Blog detail

Oct 14, 2021

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ អាយុ ១៨ឆ្នាំឡើង បិទបញ្ចប់​បាន ២៤ខេត្តរាជធានីហើយ​

 

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបិទយុទ្ធនាការចាក់វ៉ាក់សាំង ចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ អាយុ ១៨ឆ្នាំឡើង បានចំនួន ២៤ខេត្តរាជធានីហើយ​។ ពោលគឺនៅសល់តែខេត្តកំពតមួយប៉ុណ្ណោះ ដែលកំពុងរៀបចំ​ ឈានទៅប្រារព្ធពិធីបិទ​យុទ្ធនាការ​ចាក់វ៉ាក់សាំង ជុំទី១ ដែរ​។

​នៅព្រឹកថ្ងៃទី១៤ ខែតុលា​នេះ ​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតី ក្នុងកម្មវិធី​បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង ក្នុងក្របខណ្ឌខេត្តបន្ទាយមានជ័យ។

ប្រភពរូបភាព៖​  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

 

លោកជំទាវ ឱ វណ្ណឌីន បាន​ប្រាប់អ្នកកាសែតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩​ ជុំទី១ ជូនប្រជាពលរដ្ឋ​អាយុ ១៨ឆ្នាំឡើង អាចនឹងបិទបញ្ចប់ទូទាំងប្រទេស ក្នុងខែតុលានេះ ឬក៏យ៉ាងយូរនៅដើមខែវិច្ឆិកា​។ ដំណើរការចាក់វ៉ាក់សាំង មានវឌ្ឍនភាពល្អ ដោយចាក់បាន​ក្នុងកម្រិតច្រើន តាមផែនការ​ដែលបានគ្រោងទុក​។ ក្នុងនោះ ទូទាំងប្រទេស ចាក់បានជាង ៨៤% នៃប្រជាជនសរុប ១៦លាននាក់ ហើយអ្នកមានអាយុ ១៨ឆ្នាំឡើង គឺចាក់បានជាង ៩៩% នៃចំនួន​អ្នកត្រូវចាក់វ៉ាក់សាំង ១០លាននាក់​។

លោកជំទាវ ឱ វណ្ណឌីន ក៏បាន​អំពាវនាវដល់​អ្នកចាក់វ៉ាក់សាំង ដូសទី២ ដែលនៅសេសសល់ សូម​មកចាក់វ៉ាក់សាំង ឲ្យបានលឿន តាមពេលកំណត់ ដើម្បីទទួលបាន​របាំងការពារ ទប់ទល់នឹង​ជំងឺកូវីដ១៩។ កន្លងមក មានមួយចំនួនតូច​ ស្លាប់ដោយសារជំងឺកូវីដ១៩ ដោយទើបតែចាក់វ៉ាក់សាំង បានតែ ១ដូស គឺ​មិនគ្រប់ចំនួនកំណត់​។ នៅពេលចាក់ដូសទី២ រួចរាល់ហើយ ត្រូវរង់ចាំចាក់ដូសទី៣ ឬដូសជំរុញ ដែលមានរយៈពេល ៤ខែ ទៅ ៦ខែ រាប់ចាប់ពីការចាក់​ដូសទី២​។

យ៉ាងណាក៏ដោយ​ ទោះបីជាបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ជុំទី១ ក៏ដោយ ក៏នៅក្នុងខេត្តរាជធានីទូទាំងប្រទេស នៅតែទទួលចាក់វ៉ាក់សាំង ដូសទី១ ដល់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមានចាក់នៅតាមមន្ទីរ​ពេទ្យបង្អែក ​រាជធានី​ខេត្ត ផងដែរ​។

​របាយការណ៍​របស់​​ក្រសួង​សុខាភិបាល គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១​ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី ៦ឆ្នាំឡើង បានចំនួន​ ១៣ ៥៤៥ ៨២៣​នាក់ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ ក្នុងនោះ អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង ចាក់វ៉ាក់សាំង បានចំនួន ៩ ៩៣២១៤៥នាក់ ស្មើនឹង ៩៩.៣២ភាគរយ ធៀបនឹង​គោលដៅ ១០លាននាក់​។ កុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ​ ចាក់វ៉ាក់សាំង បានចំនួន ១ ៧៧១ ៧០៦នាក់ ស្មើនឹង ៩០.០៧ភាគរយ ធៀបនឹង​គោលដៅ ១ ៩៦៦ ៩៣១​នាក់។ រីឯកុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចាក់បានចំនួន ១ ៨៤១ ៩៧២នាក់ ស្មើនឹង ៩៧.០៨ភាគរយ ធៀបនឹងគោលដៅ ១ ៨៥៧ ៣៨២​នាក់។

របាយការណ៍ប្រចាំថ្ងៃរបស់​ក្រសួងសុខាភិបាល ក៏បានបង្ហាញថា គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អ្នកចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ បានចំនួន ១ ១៤៦ ៤២៧​នាក់ហើយ​៕