Blog detail

Oct 14, 2021

កម្មករនិយោជិត អាចឈប់សម្រាក ១ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង ដូសទី៣

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំម្ចាស់រោងចក្រ និងសហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកមួយថ្ងៃ ​ដើម្បីទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ឬ ដូសទី៣។

 

​ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី ១១ ខែតុលា ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស​ថា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ និងការពារការរីករាលដាលនៃជំងឺកូវីដ -១៩ ក៏ដូចជា ការរក្សាស្ថិរភាពសង្វាក់ផលិតកម្ម និងសុខភាពរបស់កម្មករ កងយោធពលខេមរភូមិន្ទ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១១ ខែតុលានេះតទៅ។

 

សេច​ក្តី​​ជូន​ដំណឹង​នេះ បាន​បញ្ជាក់​​ថា ដើម្បី​ចូ​លរួមក្នុង​យុទ្ធនាការ​នេះ ក្រសួងស្នើសុំ​ឱ្យម្ចាស់រោងចក្រឬសហគ្រាស ​អនុញ្ញាតឱ្យកម្មករឈប់​សម្រាកមួយថ្ងៃ នៅពេលពួកគេ ​ទៅទទួលថ្នាំបង្ការ និងទទួល​បានប្រាក់ឈ្នួលពេញលេញ​​។

 

លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិ​កម្ពុជា បាន​ប្រាប់ ពេទ្យយើង ឱ្យដឹងថាបច្ចុប្បន្ននេះ កម្មករនិយោជិត បានចា​ប់ផ្តើមទៅចាក់វ៉ាក់សាំងដូសទី៣នេះ ដោយបានឆ្លាស់គ្នាម្តងមួយក្រុមៗ ដើម្បីទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

 

លោក បន្ថែមថា ម្ចាស់រោងចក្រ បានអនុវត្តតាមការស្នើសុំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុញ្ញាតឱ្យ​កម្មករឈប់សម្រាកមួយថ្ងៃ និងទទួលបានប្រាក់ឈ្នួលធម្មតា នៅថ្ងៃ ដែលពួកគេ ទៅចាក់វ៉ាក់សាំងដូសជំរុញនេះ។

​លោក ជួន មុំថុល លើក​ឡើង​​ថា «ម្សិលមិញ ខ្ញុំបានចុះទៅរោងចក្រ! រោងចក្របានអនុវត្តតាមការណែនាំរបស់ក្រសួងការងារយើង ដោយអោយកម្មករ ទៅចាក់ជាក្រុម។ ឧបមាថា ក្រុម​មួយ​​ទៅចាក់ថ្ងៃនឹង ក្រុមមួយទៀតទៅចាក់ស្អែក ទៅចាក់ខានស្អែកចឹងទៅ ហើយនៅពេលចាក់ហើយ គេអោយឈប់មួយថ្ងៃហ្មង ហើយឃើញថា ដូសទី៣ហ្នឹង ឃើញបងប្អូនកម្មករ ទៅចាក់ទាំងអស់គ្នា...»

លោក ជួន មុំថុល បន្ថែម​​​ថា ការ​ចាក់វ៉ាក់សំាំង​ដូស​ទី៣ សម្រាប់កម្មករកម្មការិនី (នៅភ្នំពេញ) អាចនឹងរួចរាល់ នៅក្នុងរយៈពេលមួយ​សប្តាហ៍​ទៀត។

លោក​បានបន្តថា បន្ទាប់ពីភ្ជុំបិណ្ឌហើយ កម្មការកម្មការិនីរោងចក្រ មិនឃើញមាន​ឆ្លងជំងឺកូវីដ-១៩នោះទេ ព្រោះពួកគេ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ រួចហើយ។ ដូច្នេះវ៉ាក់សាំងនេះការពារពួកគេ​បានច្រើន។

គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា នៅទូទាំងប្រទេស អ្នកទទួលបានវ៉ាក់សាំងរួច មានចំនួន ១៣ ៥៤៥ ៨២៣នាក់ ស្មើនឹង​ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋសរុប​ ១៦លាននាក់។ ក្នុងនោះ អ្នកមាន​អាយុចាប់ពី ១៨ឆ្នាំឡើង ចាក់បានចំនួន​ ៩៩,៣២%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និង​កុមារអាយុពី ៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ ចាក់បាន  ៩៧,០៨% ធៀបជាមួយនឹង​គោលដៅ ១,៨៩៧, ៣៨២ នាក់៕