
Aug 29, 2019
ហេតុផលសំខាន់ 5 ដែលអ្នកម្តាយគួរតែបំបៅដោះកូនក្នុងរយៈពេល 6 ខែដំបូង
តើអ្នកធ្លាប់គិតដែរ ឬទេថា ទឹកដោះម្តាយសំខាន់ យ៉ាងណា ចំពោះកូន? ក្រោយសម្រាលកូនរួច គ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យអ្នកម្តាយបំបៅកូនដោយទឹកដោះម្តាយភ្លាម ទោះគ្មាន ឬក៏ចេញតិចៗក៏ដោយ និងបន្តបំបៅដោះកូនតែមួយមុខគត់រហូតដល់អាយុ ៦ ខែ។
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកម្តាយគួរតែបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ជាជាងការបំបៅកូនដោយទឹកដោះគោ។
Photo by Dragos Gontariu on Unsplash
បើតាមអ្នកជំនាញខាងអាហារូបត្ថម្ភកុមារ បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុត ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារ ដោយសារក្នុងទឹកដោះម្តាយសម្បូរទៅដោយសារធាតុចិញ្ចឹមមួយចំនួនដូចជា
១.ជាតិប្រូតេអ៊ីន ដែលជាអាហារសាងសង់សំខាន់សម្រាប់អភិវឌ្ឍការលូតលាស់រាងកាយរបស់កុមារ
២. ជាតិស្ករឡាក់តូស ជួយផ្តល់កម្លាំងថាមពលដល់កុមារ
៣.ជាតិខ្លាញ់ជួយទ្រទ្រង់រចនាសម្ព័ន្ធកោសិការាងកាយកុមារ ថែរក្សារសីតុណ្ហភាពកុមារឱ្យមានលំនឹង ក៏ដូចជាការជួយរាងកាយកុមារដើម្បីស្តុកថាមពល
៤. ពពួកជីវជាតិ និងរ៉ែ ខនិជ ដូចជាជិវជាតិ A B C D ជាតិដែក ប៉ូតាស្យូម កាល់ស្យូមជាដើម ដែលជាភ្នាក់ងារដ៏សំខាន់សម្រាប់ការពារកុមារពីជំងឺនានា។
៥.ជាតិទឹកដែលតម្រូវការចាំបាច់របស់កុមារជាប្រចាំ
Photo by Sharon McCutcheon on Unsplash
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល រួមនឹងអង្គការដៃគូពាក់ព័ន្ធជាច្រើន បានឱ្យដឹងថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល អាចទប់ស្កាត់ការស្លាប់របស់ទារកបានប្រហែល ២០%។កុមារដែលទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដង និងជំងឺរលាកសួតបាន ១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានបៅទឹកដោះម្តាយ។
ជាមួយគ្នានេះ លោក ហ៊ូ ក្រើន នាយករងអង្គការ Helen keller international បានឲ្យដឹងថា ទារកដែលទទួលបានការបំបៅទឹកដោះពីម្ដាយ កើនពិន្ទុ IQ រហូតដល់ ២.៦២ ឯណោះ បើធៀបទៅនឹងកុមារដែលបៅម្សៅទឹកដោះគោ។
Photo by Peter Oslanec on Unsplash
យោងតាមរបាយការណ៍របស់អង្គការ Helen keller international ដែលធ្វើការលើអាហារូបត្ថម្ភម្តាយនិងកុមារ បានឱ្យដឹងថាកុមារដែលមិនបានបំបៅដោយទឹកដោះម្តាយធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ខួរក្បាល សតិបញ្ញាស្មារតី និងមានទំហំខួរក្បាលតូចជាងទារក ដែលបំបៅដោយទឹកដោះម្តាយ ហើយពួកគេក៏ងាយប្រឈមមុខ នឹងជំងឺនានាទៀតផង។