Blog detail

Aug 29, 2019

5 មូលហេតុ​ចម្បង​ដែល​នាំឲ្យ​កើត​មុន​

 

បើ​សិនជាអ្នក​ជា​មនុស្ស​វ័យ​ជំទង់ ឱកាស​ដែល​នាំឲ្យ​អ្នក​កើត​មុន​មាន​ច្រើន​ណាស់។ យុវវ័យ​ប្រហែល ៨ នាក់ក្នុង​ចំណោម​១០​នាក់​មាន​បញ្ហា​កើតមុន ហើយ​​មនុស្ស​វ័យ​កណ្តាលខ្លះ​ក៏​​ប្រឈមនឹងការកើតមុនផងដែរ។

ជាទូទៅ មុន​ កើត​មាន​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​អរម៉ូន​របស់​មនុស្ស​ម្នាក់​ៗ ​ដោយសារ​តែផ្ទៃមុខ​សំបូរ​ខ្លាញ់ និង បាក់តេរី ហើយ​ជួន​កាល​ក៏​ដោយ​សារ​តែហ្សែន​របស់​អ្នក​ដែរ។ ប៉ុន្តែ ការរស់​នៅ​ និង ទម្លាប់​របស់​អ្នក​មួយ​ចំនួន​ក៏ជា​កត្តា​សំខាន់​អាច​ជំរុញ​ឲ្យ​អ្នក​កើត​មុន​ផងដែរ។ 

១. របប​អាហារ​ខ្លះ​របស់​អ្នក​អាច​នាំ​ឲ្យ​កើត​មុន

 

Photo by Kavita Joshi Rai on Unsplash

អ្នក​ដែល​កើត​មុន​ជាទូទៅបរិភោគអាហារ​ដែល​មានផ្ទុក​កាបូអ៊ីដ្រាតច្រើន ដែល​មាន​ដូចជា នំប័ុង អាហារដែល​ធ្វើ​ពី​ម្សៅ អាហារ​ដែល​មាន​សារជាតិ​ផ្អែម​ខ្លាំង​ ព្រមទាំងភេសជ្ជៈផ្អែម​​ៗ។ អាហារទាំង​នេះធ្វើ​ឲ្យ​សារជាតិ​ស្ករនៅ​ក្នុង​ឈាម និង អាំងស៊ុយលីនកើន​ឡើង។ ការកើនឡើងរបស់អាំងស៊ុយលីនធ្វើ​ឲ្យអរម៉ូនភេទ​ (អឺស្រ្តូសែន) សកម្ម ដែល​អាចឲ្យ​កោសិកាស្បែក​លូត​លាស់​រហ័ស និង បង្កើតជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​ ដែល​ជាកត្តា​មួយនាំ​ឲ្យ​កើត​មុន។ អាហារ​ផ្សេងទៀត​ដូចជា​ទឹក​ដោះគោ និង សូកូឡា​ក៏អាចជំរុញ​ឲ្យ​កើត​មុន​ដែរ។

២. ភាព​តាន​តឹង និងស្ត្រេស

Photo by Aarón Blanco Tejedor on Unsplash

បញ្ហា​ផ្លូវ​ចិត្តដូចជា​ភាព​តាន​តឹង ស្ត្រេស និង ការ​ថប់​អារម្មណ៍ ជា​សញ្ញា​ដែល​ជំរុញឲ្យ​អ្នក​កើត​មុន​។​ នៅ​ពេល​អ្នក​មាន​សម្ពាធ​ផ្លូវ​ចិត្ត ស្បែក​របស់​អ្នក​ផលិត​អរម៉ូន​ស្រ្តេស ដូចជា ករទីស៉ូល ដែលទៅរំញោច​ក្រពេញ​ខ្លាញ់​របស់​អ្នក។​ នេះអាច​ធ្វើ​ឲ្យ​ផ្ទៃ​ស្បែក​របស់​អ្នក​សំបូរជាតិ​ខ្លាញ់ ហើយ​ស្ទះ​ក្នុង​រន្ធរោម​​​ដែល​ជា​មូល​ហេតុ​ចំបង​នាំ​ឲ្យ​មាន​មុន។ 

៣. ការញេចមុន ឬ ប៉ះ​មុខ​ខ្លួន​ឯង​ជា​ញឹក​ញាប់ 

នៅ​ពេល​ដែល​យើង​ឃើញ​មុន​ថ្មីៗ​​​កើត​ចេញ​មក យើង​តែ​ង​មាន​អារម្មណ៍​ចង់​ប៉ះ ឬ ញេច​មុន​នោះ ចេញ។ តែ​តើអ្នក​ដឹង​ទេ​ថា នៅ​លើ​ម្រាម​ដៃ​ ឬ ប្រដាប់​ញេច​មុន​របស់​អ្នក​មាន​មេរោគ និង បាក់តេរី​ច្រើន​កម្រិត​ណា? នៅ​ពេល​អ្នក​ប៉ះ​ពាល់​មុន​ទាំង​នោះ មេរោគពី​ដៃអ្នក និង បរិយាកាស​ខាង​ក្រៅ​កាន់​តែ​ច្រើននឹង​មាន​ឱកាស​ចូល​ក្នុង​រន្ធ​រោម​របស់​អ្នក ដែលធ្វើ​ឲ្យ​មុន​​កាន់​តែ​កើត​ខ្លាំងជាង​មុន។ 

៤. ការពាក់​មួកយូរ ហើយ ក្តៅ

Photo by Freshh Connection on Unsplash

នៅពេល​ដែល​អ្នក​ពាក់​មួក​យូរ ញើស​ និង បាក់​តេរី ផ្សេង​ៗនឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​លើស្បែក​ថ្ងាសរបស់​អ្នក និង​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​។ កត្តា​នេះអាច​នាំ​ឲ្យ​អ្នក​កើត​មុន​ជុំ​វិញ​ថ្ងាសបាន។  

៥. មិន​សំអាតខ្លួន​ក្រោយការហាត់​ប្រាណ

Photo by Scott Webb on Unsplash

នៅ​ពេល​អ្នក​ហាត់​ប្រាណ ញើស បាក់តេរី ដី និង ជាតិ​ខ្លាញ់​ មក​ប្រមូល​ផ្តុំគ្នានៅ​លើ​ស្បែក​របស់​អ្នក ដែល​ជា​ឱកាស​នាំ​ឲ្យ​កើត​មុន​។​ ក្រោយ​ពេល​ហាត់​ប្រាណ បើ​សិន​ជា​អ្នក​មិន​បាន​ងូត​ទឹក ឬ​ លុប​លាង​ខ្លួន​ភ្លាម​ៗនោះ​ទេ បាក់​តេរី​ផ្សេងៗ​នឹង​មក​ប្រមូល​ផ្តុំ​គ្នា ងាយ​នឹ​ង​ឲ្យ​អ្នក​កើត​មុន​ជាទី​បំផុត។