Blog detail

Sep 20, 2021

តើអ្នកដឹងទេថាភ្លៀងអាស៊ីតអាចបង្ករជំងឺគាំងបេះដូង?

ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ជោកជាំ លោកអ្នកប្រាកដជាគេចមិនផុតពីការត្រូវដំណក់ភ្លៀងនោះទេ។ ជាធម្មតាបន្ទាប់ពីត្រូវភ្លៀងរួច អ្នកអាចនឹងកើតជំងឺផ្ដាសាយ និងក្ដៅខ្លួនជាដើម​ប៉ុន្តែអាចជាសះស្បើយក្នុងរយៈពេលខ្លី។ ប៉ុន្តែភ្លៀងអាស៊ីតអាចបង្ករគ្រោះថ្នាក់ដល់សុខភាពយ៉ាងគួរឲ្យកត់សម្គាល់ រួមបញ្ចូលទាំងជំងឺគាំងបេះដូងផងដែរដែលជាជំងឺធ្ងន់ធ្ងរសំរាប់អាយុជីវិត។

តើភ្លៀងអាស៊ីតជាអ្វី?

ភ្លៀងអាស៊ីតគឺជាភ្លៀងដែលមានផ្ទុកសមាសធាតុអាស៊ីតស៊ុលហ្វួរិក និងអាស៊ីតនីទ្រីក ដែលផ្ដុំនៅក្នុងបរិយាកាស។

Photo by: Pixabay

 

តើភ្លៀងអាស៊ីតកើតឡើងដោយរបៀបណា?

វាកើតឡើងនៅពេលស្ពាន់ធ័រឌីអុកស៊ីត (SO2) និងអុកស៊ីអាសូត (NOx) មានប្រតិកម្មគីមីជាមួយនឹង​ទឹក អុកស៊ីសែន និងសារធាតុគីមីផ្សេងទៀត​ដែលប្រែក្លាយទៅជាអាស៊ីតស៊ុលហ្វួរិក និងអាស៊ីតនីទ្រីក ហើយធ្លាក់មកបរិស្ថានខាងក្រោម។ SO2 និង NOx មានប្រភពមកពីបាតុភូតធម្មជាតិបន្ទុះភ្នំភ្លើង និងឧស្ម័ននៃការដុតធ្យូងថ្មដែលត្រូវបានបញ្ចេញដោយរថយន្ត។

តើភ្លៀងអាស៊ីតមានឥទ្ធិពលបែបណា?

ភ្លៀងអាស៊ីតអាចធ្វើឲ្យរុក្ខជាតិ និងសត្វទទួលរងនូវបញ្ហាសុខភាព និងបាត់បង់ជីវិត ខណៈដែលអាគារ ឬសម្ភារៈនានាអាចខូចខាត បាក់បែក ឬពុកដោយសារត្រូវភ្លៀងអាស៊ីត។ ចំនែកឯមនុស្សអាចទទួលរងនូវឥទ្ធិពលដោយស្រូបយកសារធាតុស៊ុលហ្វាត និងនីត្រាតចូលទៅក្នុងសួត ដែលអាចវាយប្រហារទៅលើសួត បង្ករជាផលលំបាកក្នុងការដកដង្ហើមសំរាប់អ្នកមានជំងឺហឺត និងវាយប្រហារទៅលើមុខងារ និងដំណើរការរបស់បេះដូង នាំមកនូវជំងឺគាំងបេះដូង ដែលអាចឲ្យអ្នកបាត់បង់ជីវិត៕

ប្រភព៖ EPA II https://www.epa.gov/