
Feb 25, 2021
គន្លឹះក្នុងការបំបាត់ការឈឺចាប់កំឡុងពេលមករដូវ
ស្ត្រីភាគច្រើនតែងតែមានវត្តរដូវមួយដងក្នុងមួយខែហើយស្ត្រីខ្លះអាចមានការឈឺចាប់ត្រង់ពោះ ក្បាល រោយខ្លួន រោយចង្កេះក្នុងរយៈពេល ១ ទៅ ២ ថ្ងៃឬអាចយូរជាងនេះ។ ការឈឺចាប់នេះបណ្ដាលមកពីការកន្ត្រាក់របស់ស្បូនក្នុងពេលមករដូវនៅក្នុងរាងកាយ។ ស្ត្រីដែលជួបបញ្ហានេះភាគច្រើនតែងតែស្វែងរកវិធីសាស្ត្រក្នុងការបំបាត់ការចុកចាប់នេះ តែពុំទទួលបានប្រសិទ្ធិភាព។ ដូចនេះស្ត្រីទាំងអស់គួរអនុវត្តតាមគន្លឹះទាំង ៥ ចំណុចនេះ ដែលចំណាយទុនតិច និងអាចទទួលបានប្រសិទ្ធិភាពខ្ពស់៖

១. ផឹកទឹកឲ្យបានច្រើន៖ ការបរិភោគទឹកអាចជួយកាត់បន្ថយការឈឺចាប់ ព្រោះវាអាចជួយកាត់បន្ថយការអាការៈហើមពោះនៅពេលមានរដូវ។ ប្រសិនបើអ្នកទទួលទានទឹកក្ដៅ វានឹងអាចជួយបង្កើនលំហូរឈាម និងជួយឲ្យការឈឺចាប់សាច់ដុំបានធូរស្រាល។

២. ពិសារតែធម្មជាតិ៖ តែធម្មជាតិមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងមេរោគ ហើយប្រការនេះអាចកាត់បន្ថយការកន្រ្តាក់សាច់ដុំនៅក្នុងស្បូនដែលបណ្ដាលឲ្យមានការឈឺចាប់នៅពេលមករដូវ។ មួយវិញទៀតនោះវាក៏អាចជួយឲ្យគេងលក់ និងកាត់បន្ថយភាពតានតឹងបានផងដែរ។
៣. ពិសារអាហារប្រឆាំងនឹងការរលាក៖ អាហារដែលប្រឆាំងនឹងការរលាកអាចជួយសម្រួលដល់ប្រព័ន្ធឈាមនៅក្នុងរាងកាយ និងសម្រាលការឈឺចាប់របស់ស្បូន។ អាហារទាំងនោះដូចជា ប៉េងប៉ោះ ម្នាស់ ខ្ញី ខ្ទឹមបារាំង បន្លែពណ៌បៃតង ត្រីជាដើម។

៤. ស្អំរបស់ក្ដៅនៅលើពោះ៖ នៅពេលដែលមានការឈឺចាប់ អ្នកគួរយករបស់ក្ដៅយកមកស្អំនៅលើពោះដែលការអនុវត្តបែបនេះជួយសម្រួលដល់លំហូរឈាម និងសាច់ដុំដើម្បីកាត់បន្ថយការចុកចាប់នៅក្នុងពោះ។
៥. ម៉ាស្សា៖ អ្នកដែលមករដូវគួរធ្វើការម៉ាស្សានៅលើពោះដើម្បីជួយកាត់់បន្ថយការឈឺចាប់របស់ស្បូនដែលកំពុងកន្ត្រាក់។ ការម៉ាស្សាពេញមួយតួខ្លួនអាចជួយសម្រាលបញ្ហាស្ត្រេសដែលនេះវាអាចជួយកាត់បន្ថយការឈឺចាប់បានផងដែរ។
ប្រភពៈ HealthPartners II https://www.healthpartners.com