
Apr 08, 2020
សកម្មភាព 12 យ៉ាង ជួយឲ្យអ្នករសាយអារម្មណ៍ ពេលមានភាពតឹងតឹង និង ស្ត្រេស ម្តងៗ
-
អ្នកអាចដើរចេញទៅខាងក្រៅ ធ្វើលំហាត់ប្រាណ ដោយគ្រាន់តែដើរ ឬ រត់ត្រឹកៗក៏បាន
Photo by Arek Adeoye on Unsplash
ការចំណាយពេលបន្តិចបន្តួច ទៅដើរ ឬ រត់តិចៗ អាចធ្វើឲ្យចិត្តស្រឡះបន្តិចពីបញ្ហានានា។ ពេលវេលាបែបនេះអាចជួយឲ្យអ្នកមិនសូវមានអារម្មណ៍ច្របូលច្របល់ និង អាចគិតបានប្រសើរឡើង។ ម្យ៉ាងទៀត ការហាត់ប្រាណ បញ្ចេញអរម៉ូន អ៊ីនដូហ្វីន ដែលជាអរម៉ូនធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
-
ផឹកតែបៃតងក្តៅ អ៊ុនៗ
Photo by Verena Böttcher on Unsplash
តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សុខភាពរបស់អ្នក។ ម្យ៉ាងទៀត វាក៏មាននាទីបង្កើនកម្រិត សេរ៉ូធោនីន ដែលអាចកាត់បន្ថយភាពតានតឹង និង ស្ត្រេស។
-
ជៀសវាងកុំនៅ កន្លែងចង្អៀត ឬ អ៊ូអរ
Photo by Keenan Constance on Unsplash
ជួនកាល ការនៅកន្លែងចង្អៀត និង អ៊ូអរ ធ្វើឲ្យអ្នកធុញថប់ និង ពិបាកដកដង្ហើម។ ព្យាយាមនៅកន្លែងណាទូលាយ និង ស្ងប់ស្ងាត់ ដើម្បីឲ្យអ្នកអាចសម្រាកអារម្មណ៍បានបន្តិច។
-
ដកដង្ហើមឲ្យបានវែងៗ
Photo by Natalia Figueredo on Unsplash
ពេលអ្នកតានតឹង ឬស្ត្រេស អ្នកតែងដកដង្ហើមញាប់ៗ និង បេះដូងលោតលឿនជាងមុន។ ការដកដង្ហើមមួយៗ និង វែងៗ អាចជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកឆ្លើយតបដោយឲ្យអ្នកមានអារម្មណ៍ល្អឡើង។
-
សរសេរបញ្ហារបស់អ្នកនៅក្នុងកំណត់ហេតុ
Photo by NeONBRAND on Unsplash
វីធីមួយដែលអាចធ្វើឲ្យអ្នកបាត់ស្ត្រេសបានគឺបញ្ចេញវាមកក្រៅ។ ការសរសេរ មានប្រសិទ្ធភាពធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរ។ មួយទៀត អ្នកក៏អាចសរសេរអំពី អំពើល្អដែលអ្នកបានធ្វើ ក៏ដូចជារឿងល្អកើតឡើងចំពោះអ្នក។
-
និយាយជាមួយមិត្តភក្តិ គ្រួសារ និង អ្នកជិតស្និតអំពីបញ្ហារបស់អ្នក
Photo by Trung Thanh on Unsplash
មិត្តភក្តិ និង គ្រួសាររបស់អ្នកគឺជាជំនួយផ្លូវចិត្តដ៏សំខាន់ និងអាចធ្វើឲ្យអ្នកអាចឆ្លងកាត់ការលំបាកក្នុងជីវិតបាន។ និយាយពីបញ្ហារបស់អ្នកទៅកាន់ពួកគេ និង ទទួលយកគំនិតយោបល់របស់ពួកគេ។ ការសិក្សាក៏បានបង្ហាញដែរថា ការចំនាយពេលជាមួយក្រុមគ្រួសារនិងអ្នកជិតស្និត អាចកាត់បន្ថយអារម្មណ៍តានតឹងបាន។
-
សើចឲ្យបានច្រើន ដោយមើលកំប្លែង ឬ មើលរឿងកំប្លែង
Photo by Jonathan Daniels on Unsplash
ការសើចអាចធ្វើឲ្យអ្នកសម្រាកចិត្ត ពិសេសពីបញ្ហាច្របូលច្របល់នានា។ សើចសំខាន់ណាស់។ អ្នកអាច មើលរូបភាព ឬ រឿងកំប្លែង ក្នុងបណ្តាញសង្គម ឬក្នុង YouTube ជាដើម។
-
អុចទៀនក្រអូបនៅក្នុងបន្ទប់របស់អ្នក ដើម្បីឲ្យមានបរិយាកាសស្រស់ស្រាយ
ក្លិនអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេស ឬ ភាពតានតឹង ព្រមទាំងអាចឲ្យអ្នកគេងលក់ស្រួលពេលយប់ផងដែរ។ ក្លិនខ្លះថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ចិត្តទៀតផង។
-
បរិភោគអាហារដែលល្អសម្រាប់សុខភាពអ្នក
អាហារក៏ជាផ្នែកមួយសំខាន់សម្រាប់អ្នក ពិសេសសុខភាពរបស់អ្នក។ ការបរិភោគអារហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ មិនងាយធ្វើឲ្យអ្នកឈឺ ហើយជួនកាលវាថែំទាំងធ្វើឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។
-
ស្តាប់តន្ត្រី បទយឺត ឬSlow ហើយបិទភ្នែកសម្រាក
Photo by Elice Moore on Unsplash
តន្ត្រី យឺតៗ មានប្រសិទ្ធភាពក្នុងការបន្ធូរអារម្មណ៍របស់អ្នក ធ្វើឲ្យអ្នកបានសម្រាកផ្លួវចិត្ត។ ភ្លេងមួយចំនួនដូចជា សំឡេងធម្មជាតិ ក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងបានដែរ។
-
គេងឲ្យបានគ្រប់គ្រាន់ និង ទៀងទាត់
Photo by Kinga Cichewicz on Unsplash
ការគេងឲ្យបានគ្រប់គ្រាន់ពិតជាសំខាន់សម្រាប់សុខភាពអ្នក។ មិនតែប៉ុណ្ណោះ ការសិក្សាបង្ហាញថា ការគេងមិនគ្រប់គ្រាន់ជាហេតុផលធ្វើឲ្យអ្នកអារម្មណ៍មិនល្អ និង មិននឹងនរ។
-
ចាប់ផ្តើមរៀនយោគៈ ឬ ធ្វើសមាធិឲ្យបានច្រើន
យោគៈ បានក្លាយជាវិធីដ៏មានប្រជាប្រិយភាពក្នុងការកាត់បន្ថយភាពតានតឹង ចំពោះមនុស្សគ្រប់វ័យ។ យោគៈ និង សមាធិ ជួយឲ្យអ្នកដកដង្ហើមបានស្រួល ជួយកាត់បន្ថយអរម៉ូនស្រេ្តស ក៏ដូចជា បន្ថយសម្ពាធឈាមក្នុងខ្លួន។
ប្រភព៖ LifeHack, Healthline