Blog detail

May 12, 2020

សារៈប្រយោជន៍ ៦ បានពី​ការបរិភោគ គ្រាប់ស្វាយចន្ទី

១.ជួយគ្រប់គ្រងទម្ងន់របស់​អ្នក​

Photo by i yunmai on Unsplash

គ្រាប់ស្វាយចន្ទី ជាគ្រាប់​ធញ្ញជាតិ ​មានប្រយោជន៍ដល់ការគ្រប់គ្រងទម្ងន់។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាហារបំប៉នសុខភាពអាមេរិច  បានរកឃើញថាស្ត្រី ​ដែល​កម្រទទួលទានគ្រាប់​ធញ្ញជាតិ ​មានអត្រានៃការឡើងទម្ងន់ ​​​ជាងស្ត្រីដែលបរិភោគ គ្រា​ប់ធញ្ញជាតិ ​២ ឬ​ ច្រើនដងក្នុងមួយសប្តាហ៍។​​

 

អ្នកស្រាវជ្រាវសន្និដ្ឋានថាការញ៉ាំគ្រាប់ធញ្ញជាតិ មិននាំឱ្យឡើងទម្ងន់ទេ ហើយវាអាចជួយរក្សាទម្ងន់ឱ្យមានសុខភាពល្អទៀត​ផង។ វាជួយ​​ឱ្យ​អ្នកឆាប់​​មាន​អារម្មណ៍ឆ្អែត និង ជួយ​រក្សា​កំដៅនៅរាង​កាយ​ ដែល​អាចជួយជំរុញដល់​ការរំលាយអាហារផង។

២.ជួយដល់​​សុខភាពឆ្អឹង

គ្រាប់ស្វាយចន្ទី គឺជាប្រភពអាហារសំបូរ​សារធាតុ​​ទង់ដែង ដែលជួយដល់ឆ្អឹង និងកាត់បន្ថយនៃ​កើនឡើងហានិភ័យនៃជំងឺពុកឆ្អឹង។ មនុស្សពេញវ័យអាយុពី ១៩ ឆ្នាំឡើងទៅ ​​តម្រូវឱ្យទទួលទានទង់ដែង ៩០០ មីក្រូក្រាមក្នុងមួយថ្ងៃ ហើយ គ្រាប់ស្វាយចន្ទី២៨ក្រាម មានផ្ទុកទង់ដែង ៦២២ មីក្រូក្រាម។ ​ ព្រោះវាជួយក្នុងការបញ្ចូលជាតិកាល់ស្យូមចូលទៅក្នុងឆ្អឹង។ ម៉ង់ហ្គាណែស ដែលជាសារធាតុរ៉ែមួយទៀតនៅក្នុងគ្រាប់ស្វាយចន្ទី រួមផ្សំជាមួយ កាល់ស្យូម និងទង់ដែងក៏​អាច​ការពារជំងឺពុកឆ្អឹងផង​ដែរ។  ​

៣.ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ​​​​​​

ក្រៅពីមានផ្ទុកបរិមាណទង់ដែងខ្ពស់ គ្រាប់ស្វាយចន្ទី​ ក៏មាន​ផ្ទុក​​​​ស័ង្កសី ​ ។ ​រ៉ែនេះមានសារសំខាន់សម្រាប់ការអភិវឌ្ឍកោសិកាប្រ​​ព័ន្ធភាពស៊ាំ​ និង ផលិតអង់ស៊ីមប្រឆាំងអុកស៊ីតកម្ម។ ​​គ្រាប់​ចន្ទីប្រមាណ ២៨ ក្រាម ផ្តល់ ​​​​ស័ង្កសីបាន ១.៦ មីលី​ក្រាម។ ស្ត្រីត្រូវ​ការ សារធាតុ ស័ង្កសីប្រមាណ ៨មីលីក្រាម ហើយ បុរស​ត្រូវ​ការ​ សារធាតុ ស័ង្កសីប្រមាណ ១១ មីលីក្រាមក្នុង​មួយ​ថ្ងៃ។ 

៤. ល្អចំពោះសុខភាព​បេះដូង

គ្រាប់ស្វាយចន្ទីរល្អបំផុតសម្រាប់បេះដូងដោយសារតែវាមិនមានកូឡេស្តេរ៉ុល​ កាត់​បន្ថយ​សម្ពាធ ​និងផ្ទុកទៅដោយសារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ដែលជួយ​បន្ថយការប្រឈមនឹងបញ្ហាបេះដូង។  វត្តមានម៉ាញ៉េស្យូមជួយ​បង្កើត​អត្រាការ​រំលាយអាហារ ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកើតជំងឺគាំងបេះដូងទៀតផង។ វា​ក៏​សំបូរទៅ​ដោយ​រ៉ែ វីតាមីន ដែល​ល្អ​សម្រាប់​សុខភាព​បេះ​ដូង​ផង​ដែរ។  

៥. កាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់

ការទទួលទាន​គ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ អាចជួយ​​​បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។​​​ នៅក្នុងការសិក្សាលើស្ត្រីជាង ៨០.០០០ នាក់ បង្ហាញ​ថា ការបរិភោគគ្រាប់ធញ្ញជាតិដូចជាគ្រាប់ស្វាយចន្ទីជាដើម កាត់​បន្ថយ​ហានិភ័យ នៃ​ការវិវត្តទៅ​រក​ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់បាន ​ ២៥ ភាគរយ។ អ្នក​ដែលបរិភោគគ្រាប់​ធញ្ញជាតិ ពិសេស​ចន្ទីឲ្យ​បាន ១៥០ ក្រាម ក្នុង​១​សប្តាហ៍ មាន​សុខភាព​ល្អ ជៀស​ផុត​ពី ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់​​ ជាង​អ្នកបរិភោគ​តិច​ជាង​នេះ។ ​

៦. បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម

ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែញ៉ាំគ្រាប់ស្វាយចន្ទី គឺវាជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម។ នេះដោយសារតែវាមិនមានកូឡេស្តេរ៉ុល ហើយក៏មានជាតិស្ករទាបថែមទៀត ដែលអាចក្លាយទៅជាអាហារសម្រន់ដ៏មានសុវត្ថិភាពសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។

ប្រភព៖

https://www.healthline.com/health/are-cashews-good-for-you#eye-health

https://www.medicalnewstoday.com/articles/309369#risks