Blog detail

Oct 14, 2021

នៅពេលនេះ WHO ទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ហើយ

ជំងឺគ្រុនចាញ់ បានឆក់យកអាយុជីវិតមនុស្សប្រមាណ ៥០០ ០០០នាក់ ក្នុង ១ឆ្នាំ ពាក់កណ្ដាលនៃចំនួននេះ ជាកុមារ នៅក្នុងទ្វីបអាហ្វ្រិក ដែលជាហេតុ នាំឲ្យអង្គការសុខភាពពិភពលោក (WHO) សម្រេចណែនាំឲ្យកុមារ​ ទទួលវ៉ាក់សាំងការពារជំងឺគ្រុនចាញ់​ នៅទូទាំង​អនុតំបន់សាហារ៉ាអាហ្វ្រិក​។ ការសម្រេច​នេះ បានធ្វើឡើងបន្ទាប់ពី WHO បានអនុញ្ញាតឲ្យ​ចែកចាយវ៉ាក់សាំងជំងឺគ្រុនចាញ់ ដែលផលិតដោយក្រុមហ៊ុន Glaxo Smith Kline។​

កាលពីសប្ដាហ៍មុន WHO បានអនុញ្ញាតឲ្យ​ចែកចាយវ៉ាក់សាំងបង្ការជំងឺគ្រុនចាញ់ដំបូងបង្អស់ ឈ្មោះថា Mosquirix ឬ វ៉ាក់សាំង RTS,S/AS01 (RTS,S) ដែលជាជំហានដំបូងនៃដំណើរការផ្ដល់វ៉ាក់សាំងការពារគ្រុនចាញ់ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់​ថា វ៉ាក់សាំងនេះ មិនមែនជាវ៉ាក់សាំង សម្រាប់តែជំងឺគ្រុនចាញ់​មួយនោះទេ វាក៏ជាវ៉ាក់សាំងដំបូងគេ ដែលត្រូវបានផលិត ដើម្បីការពារជំងឺ ដែល​បង្កដោយប៉ារ៉ាស៊ីតផងដែរ។

Photo by:Science Journal for Kids

 

ជំងឺគ្រុនចាញ់ ជាជំងឺ ដែលបង្កដោយមូសខាំ ហើយជំងឺនេះ កើតឡើងញឹកញាប់បំផុត នៅក្នុងប្រទេសក្រីក្រ ដូចនេះ WHO បានផ្សព្វផ្សាយយុទ្ធនាការពិសេសមួយ ដែលអនុញ្ញាតឲ្យ​ចែកចាយវ៉ាក់សាំងនេះឲ្យបានទូលំទូលាយ ក្នុងបណ្ដាប្រទេសក្រីក្រ ជាពិសេសប្រទេសក្នុងតំបន់អាហ្វ្រិក។

ការសិក្សាកាលពីឆ្នាំ២០២០ បានប៉ាន់ស្មានថា ការចែកចាយវ៉ាក់សាំងជំងឺគ្រុនចាញ់ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលមានអត្រាកើតជំងឺគ្រុនចាញ់ខ្ពស់ នឹងជួយការពារកុមារអាយុក្រោម ៥ឆ្នាំ​ ​ពីការឆ្លង ចំនួន ៥.៤លានករណី និងមរណភាពចំនួន ២.៣ម៉ឺននាក់ ក្នុង ១ឆ្នាំ៕

ប្រភព៖ WHO II https://www.who.int/ & The New York Times II https://www.nytimes.com/