Blog detail

Nov 16, 2020

ផលប៉ះពាល់ទាំង ៤ យ៉ាងនៃការទទួលទានជាតិកាហ្វេអ៊ីនច្រើន

ការទទួលទានកាហ្វេ តែនិងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗដែលមានផ្ទុកជាតិកាហ្វេអ៊ីនពិតជាមានភាពពេញនិយមណាស់សម្រាប់មនុស្សបច្ចុប្បន្ន។ប៉ុន្តែការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចបណ្តាលឲ្យមានផលប៉ះពាល់ដល់រាងកាយផងដែរ។នៅក្នុងអត្ថបទខាងក្រោមនេះយើងបានបង្ហាញអំពីផលប៉ះពាល់ទាំង៤យ៉ាងនៃការទទួលទានជាតិកាហ្វេអ៊ីនច្រើនហួសកម្រិត៖

Photo by: Unsplash

១. បញ្ហាប្រព័ន្ធរំលាយអាហារ

ការទទួលទានកាហ្វេច្រើនអាចបណ្តាលឲ្យប៉ះពាល់ដល់ការបញ្ចេញនូវអរម៉ូន ហ្គាសស្ត្រីន (Gastrin) ដែលជាអរម៉ូនសម្រាប់ចូលរួមក្នុងការរំលាយអាហាររបស់ពោះវៀន។​ វាក៏មានផលប៉ះពាល់ទៅដល់ប្រព័ន្ធដំណើរការបញ្ជូនអាហារនៅក្នុងពោះវៀន ដែលវាអាចបណ្តាលឲ្យចុកពោះដោយការបញ្ជូនអាហារនៅក្នុងប្រព័ន្ធរំលាយអាហារប្រព្រឹត្តទៅខុសប្រក្រតី។

២.​ សាច់ដុំចុះទន់ខ្សោយ

Rhabdomyolysis (រ៉ាដុំម៉ូឡាយសីស)​គឺជាបញ្ហាមួយប្រភេទដែលបណ្តាលមកពីជាលិកាសាច់ដុំដែលខូចខាតធ្លាក់ចូលទៅក្នុងសរសៃឈាម ហើយអាចនាំឲ្យឈានទៅកាន់ការខូចក្រលៀន និងបញ្ហាផ្សេងៗទៀត។ ការសិក្សាមួយបានលើកឡើងថា Rhabdomyolysis កើតឡើងបានដោយសារការទទួលទានជាតិកាហ្វេអ៊ីនហួសប្រមាណ។

៣. ការឡើងសម្ពាធឈាម

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនអាចបណ្តាលឲ្យឡើងសម្ពាធឈាមបានដោយសារតែ វាមានផលប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទ។ ការធ្វើឲ្យឡើងសម្ពាធឈាមនេះ អាចបណ្តាលឲ្យកើតជំងឺគាំងបេះដូង និងជំងឺស្ត្រូគដោយសារការបំផ្លិចបំផ្លាញសរសៃឈាម និងភាពមិនប្រក្រតីនៃលំហូរឈាមទៅកាន់បេះដូង និងខួរក្បាល។

Photo by: Unsplash

 

៤. ការអស់កម្លាំង

កាហ្វេ, តែ និងភេសជ្ជៈផ្សេងៗដែលមានផ្ទុកជាតិកាហ្វេអ៊ីន សុទ្ធតែអាចបង្កើនកម្លាំងនៅក្នុងសារពាង្គកាយបាន។ ផ្ទុយទៅវិញ រាងកាយអ្នកនឹងអស់កម្លាំងនៅពេលដែលជាតិកាហ្វេអ៊ីនទាំងនោះសាបចេញអស់ពីខ្លួនអ្នក។​​ ការស្រាវជ្រាវមួយបានបញ្ជាក់ថា អ្នកដែលបានទទួលទានជាតិកាហ្វេអ៊ីននឹងមានកម្លាំងក្នុងការបំពេញការងារ ប៉ុន្តែពូកគេនឹងមានភាពអស់កម្លាំងជាងធម្មតានៅថ្ងៃបន្ទាប់។

ប្រភព៖ ​Healthline II