
Nov 17, 2020
វិធីសាស្ត្រ ៦ យ៉ាងក្នុងការថែរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញរបស់លោកអ្នក
ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អតួនាទីសំខាន់បំផុតនោះគឺការថែរក្សាធ្មេញ និងអញ្ចាញអោយបានស្អាតនិងមានសុខភាពល្អ។កង្វះការថែទាំនិងព្យាបាលមិនបានគ្រប់គ្រាន់ធ្វើឲ្យធ្មេញ និងអញ្ចាញរបស់លោកអ្នកមានបញ្ហាដូចជាឈឺធ្មេញពុកធ្មេញបាក់ធ្មេញ ជំងឺលើអញ្ចាញផ្សេងៗការធុំក្លិនមាត់ការកើនឡើងបាក់តេរីនៅក្នុងមាត់ជាដើម។បញ្ហាទាំងនេះធ្វើអោយប៉ះពាល់ដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់លោកអ្នកផងដែរដូចជាការទទួលទានអាហារមិនបានការមិននិយាយទៅកាន់អ្នកដទៃដោយផ្ទាល់ឬបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងការងារការសិក្សាជាដើម។ដូច្នេះដើម្បីចៀសវាងនូវបញ្ហាទាំងនេះលោកអ្នកគួរអនុវត្តវិធីសាស្រ្តទាំងនេះ៖

១. ដុសធ្មេញអោយបានទៀងទាត់
លោកអ្នកត្រូវដុសធ្មេញឱ្យបានយ៉ាងតិច ២ដងក្នុង១ថ្ងៃតាមក្បួនខ្នាតត្រឹមត្រូវគឺ ដុសជារង្វង់ ពីលើចុះក្រោមអោយបាន ២ទៅ ៣ នាទីដោយចៀសវាងការដុសខ្លាំងៗ និងកុំភ្លេចសម្អាតអណ្ដាតលោកអ្នកឲ្យបានល្អ។ លើសពីនេះទៀតនោះ លោកអ្នកគួរជ្រើសរើសយកច្រាសដុសធ្មេញណាដែលមានសរសៃច្រាសទន់ និងប្ដូររៀងរាល់ ៣ខែម្ដងដើម្បីបញ្ចៀសពីកំណកបាក់តេរីនៅលើច្រាស។
២. ប្រើប្រាស់ថ្នាំដុសធ្មេញដែលមានផ្ទុកសារធាតុភ្លុយអររ៉ាយ (Fluoride)
ការប្រើប្រាស់ថ្នាំដុសធ្មេញដែលមានផ្ទុកជាតិ ភ្លុយអររ៉ាយ (Fluoride) ជួយការពារធ្មេញរបស់លោកអ្នកពីការឆាប់ពុក បាក់ ព្រមទាំងជួយទ្រទ្រង់ឲ្យធ្មេញកាន់តែរឹងមាំ និងមានសុខភាពល្អ។
៣. ប្រើខ្សែសំរាប់សម្អាតធ្មេញ
លោកអ្នកគួរប្រើខ្សែសំរាប់សម្អាតធ្មេញបន្ទាប់ពីដុសធ្មេញរួចព្រោះខ្សែសំរាប់សម្អាតធ្មេញមានរូបរាងតូចសម្អាតបានជ្រៅល្អដែលច្រាសសម្អាតមិនដល់។ មិនតែត្រឹមតែប៉ុណ្ណោះវាអាចសម្អាតកម្ទេចកម្ទីអាហារដែលកកជាប់ និងបាក់តេរីផ្សេងៗដែលនៅតាមចន្លោះជើងធ្មេញដោយមិនធ្វើឲ្យប្រហោងធ្មេញ និងឈាមអញ្ចាញ។
៤. ប្រើទឹកខ្ពុរមាត់
ខ្ពុរមាត់ជាមួយនឹងទឹកថ្នាំដើម្បីទប់ស្កាត់បាក់តេរីនិងសម្អាតជាតិអាហារដែលធ្វើឲ្យធ្មេញងាយពុកនិងឆាប់បាក់។

៥. ណាត់ជួបពេទ្យធ្មេញរៀងរាល់ ៦ ខែម្ដង
ណាត់ជួបពេទ្យធ្មេញដើម្បីពិនិត្យ និងតាមដានសុខភាពមាត់ធ្មេញរបស់លោកអ្នកក៏ដូចជាសម្អាតកំណកកំបោរដែលជួយឲ្យធ្មេញរឹងមាំ និងសស្អាត។
៦. ចៀសវាងការពិសារបារី
ការជក់បារីធ្វើឲ្យធ្មេញឆាប់ពុកបាក់ ឡើងពណ៌លឿងនៅលើធ្មេញ ធ្វើឲ្យមានជម្ងឺនៅលើអញ្ចាញ មានក្លិនមាត់មិនល្អ និងខ្យល់ដង្ហើមមិនស្រស់ថ្លា។
ប្រភព៖ MedicalNewsToday II