
Nov 23, 2019
ហេតុផល ៨ ដែលធ្វើឲ្យអ្នកចេះតែឈឺក្បាល និង ទម្លាប់មួយចំនួនការពារមិនឲ្យឈឺក្បាលញឹកញាប់
ជំងឺឈឺក្បាលគឺជារឿងធម្មតាណាស់ ដែលវាកើតទៅលើមនុស្សសឹងតែគ្រប់គ្នា ហើយអ្នកខ្លះមានការឈឺក្បាលញឹកញាប់ទៀតផង។ ជំងឺឈឺក្បាលដែលពួកយើងតែងជួបប្រទះជាងគេនោះគឺ ការឈឺចាប់នៅត្រង់សៀតផ្កាទាំងសងខាង តឹងសរសៃរនៅលើមុខ ក ក្បាល និង ស្មារ និង រោយគ្រាប់ភ្នែក ជាដើម។ ការឈឺចាប់បែបនេះ អាចមានឥទ្ធិពលទៅលើអ្នកពី ៣០ នាទី ទៅ ៣ឬ៤ ម៉ោង ហើយជួនកាល វាមិនបាត់ឈឺនោះទេ លុះត្រាតែអ្នកលេបថ្នាំ។ តើអ្នកដឹងថា កត្តាទម្លាប់ប្រចាំថ្ងៃអ្វីខ្លះដែលអាចនាំឲ្យអ្នកកើតឈឺក្បាលឡើង?
១. អ្នកនឹងអាចឈឺក្បាលនៅពេលអ្នកមានភាពតានតឹងផ្លូវអារម្មណ៍ ស្ត្រេស ព្រួយបារម្ភខ្លាំង ឬ ភ័យខ្លាចជាដើម។
Photo by Volkan Olmez on Unsplash
ដូច្នេះ ដើម្បីកុំឲ្យបញ្ហាផ្នែក អារម្មណ៍ ធ្វើឲ្យអ្នកឈឺក្បាល អ្នកគួរតែចេះគ្រប់គ្រងអារម្មណ៍ និង ការស្រ្តេស គួររំសាយអារម្មណ៍ ដើរចេញក្រៅយកខ្បល់អាកាស ស្តាប់បទភ្លេង ឬ រំងាប់អារម្មណ៍នៅកន្លែងស្ងាត់ៗក៏បានដែរ។
២. អ្នកមិនបានញាំទឹកឲ្យបានគ្រប់គ្រាន់ ដែលធ្វើឲ្យអ្នកកង្វះជាតិទឹកក្នុងខ្លួន ព្រមទាំងខួរក្បាលផង។
Photo by Kobu Agency on Unsplash
អ្នកគួរញាំទឹកឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ទោះបីជាមិនស្រេកក៏ដោយ ដើម្បីបំពេញជាតិទឹកក្នុងខ្លួន ។ អ្នកគួរញាំទឹកឲ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
៣. បរិយាកាសអ៊ូរអរ ឬ សម្លេងខ្លាំងៗដែលអ្នកឮក៏ជាមូលហេតុដែលធ្វើឲ្យអ្នកកើតឈឹក្បាលដែរ។
Photo by mauro mora on Unsplash
ដូច្នេះ អ្នកគួរតែដឹងថា បើកន្លែងណាមានមនុស្សអ៊ូអរ កុំទៅក្បែរឲ្យសោះ។ ឬ បើអ្នកមិនអាចធន់សម្លេងខ្លាំងៗបាន អ្នកអាចប្រើកាសបិទត្រជៀកដើម្បីបន្ថយសម្លេងនោះ ឬ ជៀសវាងកន្លែងឮៗដូចជាconcert ជាដើម។
៤. ការគេងមិនបានគ្រប់គ្រាន់ ឬ មិនទៀងទាត់
Photo by Matthew T Rader on Unsplash
ដូច្នេះ អ្នកគួរព្យាយាមបង្កើតទម្លាប់គេងឲ្យបានទៀងទាត់ និងឱ្យបាន៧ ម៉ោងក្នុងមួយថ្ងៃ។ លើសពីនេះ អ្នកគួរកាត់បន្ថយការប្រើប្រាស់គ្រឿងអេឡិចត្រូនិចពេលមុនគេងដើម្បីឲ្យអ្នកគេងលក់បានស្កប់ស្កល់។
៥. ការខកខាន មិនទទួលទានអាហារបានទៀងទាត់
ដូច្នេះ អ្នកមិនគួរអត់អាហារណាមួយ ក្នុងមួយថ្ងៃបានទេ។ អ្នកត្រូវតែច្បាស់ថាខ្លួនញាំអាហារយ៉ាងហោចណាស់ឲ្យបាន៣ពេលក្នុងមួយថ្ងៃដែរ។
៦. ការដែលអ្នកមានឥរិយាបទ អង្គុយ ឬ ឈរមិនត្រង់ខ្លួន ឧស្សាហ៍ឱនជាដើមដែលអាចធ្វើឲ្យអ្នកឈឺចាប់ត្រង់ផ្នែកខ្នងខាងលើ ស្មារ និង ករ
អ្នកគួរអនុវត្តការឈរ ឬ អង្គុយឲ្យបានត្រង់ខ្លួន ដើម្បីឲ្យខ្នងរបស់អ្នកត្រង់។ ម្យ៉ាងទៀត ព្យាយាមកុំអង្គុយនៅកន្លែងដដែលរយៈពេលយូរឲ្យសោះ គួរតែក្រោកឈរ ឬ ដើរខ្លះដើម្បីឲ្យអារម្មណ៍ប្រសើរបន្តិច។
៧. ក្លិនទឹកអប់ក៏ជាកត្តានាំឲ្យឈឺក្បាលដែរ ព្រោះថា គ្រឿងក្រអូបខ្លះដូចជា សាប៊ូ ទឹកអប់ ក្លិនដែលដាក់ឲ្យក្រអូបនៅក្នុងបន្ទប់ ឬ រថយន្ត មានទៅដោយសារជាតិគឺមី អាចឲ្យអ្នកឈឺក្បាលដែរ។
បើអ្នកចាញ់ក្លិន ពិសេសក្លិនក្រអូប អ្នកគួរប្តូរមកប្រើផលិតផលណាដែលមានក្លិនស្រាល ៗជាងមុន។ បើសិនជាក្លិននោះជាក្លិនរបស់អ្នកនៅក្បែរយើង អ្នកគួរបើកបង្អួច ឬ ដាក់កង្ហារនៅក្បែរខ្លួនដើម្បីឲ្យក្លិននោះចេញឆ្ងាយ។
Photo by Patrick Fore on Unsplash
៨. កំហឹងក៏នាំឲ្យឈឺក្បាលដែរ ព្រោះថាពេលខឹង សាច់ដុំនៅត្រង់កញ្ជឹងករបស់អ្នកតានតឹង និង ឈឺក្បាល។
ដូច្នេះ នៅពេលអ្នកចាប់ផ្តើមខឹង អ្នកគួរដកដង្ហើមឲ្យបានវែងៗ និង យឺតៗ។ ព្យាយាមដកដង្ហើមចូលតាមច្រមុះ និង ដង្ហើមចេញតាមមាត់ ព្រោះថាការធ្វើបែបនេះជួយឲ្យសាច់ដុំត្រង់ក្បាលនិងករបស់អ្នកធូរស្រាល។