Blog detail

Jan 14, 2021

វិធីសាស្ត្រទាំង ៦ ចំណុចក្នុងការបំបាត់អាការៈឈឺក

 

អាការៈឈឺកតែងតែកើតឡើងទៅលើមនុស្សគ្រប់វ័យមិនថាចាស់ឬក្មេងនោះទេ។​​ បញ្ហានេះបណ្ដាលមកពីមូលហេតុជាច្រើនដូចជា​ ​ បញ្ហាសាច់ដុំ ​ការមានរបួស​ ជំងឺបេះដូង ជំងឺរលាកស្រោមខួរ​ ការឈឺសន្លាក់ ការសម្រាន្តមិនបានត្រឹមត្រូវ កង្វះលំហាត់ប្រាណជាដើម។ លោកអ្នកគួរមានវិធីសាស្ត្រផ្ទាល់ខ្លួនក្នុងការព្យាបាលអាការៈនេះឲ្យបានត្រឹមត្រូវនៅពេលលោកអ្នកមានបញ្ហានេះកើតឡើង។ ទាំងនេះគឺជាវិធីសាស្ត្រទាំង ៦​​ ចំណុចក្នុងការបំបាត់អាការៈឈឺក៖

១. ស្អំរបស់ត្រជាក់៖ យកក្រណាត់ស្អាតហើយត្រជាក់ ឬទឹកកកមកស្អំត្រង់កន្លែងឲ្យបានពី ២​​​​​ ទៅ​ ៣ ថ្ងៃបន្ទាប់មកស្អំកជាមួយទឹកក្ដៅវិញ។ អនុវត្តវិធីនេះឲ្យបានទៀងទាត់នឹងជួយបំបាត់បញ្ហានេះបានយ៉ាងរហ័ស។

Photo by:University Hospital

 

២. ប្រើប្រាស់ថ្នាំបំបាត់ការចុកចាប់៖ ប្រភេទឱសថដូចជា ibuprofen acetaminophen មាននាទីជួយបំបាត់អាការៈឈឺកបានយ៉ាងរហ័ស និងមានប្រសិទ្ធិភាពខ្ពស់។ ប៉ុន្តែយ៉ាងណាមិញលោកអ្នកគួរពិគ្រោះជាមួយឱសថការីឬគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់ដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព។

៣.​ ផ្អាកការលេងកីឡា៖ ថ្វីត្បិតការលេងកីឡាជួយឲ្យលោកអ្នកមានសុខភាពពិតមែន​​ តែការលេងនេះនឹងធ្វើឲ្យសរសៃនៅក្នុងរាងកាយទាំងអស់មានចលនាខ្លាំងដែលធ្វើឲ្យបញ្ហានេះមិនអាចព្យាបាលបានល្អ។

៤. ពត់ក៖ លោកអ្នកដែលជួបប្រទះបញ្ហានេះ គួរសាកល្បងពត់កពីម្ខាងទៅម្ខាងដើម្បីសម្រួលសរសៃកឲ្យដំណើរការល្អឡើងវិញ។ ប៉ុន្តែជៀសវាងការពត់កខ្លាំងពេកដែលធ្វើឲ្យកន្ត្រាក់សរសៃដែលធ្វើឲ្យមានគ្រោះថ្នាក់ទៅវិញ។

Photo by: pixabay

 

៥.​ ម៉ាស្សាក៖ យកម្រាមដៃមកម៉ាស្សាឬឈ្លីថ្នមៗនៅកន្លែងមានបញ្ហាដើម្បីជួយសម្រួលឲ្យសរសៃកមានភាពប្រក្រតីវិញ។

៦. ជ្រើសរើសខ្នើយ៖​ លោកអ្នកគួរប្រើប្រាស់ខ្នើយណាដែលទន់ និងរាងទាបបន្តិចយកមកកើយដើម្បីការពារកុំឲ្យសរសៃទាញខ្លាំងពេកដែលនេះបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងឡើង។

ប្រភពៈ Healthline II https://www.healthline.com