Blog detail

Oct 14, 2021

កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២លានដូសទៀត

ដូចការគ្រោងទុក នៅម៉ោងជិត ១១​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ នេះ  វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ​​ស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លាន​ដូស​ទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសរបស់ចិន ​មកដល់រាជធានីភ្នំពេញ​ហើយ​។ វ៉ាក់សាំងថ្មីទាំងនេះ ជាជំនួយ​របស់​រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

Caption

វ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែមទៀតនេះ ​ត្រូវបានលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ​ប្រកាសផ្តល់​ឲ្យកម្ពុជា​ ក្នុងពេល​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២​១។ កាលណោះ ​លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បាន​​ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ ចំនួន ៣លានដូស​ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ដែលបាន​អញ្ជើញ​ទៅ​ទទួលយកវ៉ាក់សាំង២​​​លាន​​ដូស​​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាព្រឹកថ្ងៃទី១៤តុលា​ បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា ជំនួយវ៉ាក់សាំង ស៊ីណូវ៉ាក់ ២លានដូសថ្មីនេះ នឹងត្រូវប្រើប្រាស់ជាដូសជំរុញ ឬដូសទី៣ ចាក់ជូន​ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ បូករួមទាំងវ៉ាក់សាំង ២លានដូសនេះទៀត កម្ពុជាមានវ៉ាក់សាំងស្តុកក្នុងឃ្លាំង ៦លាន ៥សែនដូស ហើយម​វ៉ាក់សាំង ១ចំនួនទៀត មាននៅតាម​ស្តុក នៅគ្រប់​ខេត្តរាជធានី​។

លោក​ជំទាវ យក់ សម្បត្តិ បន្ថែម​ថា គិត​ត្រឹម​ថ្ងៃទី១៤ ខែ​តុលានេះ កម្ពុជា​ទទួល​បានវ៉ាក់សាំងសរុបជាង ៣៦លានដូសហើយ​។ ក្នុងនោះ ជំនួយរបស់ចិន មានចំនួន ៧,៥លានដូស។

សូមរម្លឹកថា គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួនជាង ៣៦​លាន​ដូស រួមមាន៖ វ៉ាក់សាំងចិន (Sinovac និង Sinopharm ) ជាង ៣៣លានដូស​ និងវ៉ាក់សាំងជំនួយរបស់​អង្គការសុខភាពពិភពលោក ពីជប៉ុន អង់គ្លេស និងអាមេរិក សរុបជិត ៣លានដូស ( ១-AstraZeneca ជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផលិតនៅឥណ្ឌា ៣២០ ០០០ដូស ២-AstraZeneca ជាជំនួយរបស់ប្រទេសជប៉ុន ១ ០០០ ០០០ដូស ៣-AstraZeneca ជាជំនួយរបស់អង់គ្លេស ៤១៥ ០០០ដូស និង៤-Johnson & Johnson ជាជំនួយរបស់អាមេរិក ១ ០៦០ ១០០ដូស )៕