Blog detail

Oct 14, 2021

យូនីសេហ្វ៖ កុមារ និងយុវជនម្នាក់ ក្នុងចំណោម ៧នាក់ មានបញ្ហាផ្លូវចិត្ត ដោយសារជំងឺកូវីដ-១៩

ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានប្រែក្លាយ​ពលរដ្ឋ​កម្ពុជា អោយ​ផ្លាស់ប្តូរ​ការរស់នៅ​តាម​បែប​គន្លង​ថ្មី​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​នេះ ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ទៀត នៅក្នុង​សហគមន៍​។ ពោលគឺ​ត្រូវ​ផ្លាស់ប្តូរ ប្រាស្រ័យ​ទាក់ទង​គ្នា ការរស់នៅ​ត្រូវ​រក្សា​គម្លាត ប្រកាន់ខ្ជាប់​នូវ​អនាម័យ ប្រើ​របាំងមុខ ឬ​ម៉ាស់ និង​លាងដៃ​ញឹកញាប់ ជាដើម​។

​ដោយឡែក ការសិក្សា ក៏​តម្រូវអោយ​សិក្សា តាមរយៈ​អន​ឡាញ ឬ​ឆ្លាស់​វេន​សិក្សា ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ថ្មីៗ​នេះ យូ​នី​សេ​ហ្វ បានចេញ​របាយការណ៍​មួយ​បង្ហាញ​អំពី «ស្ថានភាព​កុមារ​ពិភពលោក​ឆ្នាំ​២០២១៖ នៅក្នុង​ចិត្ត​ខ្ញុំ​: លើកកម្ពស់ ការពារ និង​ថែទាំ​សុខភាព​ផ្លូវចិត្ត​កុមារ​»។ ក្នុង​របាយការណ៍ បានបង្ហាញ​អំពី សុខុមាលភាព និង​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​យុ​ជនកម្ពុជា ជាច្រើន​ឆ្នាំ​ត​ទៅមុខទៀត ដោយបាន​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ កន្លងមកនេះ​។

​របាយការណ៍​នេះ បានចង្អុលបង្ហាញ​ថា «យ៉ាងហោចណាស់ កុមារ​ម្នាក់ ក្នុងចំណោម ៧​នាក់ បាន​រង​ផលប៉ះពាល់ ដោយផ្ទាល់​ពី​ការបិទ​ខ្ទប់ ខណៈដែល​កុមារ​ជាង ១,៦ ពាន់​លាន​នាក់ បាន​បាត់បង់​ការអប់រំ​។ ការរំខាន ចំពោះ​ទម្លាប់​ប្រចាំថ្ងៃ ការអប់រំ​រៀនសូត្រ ការកំសាន្ត ព្រមទាំង​ការព្រួយបារម្ភ​ចំពោះ​ប្រាក់ចំណូល និង​សុខភាព​គ្រួសារ កំពុង​ធ្វើ​ឲ្យ​យុវជន​ជាច្រើន មាន​អារម្មណ៍​ភ័យខ្លាច ខឹង និង​ព្រួយបារម្ភ​អំពី​អនាគត​របស់​ពួកគេ​»។​

​ការស្ទង់មតិ​របស់ យូ​នី​សេ​ហ្វ លើ​ក្មេង​ជំទង់​ចំនួន ៤៥% នៅ​កម្ពុជា ចាប់ពី​អាយុ ១៥ ទៅ ១៩​ឆ្នាំ បាន​និយាយថា «ពួកគេ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់ខ្លួន នៅក្នុង​កំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រីឯ​ក្មេង​ជំទង់ ១៦% ផ្សេងទៀត បាន​លើកឡើងថា ពួកគេ​មាន​អារម្មណ៍​តឹងតែង​ក្នុង​ចិត្ត ឬ​ធ្លាក់​ទឹកចិត្ត​ចាប់តាំងពី​វិបត្តិ​កូ​វីដ​-១៩ បានចាប់ផ្តើម​ឡើង »។​

​ដោយឡែក ការសិក្សា​មួយ​ផ្សេងទៀត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​យូ​នី​សេ​ហ្វ លើ​មនុស្ស​ចំនួន ១៥​ពាន់​នាក់ បាន​បង្ហាញថា ៥៨%​នៃ​សិស្ស​វិទ្យាល័យ​ធ្លាប់មាន​បញ្ហា​ផ្លូវចិត្ត​យ៉ាងហោចណាស់​មួយ​លើក​។

Photo by:Nippon

 ការសិក្សា​ស្រាវជ្រាវ​នេះ ក៏បាន​បង្ហាញ​ទៀតថា «៤៣% នៃ​អ្នកចូលរួម​ការស្ទង់មតិ​ទាំងអស់ យល់ឃើញថា ក្មេងប្រុស​នឹងមាន​ហានិភ័យ​ខ្ពស់​ពី​ការប្រើ​អំពើ​ហឹ​ង្សា ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច ក្នុងកំលុងពេល​បិទ​សាលារៀន ខណៈពេលដែល ៣៦% ផ្សេងទៀត ជឿជាក់ថា ក្មេងស្រី ក៏​នឹងមាន​ហានិភ័យ​ខ្ពស់​ដូចគ្នា​ដែរ​»។​

​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សា​ថ នាយិកា​យូ​នី​សេ​ហ្វ ប្រចាំ​កម្ពុជា បាន​លើកឡើងថា កុមារ​នៅ​កម្ពុជា ក៏ដូចជា កុមារ​ទាំងអស់ នៅលើ​ពិភពលោក កំពុង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ជំងឺ​នេះ បានធ្វើ​អោយមាន​មាន​បញ្ហា​ប្រឈម​ដល់​ការ​ដំណើរការ​សាលារៀន សេដ្ឋកិច្ច​គ្រួសារ ហើយ​បញ្ហា​នេះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​យុវជន​។ 

​លោកស្រី បាន​បន្ថែមទៀតថា «បញ្ហា​នេះ ត្រូវការ​ចាត់វិធានកា​រ​ឲ្យ​បាន​ទាន់ពេលវេលា​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត  ដែល​នេះ គឺជា​វិធានការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស និង​ការសង្គ្រោះ​អនាគត​របស់​ពួកគេ​»

​ប្រភព​៖ Unicef II www.unicef.org/cambodia/km