Blog detail

Oct 14, 2021

ជំងឺរលាកថ្លើមរ៉ាំរ៉ៃ និងការមានផ្ទៃពោះ

ក្នុងកម្មវិធីសន្ទនា អំពីសុខភាព បង្កើតឡើងដោយពេទ្យយើង ក្រោមប្រធានបទ «ជំងឺរលាកថ្លើមរ៉ាំរ៉ៃ និងការមានផ្ទៃពោះ» លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា ឯកទេសថ្លើម ក្រពះពោះវៀន និងឫសដូងបាត នៃបន្ទប់ពិគ្រោះ លីណា ជីអាយឃែ បានលើកឡើងថា ជំងឺរលាកថ្លើមប្រភេទB គឺជាការខូចខាតកោសិកាថ្លើម ដែលបណ្តាលមកពីពពួកវីរុសរលាកថ្លើមប្រភេទB

ការចម្លងជំងឺរលាកថ្លើមប្រភេទB

លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា បានលើកឡើងថា ជំងឺរលាកថ្លើមប្រភេទB ជាជំងឺឆ្លង ហើយការចម្លងរបស់វា វាអាចឆ្លងតាមរយៈវិធី ៣៖

១-តាមរយៈឈាម ឬក៏ទឹករងៃ។ មានន័យថា បើយើងមានប្រើប្រាស់នូវម្ជុល ឬសារ៉ាំង ដែលមានឈាមអ្នកផ្ទុកមេរោគរលាកថ្លើមប្រភេទB នោះនឹងឆ្លង ច្រើននៅក្នុងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ដែលប្រើសារ៉ាំង ឬម្ជុលរួមគ្នា។

២-ឆ្លងតាមទឹកកាម ដែលគេហៅថា ជាជំងឺកាមរោគ។ មានន័យថា បើប្តី ឬប្រពន្ធ មានជំងឺនេះហើយ វានឹងឆ្លងទៅប្តី ឬប្រពន្ធរបស់គាត់។

៣-ការចម្លងពីម្តាយ ទៅកូន នៅពេលសម្រាល។

ចំណែកការញ៉ាំអាហារជួបគ្នា ការអោប ឬថើប ជាលក្ខណៈគ្រួសារ ត្រូវបានលោកស្រីវេជ្ជបណ្ឌិត លើកឡើងថា គឺមិនអាចឆ្លងទេ ពីព្រោះជំងឺនេះ វាស្ថិតនៅក្នុងឈាម ឬទឹករងៃ ឬទឹកកាម នៅក្នុងខ្លួនយើង។ ចំណែកចំណីអាហារ វាមិនឆ្លងទេ។ លើកលែងតែជំងឺរលាកថ្លើមប្រភេទA និងប្រភេទE ដែលវាអាចឆ្លងតាមចំណីអាហារ ដែលមានមេរោគនេះ។

លោកស្រីវេជ្ជបណ្ឌិត លី ច័ន្ទលីណា បញ្ជាក់ថា «បើស្ត្រី ដែលមានជំងឺប្រភេទB រ៉ាំរ៉ៃ គឺគាត់អាចមានផ្ទៃពោះដូចស្ត្រីទូទៅធម្មតាដែរ។ គ្រាន់តែពេលគាត់មានផ្ទៃពោះ គាត់ត្រូវប្រាប់ក្រុមគ្រូពេទ្យ ដើម្បីនៅពេលសម្រាល ធ្វើយ៉ាងណាកុំឲ្យមេរោគឆ្លង ទៅកូនគាត់ នៅពេលសម្រាល»

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា «អំឡុងពេល ដែលមានផ្ទៃពោះ គត៌ ត្រូវបានការពារដោយសុក ដែលមិនអាចឆ្លងមេរោគបានទេ។ តែនៅពេលសម្រាល គឺនៅពេលកាត់សុក ត្រង់ផ្ចិតហ្នឹង គឺជាពេលដែលឈាមម្តាយ អាចជួបនឹងឈាមរបស់កូន។ អីចឹងបើសិនជាមេរោគមានច្រើន នៅក្នុងឈាមរបស់ម្តាយ គឺនៅពេលហ្នឹង អត្រានៃការចម្លងហ្នឹង គឺអាចមានខ្ពស់ទៅកាន់កូនរបស់គាត់។ ដូច្នេះការឆ្លងជំងឺរលាកថ្លើមប្រភេទ B ទៅកាន់កូន គឺឆ្លងនៅពេលសម្រាល មិនមែនឆ្លងនៅពេលដែលមានផ្ទៃពោះទេ។ អាចឆ្លងដែរ នៅពេលមានផ្ទៃពោះ តែឆ្លងតិចតួចបំផុត»

លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា បញ្ជាក់បន្ថែមថា អ្នកមានជំងឺរលាកថ្លើមប្រភេទB អាចរៀបការបង្កើតកូនបាន ឲ្យតែដៃគូ ជាប្តី ឬប្រពន្ធរបស់គាត់ មានអង់ទីគ័រ ការពារជំងឺរលាកថ្លើមប្រភេទB។ ដូច្នេះគាត់អាចនៅជាមួយគ្នា បង្កើតកូនចៅ បានធម្មតា។ អីចឹងយើងមិនគួរខ្លាច ឬក៏រើសអើងអ្នកជំងឺប្រភេទB នោះទេ។

អាការៈនៃជំងឺរលាកថ្លើមប្រភេទB

លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា លើកឡើងថា ជាទូទៅជំងឺរលាកថ្លើមប្រភេទB ដែលកើតលើស្ត្រីមានផ្ទៃពោះ ឬក៏មនុស្សទូទៅ គឺវាមិនបានចេញជារោគសញ្ញាអ្វីជាក់លាក់ទេ។ ប៉ុន្តែយើងដឹងថា គាត់មានជំងឺរលាកថ្លើមប្រភេទB ដោយសារតែយើងពិនិត្យឈាម។ តែក្នុងករណីខ្លះ ក៏អាចមានសញ្ញាតិចតួច ដែលអាចមាន តែមិនច្បាស់លាស់ថា ឲ្យតែចេញរោគសញ្ញានោះ ជាប្រភេទជំងឺថ្លើមប្រភេទB នោះដែរ។ វាដូចជា ជំងឺគ្រុនផ្តាសាយធម្មតាអីចឹង។ មានន័យថា អ្នកជំងឺអាចមានរោគសញ្ញាតិចតួច ដូចជា រាងអស់កម្លាំង មិនសូវឃ្លានបាយ មានអារម្មណ៍ថា ឈឺចាប់នៅក្នុងខ្លួន តិចតួច មានអារម្មណ៍ថា ចង្អោរ ចង់ក្អួត។ ពេលខ្លះ អ្នកជំងឺមានអារម្មណ៍គិតដល់ជំងឺរលាកថ្លើមមុនគេហ្នឹង គឺលឿងស្បែក ឬក៏លឿងភ្នែក។

តាមលោកស្រីវេជ្ជបណ្ឌិត ស្ត្រីដែលមានផ្ទៃពោះ ហើយមានជំងឺថ្លើមប្រភេទB មកជួបគ្រូពេទ្យ តែងតែបារម្ភ ព្រោះគាត់ខ្លាចប៉ះពាល់ដល់កូនរបស់គាត់។ តែគាត់ក៏ត្រូវថែទាំផ្ទៃពោះដូចស្ត្រីទូទៅដែរ គ្រាន់តែលើសបន្តិចថា គាត់ត្រូវមកជួបគ្រូពេទ្យឲ្យបានទៀងទាត់ រៀងរាល់ ៣ខែម្តង ហើយធ្វើយ៉ាងណា កុំឲ្យគាត់ពិសារស្រា ព្រោះស្រា វាធ្វើឲ្យរលាកថ្លើមកាន់តែច្រើនថែមទៀត។ នៅពេលគាត់ឈឺថ្កាត់ គាត់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ជៀសវាងគាត់ប្រើថ្នាំផ្តេសផ្តាសទៅ កាន់តែរលាកថ្លើមថែមទៀត។

ការព្យាបាលស្ត្រីមានផ្ទៃពោះ ផ្ទុកជំងឺរលាកថ្លើមប្រភេទB

លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា លើកឡើងថា «យើងអាចព្យាបាលបាន។ អ្នកជំងឺថ្លើមទូទៅ គេចែកជា ២ក្រុម គឺក្រុមទី១ អ្នកដែលមានផ្ទុកមេរោគ តែមេរោគនោះ មិនមានសកម្មភាពទេ។ មានន័យថា វាផ្ទុកមេរោគនោះ នៅជាប់នឹង DNA របស់យើង តែវាមិនបង្កើតកូនចៅទេ។ នៅពេលយើងពិនិត្យឈាម រាប់មេរោគទៅ យើងឃើញវាមានចំនួនតិច ឬក៏ វាអត់មានតែម្តង ហើយមុខងារថ្លើម ក៏ធម្មតាដែរ។ ក្នុងករណីអ្នកផ្ទុកមេរោគ ហើយមិនមានសកម្មភាពនេះ គឺគេតាមដាន។ អ្នកជំងឺក្រុមទី២ គឺជាអ្នកជំងឺដែលមានមេរោគហើយ មេរោគនោះមានសកម្មភាពផលិត បង្កើតកូនចៅច្រើន នៅក្នុងឈាម ធ្វើឲ្យមានការរលាកទៅលើសាច់ថ្លើម។ អីចឹងក្រុមហ្នឹង គេត្រូវព្យាបាល»

លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា «អីចឹង ត្រលប់មក ស្ត្រីមានផ្ទៃពោះវិញ បើគាត់ស្ថិតនៅក្នុងក្រុមទី១ ដែលគាត់ដឹងថា គាត់មានផ្ទុកមេរោគថ្លើមប្រភេទB តែគាត់ស្ថិតក្នុងក្រុម ដែលមិនមានសកម្មភាព តាំងពីអាយុ១៦ ឬ១៧ឆ្នាំ អីចឹងគាត់អាចតាមដានជំងឺគាត់ រាល់៦ខែ ទៅ១ឆ្នាំម្តង ហើយនៅពេលគាត់មានផ្ទៃពោះ គឺគ្រូពេទ្យ គាត់ពិនិត្យមើលឡើងវិញ តើមេរោគនោះ មានចំនួនច្រើន ឬតិច ហើយបើមេរោគមានចំនួននៅតែតិចទៀត គឺគាត់មិនទទួលការព្យាបាលនៅអំឡុងហ្នឹងទេ។ សម្រាប់អ្នកដែលគាត់នៅក្រុមទី២ គឺជាក្រុមដែលមានមេរោគ ហើយមានសកម្មភាព មានន័យថា គាត់បានទទួលការព្យាបាល តាំងពីពេលមុនមានផ្ទៃពោះ មកម្លេះ។ អីចឹងនៅពេលដែលគាត់ចង់មានគត៌ គាត់អាចពិភាក្សាជាមួយក្រុមគ្រូពេទ្យថ្លើម ដើម្បីប្រឹក្សាយោបល់ថា ថ្នាំដែលគាត់ប្រើរាល់ថ្ងៃ អាចអនុញ្ញាតឲ្យគាត់មានកូនបានដែរ ឬក៏អត់ ព្រោះឥឡូវហ្នឹង យើងមានថ្នាំប្រភេទថ្មី សម្រាប់មេរោគថ្លើមប្រភេទB ទោះបីជាគាត់ កំពុងប្រើថ្នាំហ្នឹងក៏ដោយ ក៏គាត់អាចមានផ្ទៃពោះ ដោយពុំចាំបាច់ឈប់ប្រើថ្នាំនោះទេ។ មានក្រុមមួយទៀត ដែលពីមុន គាត់មិនដែលបានឆែកសុខភាពទេ ដូច្នេះពេលគាត់ចង់មានកូន គាត់អាចទៅជួបប្រឹក្សាជាមួយក្រុមគ្រូពេទ្យ ខាងរោគស្ត្រី ដើម្បីឲ្យគាត់ជួយឆែកមើលជំងឺរលាកថ្លើមប្រភេទ B ឲ្យគាត់ផង។ បើសិនជាគាត់មានជំងឺរលាកថ្លើមប្រភេទB គេត្រូវឆែកមើលទៀត តើគាត់ស្ថិតក្នុងក្រុមណា? ក្រុមមានមេរោគតិច ឬក៏ច្រើន ឬក៏ក្រុមមានសកម្មភាព ឬក៏ក្រុមមិនមានសកម្មភាព។ ដូច្នេះយើងអាចព្យាបាលគាត់ ក្នុងអំឡុងពេលមានផ្ទៃពោះ ដោយយើងអាចប្រើថ្នាំគ្រាប់»

លោកស្រីវេជ្ជបណ្ឌិត លើកឡើងថា ការព្យាបាលជំងឺរលាកថ្លើមប្រភេទB យើងត្រូវការរយៈពេលយូរ។ មានន័យថា ការព្យាបាលនេះ អាចលើសពី ៥ឆ្នាំ ទៅតាមប្រភេទអ្នកជំងឺ។ គោលបំណងនៃការព្យាបាល មាន ៣ចំណុចសំខាន់៖ ១-កុំឲ្យមានការរលាក ឬក៏ការខូចខាតនៅលើកោសិកាថ្លើម ២-ធ្វើយ៉ាងណាឲ្យចំនួនមេរោគ មិនមាននៅក្នុងឈាម ៣-ធ្វើយ៉ាងណា ឲ្យវាផ្លាស់ប្តូរអង់ទីហ្សែន HBS ទៅជាអង់ទីគ័រ HBS ហើយកាលណា យើងមានអង់ទីគ័រការពារខ្លួន គឺមានន័យថា យើងជាហើយ។ ប៉ុន្តែលទ្ធភាពនៃការជា មានតិច អាចថា តិចជាង ១០%។

លោកស្រីវេជ្ជបណ្ឌិត វង ច័ន្ទលីណា បញ្ជាក់ថា ជំងឺរលាកថ្លើមប្រភេទB មិនមានរោគសញ្ញាអ្វី ឲ្យយើងដឹងទេ។ ប៉ុន្តែបើយើងធ្វើការព្យាបាលមិនបានត្រឹមត្រូវ ឬក៏មិនបានតាមដានឲ្យបានជាប់លាប់ទេ នោះអ្នកជំងឺនឹងប្រឈមនឹងហានិភ័យ ទៅជាផលវិបាកផ្សេងៗ ដូចជា ខ្សោយថ្លើមស្រួចស្រាវ ការមានជំងឺក្រិនថ្លើម ឬក៏មានដុំនៅក្នុងថ្លើមដែរ។

ធ្វើយ៉ាងណា ដើម្បីកុំឲ្យឆ្លងជំងឺថ្លើមប្រភេទB

មានវិធី ៣យ៉ាង៖

១-ត្រូវទៅចាក់វ៉ាក់សាំង ថ្លើមប្រភេទB

២-ត្រូវជៀសវាងនូវការប្រើប្រាស់សឺរ៉ាំងម្ជុលរួមគ្នា ឬឡាមកោររោមរួមគ្នា

៣-ត្រូវរួមភេទដោយសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារខ្លួន

វិធីបង្ការជំងឺរលាកថ្លើមប្រភេទB ពីម្តាយទៅកូន៖

១-ស្ត្រីមានផ្ទៃពោះទាំងអស់ គួរតែធ្វើតេស្តរកមេរោគថ្លើមប្រភេទB ហើយពេលឃើញថា កើតជំងឺរលាកថ្លើមប្រភេទB ហើយ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញខាងរោគស្ត្រី និងគ្រូពេទ្យខាងថ្លើម ព្រោះមានវិធីសាស្ត្រ ក្នុងការបង្ការ កុំឲ្យឆ្លងទៅកូន ពិសេសនៅពេលសម្រាល។

២-អាចចាក់ថ្នាំបង្ការ វ៉ាក់សាំង និងផ្តល់ថ្នាំគ្រាប់ដល់ស្ត្រីមានផ្ទៃពោះនោះ។ ក្រោយសម្រាល ក៏ស្ត្រីមានផ្ទៃពោះនោះ ត្រូវជួបគ្រូពេទ្យ ថាតើត្រូវបញ្ឈប់ ឬក៏អាចបន្តប្រើថ្នាំនោះទៅមុខទៀត។

៣-នៅពេលមានផ្ទៃពោះ ស្ត្រីគួរតែពិនិត្យរកមេរោគរលាកថ្លើមប្រភេទB ដើម្បីបង្ការកុំឲ្យឆ្លងទៅកូន ជាពិសេសយើងត្រូវព្យាបាលយ៉ាងហោចណាស់ ចាប់ពីត្រីមាសទី៣ទៅ គឺ៣ខែមុនសម្រាល៕

ប្រភព៖ លោកស្រីវេជ្ជបណ្ឌិតវង ច័ន្ទលីណា