Blog detail

Sep 02, 2021

Pfizer កំពុងសិក្សាពីថ្នាំគ្រាប់ថ្មីសំរាប់ព្យាបាលរោគសញ្ញាកូវីដ-១៩ កម្រិតស្រាល

កាលពីថ្ងៃពុធទី ០១ ខែកញ្ញា Pfizer ក្រុមហ៊ុនវ៉ាក់សាំងកូវីដ-១៩ បានប្រកាសពីការសិក្សាទ្រង់ទ្រាយធំរបស់ខ្លួនទៅលើថ្នាំគ្រាប់ប្រភេទថ្មីសំរាប់ជួយសម្រាលអាការៈអ្នកមានផ្ទុករោគសញ្ញាកូវីដ-១៩ កម្រិតស្រាល ដើម្បីកាត់បន្ថយអត្រាអ្នកឈឺធ្ងន់ធ្ងរ និងសំរាកមន្ទីរពេទ្យ។

Photo by: India TV News

 

            Pfizer កំពុងសិក្សាលើអ្នកជំងឺកូវីដ-១៩ ចំនួន ១១៤០នាក់ ដែលគ្មានរោគសញ្ញាធ្ងន់ធ្ងរ ឬអ្នកជំងឺដែលមិនតម្រូវអោយសំរាកព្យាបាលនៅមន្ទីរពេទ្យ ដោយផ្ដល់នូវថ្នាំថ្មីគ្រាប់មួយរបស់ខ្លួនឈ្មោះថា PF-07321332 រួមជាមួយនឹងថ្នាំគ្រាប់មួយប្រភេទទៀតឈ្មោះ ritonavir ដែលជាថ្នាំដែលគេប្រើលាយផ្សំសំរាប់ព្យាបាលជំងឺអេដស៍។ Pfizer កំពុងដំណើរការការសិក្សានេះ និងរំពឹងថាថ្នាំគ្រាប់នេះនឹងជួយការពារការសំរាកមន្ទីរពេទ្យ និងការស្លាប់។ អ្វីដែលអ្នកគួរដឹងអំពីថ្នាំនេះគឺ វាត្រូវបានផលិតឡើងដើម្បីទប់ស្កាត់អង់ស៊ីមសំខាន់ៗដែលជាអង់ស៊ីមធ្វើឲ្យមេរោគកូវីដ-១៩ បំបែកខ្លួនបានលឿន។

Photo by: Pills Fiercepharma

 

            គួរបញ្ជាក់ផងដែរថា ក្នុងខែកក្កដា Pfizer បានសិក្សាអំពីប្រសិទ្ធភាពរបស់ថ្នាំ PF-07321332 លើអ្នកជំងឺដែលប្រឈមនឹងហានិភ័យធ្ងន់ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។ អ្នកវិទ្យាសាស្ត្របានរំពឹងថាលទ្ធផលនៃការសិក្សានេះនឹងចេញនៅក្នុងខែកញ្ញានេះ។

            Pfizer បានបង្ហាញថា ប្រសិនបើការតេស្តសាកល្បងថ្នាំគ្រាប់នេះបានជោគជ័យ ក្រុមហ៊ុននឹងស្នើរសុំការអនុញ្ញាតឲ្យដាក់ប្រើថ្នាំគ្រាប់នេះសំរាប់គ្រាអាសន្ន៕

ប្រភព៖ ABC New II https://abcnews.go.com/ & Reuter II https://www.reuters.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង