
Dec 24, 2019
សារប្រយោជន៍ចំនួន ១០ ដែលបានពីការហាត់ យោគៈ (Yoga)
១. កាត់បន្ថយភាពតានតឹង
Photo by Radu Florin on Unsplash
ការសិក្សាជាច្រើនបានរកឃើញថា យោគៈមានសមត្ថភាពជួយឲ្យអ្នកបាត់តានតឹង និងមានអារម្មណ៍ស្រស់ថ្លា ព្រមទាំងជួយកាត់បន្ថយការបង្កើតអរម៉ូន ករទីស៉ូល ដែលជាអរម៉ូនស្រ្តេស។ យោគៈក៏ជួយបំបាត់ ការថប់បារម្ភ អស់កម្លាំង និងធ្លាក់ទឹកចិត្តផងដែរ។
២. កាត់បន្ថយការឈឺចាប់លើរាងកាយ
ការឈឺចាប់រ៉ាំរ៉ៃគឺជាបញ្ហាដែលជះឥទ្ធិពលដល់មនុស្សរាប់លាននាក់និងជាបុព្វហេតុនាំឲ្យកើតមានការរងរបួស ឬ ជំងឺរលាកសន្លាក់។ សម្រាប់អ្នកដែលទើបតែហាត់ សារប្រយោជន៍នេះមិនអាចមើលឃើញភ្លាមៗបាននោះទេ។ ជាធម្មតាចំពោះអ្នកដែលមានហាត់យូរមកហើយ គេតែងសង្កេតឃើញថា ការលេងយោគៈអាចបំបាត់ការឈឺចាប់នានានៅលើដងខ្លួន ដូចជាឈឺសន្លាក់ និង សាច់ដុំនានា។
៣. អាចកាត់បន្ថយការរលាក
ការរលាកអាចជាបញ្ហាធម្មតា ប៉ុន្តែការរលាករ៉ាំរ៉ៃអាចរួមចំណែកដល់ការវិវត្តនៃជំងឺរលាកដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ ការសិក្សាមួយចំនួនបានឲ្យដឹងថា យោគៈជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ ហើយអ្នកដែលហាត់យោគៈមិនងាយមានអាការរលាករុាំរ៉ៃ។
៤. ជួយដល់សុខភាពបេះដូងរបស់អ្នក
Photo by Alexandru Acea on Unsplash
ការសិក្សាបង្ហាញថាយូហ្គាអាចជួយលើកកម្ពស់សុខភាពបេះដូងនិងកាត់បន្ថយកត្តាហានិភ័យជាច្រើនដែលអាចនាំឲ្យមានជំងឺបេះដូង។ យោគៈជួយលើកកម្ពស់របៀបរស់នៅរបស់អ្នក ព្រមទាំងកាត់បន្ថយ Cholesterol នៅក្នុងឈាម និង ស្ត្រេស ដែលជាកត្តាចំបងវិវត្តទៅរកជំងឺបេះដូង។
៥. អាចជួយឲ្យដងខ្លួនអ្នកត្រង់
ការដែលអ្នកមានដងខ្លួនមិនត្រង់ អាចបណ្តាលឱ្យ ខ្នង ក សាច់ដុំផ្សេងៗលើរាងកាយ និងសន្លាក់មានបញ្ហា។ នៅពេលអង្គុយកោងខ្នង រាងកាយរបស់អ្នកនឹងរុញឆ្អឹងផ្នែកខាងក្នុងនៅត្រង់កនិងផ្នែកខាងក្រោមខ្នងរបស់អ្នក ដែលអាចបណ្តាលឱ្យអ្នកឈឺចាប់និងរលាកសន្លាក់ឆ្អឹងខ្នង។ ការហាត់យោគៈទៀងទាត់ជួយឲ្យអ្នកមានដងខ្លួនត្រង់ ហើយធ្វើឲ្យឆ្អឹងមានសុខភាពល្អ។
៦. អាចធ្វើឲ្យអ្នកគេងលក់បានស្កប់ស្កល់
Photo by bruce mars on Unsplash
បញ្ហាជាច្រើនដូចជា ភាពតានតឹង ការឡើងទម្ងន់ សម្ពាធឈាមឡើងខ្ពស់ ...អាចនាំឲ្យអ្នកមានបញ្ហាគេងមិនលក់។ ការសិក្សាមួយចំនួនបង្ហាញថា អ្នកដែលហាត់យោគៈភាគច្រើនឆាប់គេងលក់ គេងបានយូរ ស្កប់ស្កល់ ព្រមទាំងក្រោកមកមានអារម្មណ៍ស្រសស្រាយពេលព្រឹកផងដែរ។
៧. ជួយលើកកម្ពស់ការបរិភោគអាហារដែលធ្វើឲ្យមានសុខភាពល្អ
ជាធម្មតា អ្នកហាត់យោគៈត្រូវបានជំរុញឲ្យគិតឲ្យបានល្អិតល្អន់មុនពេលធ្វើអ្វីមួយ។ ជាក់ស្តែង នៅពេលបរិភោគអាហារ ពួកគេយកចិត្តទុកដាក់ទៅលើទាំង ក្លិន រសជាតិ និងរូបភាពអាហារ មុនពេលញាំ ហើយកត់សំគាល់ពីគំនិត អារម្មណ៍ ឬ បទពិសោធន៍ការញាំអាហារទាំងនោះ។
ការអនុវត្តនេះត្រូវបានបង្ហាញថាអាចជួយលើកកម្ពស់ទម្លាប់នៃការញ៉ាំដែលអាចឲ្យមានសុខភាពល្អ ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម បង្កើនការសម្រកទម្ងន់ និងធ្វើឲ្យទម្លាប់បរិភោគអាហាររបស់អ្នកកាន់តែប្រសើរឡើង។
៨. ជួយកាត់បន្ថយជំងឺឈឺក្បាលប្រកាំង
ជាទូទៅ ការឈឺក្បាលប្រកាំង ត្រូវបានព្យាបាលដោយថ្នាំដើម្បីបន្ថយការឈឺចាប់។ ការសិក្សាបង្ហាញថាយោគៈ អាចសម្រួលសរសៃប្រសាទ និងកាត់បន្ថយសម្ពាធក្នុងខួរក្បាល។ យោគៈគឺជាលំហាត់មួយជួយកាត់បន្ថយការឈឺក្បាលប្រកាំងញឹកញាប់។
៩. ជួយឲ្យអ្នកមានកម្លាំងមាំមួន
ក្រៅពីជួយឲ្យអ្នកមានដងខ្លួនត្រង់ហើយ យោគៈ ជាលំហាត់ប្រាណមួយដែលជួយឲ្យអ្នកមានកម្លាំងមាំមួនផង។ តាមពិតទៅ ក្បាច់មួយចំនួនរបស់យោគៈត្រូវបានបង្កើតឡើង ដើម្បីបង្កើនកម្លាំងនិងពង្រឹងសាច់ដុំ។ ក្រៅពីនេះ យោគៈជួយឲ្យអ្នកមានការបត់បែនល្អ មានលំនឹងដងខ្លួន និង ជួយឲ្យស្រកទម្ងន់ផងដែរ។
១០. ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់
Photo by Jared Rice on Unsplash
គោលបំណងចំបងរបស់យោគៈគឺជួយឲ្យអ្នកផ្តោតអារម្មណ៍ និងធ្វើចិត្តឲ្យស្ងប់។ វាជួយកាត់បន្ថយអារម្មណ៍ខឹងសម្បារ ភ័យខ្លាច បារម្ភ ការសោកស្តាយ ភាពតាមតឹងជាដើម។
ប្រភព៖
-
Yoga Journal: https://www.yogajournal.com/lifestyle/count-yoga-38-ways-yoga-keeps-fit
-
Healthline: https://www.healthline.com/nutrition/13-benefits-of-yoga#section14