Blog detail

Jul 03, 2021

វិធីធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ដោយខ្លួនឯង

 

ថ្មីៗនេះប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំចូល ឧបករណ៍ តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ដើម្បី រួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដោយ បានអនុញាតិអោយម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ

ធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ដោយខ្លួនឯង និងមិនចាំបាច់មានគ្រូពេទ្យនោះទេ។

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) នេះបាននាំចូល ពីប្រទេសកូរ៉េ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

តើអ្នកមានឧបករណ៍តេស្តរហ័សនេះហើយឬនៅ? តើអ្នកត្រូវដឹងអ្វីខ្លះនៅពេលអ្នកធ្វើតេស្តដោយខ្លួន​ឯង?

ដំបូងអ្នកត្រូវរៀបចំកន្លែងធ្វើតេស្ត៖

Photo by:TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

 

.​ជ្រើសរើសទីកន្លែងដែលសមគួរដែលអាចធ្វើបាន សម្អាតទីកន្លែងឲ្យបានស្អាត ស្ងួត និងទូលាយល្អសំរាប់ដាក់ សម្ភារៈ និងឧបករណ៍ធ្វើតេស្ត។

. លាងដៃឲ្យបានស្អាតល្អជាមួយសាប៊ូ ទឹកក្ដៅឧណ្ណៗ ជែល ឬអាល់កុល

. ជូត ឬហាលដៃឲ្យស្ងួត

Photo by:TYDA-គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

 

តើការធ្វើតេស្តរហ័សនេះត្រូវមានឧបករណ៍អ្វីខ្លះ?

ក្នុងកញ្ចប់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ ១៩ មាន សម្ភារៈ ៦មុខដូចជា៖

. ប្រដាប់ត្បារ ច្រមុះ ដែលមានការវេចខ្ចប់ល្អ

. ប្រដាប់ទ្របំពង់ផ្ទុកសំណាក

. បំពង់ផ្ទុកសំណាក

. បំពង់តូចដែលមានទឹកថ្នាំសំរាប់លាយផ្សំនឹងសំណាក​ (Extraction buffer sachet)

. ឧបករណ៍តេស្ត

. ផ្លាស្ទិកសំរាប់រក្សាសំណាក

វិធីរៀបចំការធ្វើតេស្ត៖

. ហែកថង់ និងដកយកឧបករណ៍ធ្វើតេស្តចេញមកក្រៅ (ដាក់នៅកន្លែងស្អាត)

. ត្រូវចាប់ផ្ដើមធ្វើតេស្តភ្លាមមិនឲ្យលើស ៣០នាទីបន្ទាប់ពីហែកថង់ឧបករណ៍តេស្តរួច

. មួលក្បាលបំពង់តូចដែលមានទឹកថ្នាំសំរាប់ផ្សំនឹងសំណាក ដើម្បីចាក់ទឹកថ្នាំនោះចូលក្នុងបំពង់ផ្ទុកសំណាក (ត្រូវមានការប្រុងប្រយ័ត្នកុំឲ្យទឹកថ្នាំនោះហូរចោល)

. បើកគំរបបំពង់រក្សាសំណាក រួចចាក់ទឹកថ្នាំនោះចូលឲ្យអស់

. បិទគំរបវិញ រួចដាក់បំពង់ជាប់នៅប្រអប់ទ្ររបស់វា

វិធីយកសំណាក៖

. មុនដំបូងអ្នកគួរសម្អាតច្រមុះឲ្យបានស្អាត

. លាងដៃឲ្យស្អាត

. ហែកយកប្រដាប់ត្បារច្រមុះ ចេញពីកញ្ចប់របស់វា (ហាមប៉ះផ្នែកដែលមានសំឡី ឬធ្វើឲ្យប្រឡាក់)

. ស៊កប្រដាប់ត្បារច្រមុះចូលក្នុងរន្ធច្រមុះ​ប្រហែល ២ស.. និងត្បារឲ្យបាន ១០ជុំ។ អនុវត្តបែបនេះក្នុងរន្ធច្រមុះទាំងសងខាង​ និងរក្សាសំឡីត្បារកុំឲ្យប៉ះអ្វីឲ្យសោះ។

វិធីតេស្តសំណាក៖

. បើកគ្របបំពង់ផ្ទុកសំណាក (ដែលមានទឹកផ្សំជាមួយសំណាក) ដាក់ចុងសំឡីចូលក្នុងបំពង់ ប្រើកម្លាំងច្របាច់ចុចបំពង់ និងបង្វិលប្រដាប់ដម្បាររយៈពេល ១៥វិនាទី។ អ្នកត្រូវឲ្យទឹកក្នុងបំពង់ជ្រាបចូលសំឡីឲ្យបានសើម ហើយត្រូវច្របាច់ច្បូតយកទឹកឲ្យអស់ពីសំឡី។

. បិទគ្របបំពង់ឲ្យបានជិត

. ច្របាច់ទឹកចេញពីបំពង់ និងបន្តក់ទឹក ២តំណក់លើទីតាំងអក្សរ S ជាប់នឹងឧបករណ៍តេស្ត

. ចាំរយៈពេលពី ១៥ ទៅ ៣០នាទី តាមការណែនាំរបស់ផលិតផលផ្សេងគ្នា

. បន្ទាប់ពីដល់នាទីកំណត់ អ្នកអាចពិនិត្យមើលពីលទ្ធផលបាន​។ បើលទ្ធផលចេញសញ្ញាបន្ទាត់មួយកាំក្រោម អក្សរ C អ្នកមានលទ្ធផលអវិជ្ជមាន។ បើអ្នកឃើញមានបន្តាត់ពីរកាំ អ្នកមានលទ្ធផលវិជ្ជមានហើយ។ ប៉ុន្តែប្រសិនបើអ្នកឃើញបន្ទាត់មួយក្រោមអក្សរ T ឬមិនឃើញអ្វីសោះ លទ្ធផលរបស់អ្នកមិនអាចយកជាការបាននោះទេ។ ត្រូវចាំថាប្រសិនបើអ្នកមានផ្ទុកលទ្ធផលវិជ្ជមានអ្នកគួរធ្វើចត្តាឡីស័កខ្លួនពីអ្នកដទៃ ឬទាក់ទងទៅលេខ ១១៥ ដើម្បីធ្វើការផ្ដាច់ខ្លួន និងប្រាប់ដល់អ្នកផ្សេងដែលធ្លាប់ប៉ះពាល់អ្នកថ្មីៗនេះឲ្យធ្វើតេស្តរកលទ្ធផល ឬដាក់ខ្លួនដាច់ដោយឡែក។

ប្រភព៖ Department of Health and Social Care II https://www.youtube.com/watch?v=S9XR8RZxKNo, Operones II https://www.youtube.com/watch?v=gtYImU6ELks