឪពុកម្តាយ អាណាព្យាបាលយុវវ័យ ឲ្យយកចិត្តទុកដាក់លើផ្ទៃមុខរបស់កូនចៅ។ បើយុវវ័យ កើតមុន គួរតែនាំទៅជួបគ្រូពេទ្យឯកជន នៅគ្លីនិក ដើម្បីពិនិត្យព្យាបាល កុំទុករហូតដល់កូនចៅ ខូចមុខ និងមានស្នាម ដែលពិបាកនឹងព្យាបាល។
លោកស្រីវេជ្ជបណ្ឌិត បន្តថា មុន អាចពិនិត្យព្យាបាល ត្រឹមតែ ១ខែ ទៅ ៣ខែ នឹងជាសះស្បើយ តែបើទុកមុននោះ រហូតដល់ក្លាយជាស្នាម គឺការព្យាបាល នឹងប្រើពេលយូរ ចូលដល់ឆ្នាំហើយ។
លោកស្រីវេជ្ជបណ្ឌិត វុឌ្ឍី រ័ត្នវីរីយ៉ា បញ្ជាក់បន្ថែមថា ការថែរក្សាស្បែក ជាបញ្ហាសំខាន់។ តែបើយើងមិនដឹងពីផលិតផលសំអាង ក៏ដូចជារូបមន្តផ្សំទេ គួរតែកុំប្រើ ល្អប្រសើរជាង។ គេមិនអាចប្រើប្រាស់ផលិតផលតាមគ្នាបានទេ។ ដូច្នេះគួរតែជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យស្បែកមុខ និងទទួលការណែនាំ មុននឹងជ្រើសរើសយកផលិតផលសំអាងណាមួយ មកប្រើប្រាស់។
សូមបញ្ជាក់ថា មន្ទីរព្យាបាលស្បែក ប៊ីស៊ី គឺជាមន្ទីរពេទ្យឯកជន ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕