Blog detail

Feb 23, 2021

អាការៈនៃបញ្ហាឆ្លងមេរោគទៅក្នុងអញ្ចាញធ្មេញ

ការឆ្លងមេរោគចូលទៅក្នុងអញ្ចាញគឺជាបណ្ដុំនៃបាក់តេរីដែលឆ្លងចូលជាលិកានៃអញ្ចាញធ្មេញ។ បញ្ហានេះបង្កឡើងដោយការសម្អាតប្រអប់មាត់មិនបានស្អាតល្អ ហើយវាអាចបង្កឲ្យបាក់តេរីដែលមាននៅក្នុងមាត់កើនឡើង។ អ្នកដែលមានផ្ទុកជំងឺនេះភាគច្រើនជា អ្នកជំងឺទឹកនោមផ្អែម ការបម្រែបម្រួលនៅលើស្ត្រីមានផ្ទៃពោះ បញ្ហាស្ត្រេស  ឱសថធ្វើឲ្យស្ងួតមាត់ជាដើម។ លោកអ្នកអាចសម្គាល់ថាលោកអ្នកបានឆ្លងមេរោគទៅក្នុងអញ្ចាញនៅពេលដែលវាមានសញ្ញាទាំងនេះ៖ 

Photo by: Food Network

១. ឈឺពេលទំពារ៖ នៅពេលដែលបរិភោគអាហារ វានឹងមានការឈឺចាប់ត្រង់កន្លែងដែលកំពុងទំពារហើយធ្មេញរបស់អ្នកជំងឺ គឺទំពារមិនស្មើគ្នាពោលគឺពិបាកក្នុងការទំពារអាហារដែលនេះបណ្ដាលមកពីមេរោគនៅក្នុងអញ្ចាញ។ 

Photo by:Smile in Style

 

២. ចេញឈាមនៅពេលដុសធ្មេញ៖ ប្រសិនបើលោកអ្នកមានការឆ្លងមេរោគនៅក្នុងអញ្ចាញ វានឹងបណ្ដាលឲ្យមានឈាមនៅពេលដែលលោកអ្នកដុសធ្មេញ ហើយកំហាកថ្នាំដុសធ្មេញមានពណ៌ផ្កាឈូក។

៣. ធ្មេញរង្គើ និងស្រៀវ៖ នៅពេលដែលមេរោគបានចម្លងចូលទៅក្នុងអញ្ចាញ វានឹងធ្វើឲ្យប៉ះពាល់ដល់ឬសធ្មេញដែលបណ្ដាលឲ្យធ្មេញរបស់អ្នកជំងឺមានសភាពរង្គើ និងស្រៀវដែលអាចបណ្ដាលឲ្យពិបាកក្នុងការបរិភោគអាហារ។

Photo by: Santa Rosa CA Dentist

៤. មានក្លិនមាត់ជាប្រចាំ៖ លោកអ្នកដែលមានផ្ទុកនូវបញ្ហានេះ នឹងមានអាការៈធុំក្លិនមាត់ជាប្រចាំទោះបីជាព្យាយាមសម្អាតយ៉ាងណាក្ដី។ លោកអ្នកគួរស្វែងរកការព្យាបាលពីវេជ្ជបណ្ឌិតជំនាញឲ្យបានទាន់ពេលវេលា។

 

៥. អញ្ចាញស្រក៖ មេរោគដែលមាននៅក្នុងអញ្ចាញអាចធ្វើឲ្យអញ្ចាញស្រកដែលវានឹងធ្វើឲ្យឬសធ្មេញរបស់លោកអ្នកចេញមកខាងក្រៅ ហើយនេះជាមូលហេតុបណ្ដាលឲ្យធ្មេញឆាប់បាក់ឬឆ្លងមេរោគ។

ប្រភព៖ MedicalNewsToday II https://www.medicalnewstoday.com